ព្រះគម្ពីរ ជំរុញគ្រីស្តបរិស័ទ ឱ្យស្គាល់ ស្រឡាញ់ និងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់

សិក្ខាសាលាព្រះគម្ពីរជាមូលដ្ឋានសម្រាប់​ក្រុម​ «ពន្លកថ្មី» បានប្រព្រឹត្តទៅប្រកបដោយអំណរសប្បាយ នៅមណ្ឌលប្រកាសដំណឹងល្អសន្ត កាឡូស បូរ៉ូមេ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមជាង១០០នាក់មកពីព្រះសហគមន៍នានាក្នុងភូមិភាគបាត់ដំបងចូលរួម។ សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការព្រះគម្ពីរកម្ពុជា ភូមិភាគបាត់ដំបង ក្នុងគោលបំណងជំរុញឱ្យគ្រីស្តបរិស័ទស្គាល់ ស្រឡាញ់ និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃកាន់តែស៊ីជម្រៅ។

សិក្ខាសាលានេះត្រូវបានណែនាំដោយលោកបូជាចារ្យ សិលា ទម្លាប់ សុផល ជាអ្នកសម្របសម្រួលមណ្ឌលប្រកាសដំណឹងល្អសន្តកាឡូស បូរ៉ូមេ ព្រមទាំងគណៈកម្មការព្រះគម្ពីរចំនួន១២នាក់ ដែលបានចូលរួមបង្ហាត់បង្រៀន និងណែនាំសិក្ខាកាមក្នុងអំឡុងពេលសិក្ខាសាលា។

កញ្ញា ហុង វណ្ណី សមាជិកគណៈកម្មការព្រះគម្ពីរភូមិភាគបាត់ដំបង និងជាអ្នកចូលរួមក្នុងការណែនាំសិក្ខាកាម បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យអានព្រះគម្ពីរជាប្រចាំ ដើម្បីឱ្យព្រះបន្ទូលក្លាយជាអាហារសម្រាប់ជីវិតខាងវិញ្ញាណ ពង្រឹងបទពិសោធន៍នៃការទទួល និងរស់នៅតាមព្រះបន្ទូល ហាត់ស្មឹងស្មាធិ៍ និងចែករំលែកព្រះបន្ទូលជាមួយគ្នា ព្រមទាំងឈ្វេងយល់ និងពិចារណាអំពីជីវិតរបស់ខ្លួនតាមព្រះបន្ទូល។ គោលបំណងមួយទៀត គឺការបង្កើតក្រុមព្រះគម្ពីរ ដើម្បីឱ្យគ្រីស្តបរិស័ទបន្តអាន សិក្សា និងចែករំលែកព្រះបន្ទូល ព្រមទាំងផ្សព្វផ្សាយដំណឹងល្អទៅកាន់អ្នកដទៃ។ វណ្ណី បានបន្តថា សិក្ខាសាលានេះក៏បានផ្តល់ការបណ្តុះបណ្តាលអំពីអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាអរព្រះគុណ និងអគ្គសញ្ញាលើកលែងទោសផងដែរ។

ក្នុងឱកាសនេះ លោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលភូមិភាគបាត់ដំបង បានចូលរួមលើកទឹកចិត្តដល់សិក្ខាកាម ដោយរំលឹកអំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរ និងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ លោកអភិបាលបានណែនាំឱ្យសិក្ខាកាមយកចិត្តទុកដាក់ស្តាប់ការបង្រៀន និងការណែនាំពីលោកបូជាចារ្យ សុផល ព្រមទាំងអ្នកគ្រូ និងលោកគ្រូ ដោយសារការសិក្សាព្រះគម្ពីរមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតគ្រីស្តបរិស័ទ។

លោកអភិបាលបានមានប្រសាសន៍ថា៖ «សូមឱ្យកូនៗអានព្រះគម្ពីរជារៀងរាល់ថ្ងៃ និងកុំចំណាយពេលលេងទូរស័ព្ទច្រើនពេក ដែលអាចនាំឱ្យយើងវង្វេងក្នុងភាពងងឹត»។ លោកអភិបាលក៏បានរំលឹកបន្ថែមថា ជំនឿរបស់មនុស្សម្នាក់ៗ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន ដែលគ្មាននរណាម្នាក់អាចទទួលជំនឿជំនួសគ្នាបានឡើយ។ ដូច្នេះ ជំនឿមិនត្រឹមតែជាការទទួលស្គាល់ដោយពាក្យសម្ដីទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈការរស់នៅប្រចាំថ្ងៃ ការប្រព្រឹត្តអំពើល្អ និងការអនុវត្តសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

ចំពោះសិក្ខាកាម យុវនារី រ៉ាង កុសល មកពីព្រះសហគមន៍សន្តីម៉ារីម៉ាដាឡា ក្រុងប៉ោយប៉ែត បានចែករំលែកថា អ្វីដែលនាងចាប់អារម្មណ៍ជាពិសេស គឺការស្គាល់របៀបបើក និងថែរក្សាព្រះគម្ពីរឱ្យបានត្រឹមត្រូវ ព្រមទាំងការយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃអគ្គសញ្ញាជ្រមុជទឹក ដែលមិនត្រឹមតែជាការជម្រះខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការរួមជាមួយព្រះយេស៊ូ ដើម្បីទទួលជីវិតថ្មី។

កុសលបានបញ្ជាក់ថា ព្រះបន្ទូលដែលនាងចូលចិត្ត និងចងចាំជាងគេ គឺការអញ្ជើញឱ្យស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង។ ព្រះបន្ទូលនេះជួយរំលឹកនាងនៅពេលមានអារម្មណ៍ខឹង ឬមិនពេញចិត្តចំពោះអ្នកដទៃ ឱ្យចេះកែប្រែចិត្តគំនិត ស្រឡាញ់ និងលើកលែងទោស ដោយយកព្រះបន្ទូលជាមគ្គុទ្ទេសក៍ក្នុងការរស់នៅ។

ចំណែកយុវតី ថា ស្រីនុត ក៏បានចែករំលែកពីអំណរសប្បាយដែលនាងទទួលបានតាមរយៈការចូលរួមសិក្ខាសាលានេះ។ នាងបានសង្កត់ធ្ងន់ថា ការបង្រៀន និងការពន្យល់ពីលោកបូជាចារ្យ លោកគ្រូ និងអ្នកគ្រូ បានជួយឱ្យនាងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃព្រះគម្ពីរ និងមូលហេតុដែលគ្រីស្តបរិស័ទត្រូវអាន និងស្តាប់ព្រះបន្ទូលជាប្រចាំ។ តាមរយៈការសិក្សា នាងបានយល់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោក ហើយបានប្រទានព្រះបុត្រារបស់ព្រះអង្គ ដើម្បីសង្គ្រោះមនុស្សលោក។ សម្រាប់នាង ការអានព្រះគម្ពីរជួយឱ្យគ្រីស្តបរិស័ទចេះស្រឡាញ់ យកចិត្តទុកដាក់ និងចែករំលែកសេចក្តីស្រឡាញ់ និងអំណរសប្បាយទៅកាន់មនុស្សជុំវិញខ្លួន។

សិក្ខាសាលានេះក៏បានផ្តល់ឱកាសឱ្យសិក្ខាកាមស្តាប់ការបង្រៀន សួរសំណួរ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដែលជួយធ្វើឱ្យការសិក្សាព្រះគម្ពីរកាន់តែរស់រវើក និងជំរុញឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីជំនឿ។

សិក្ខាសាលាព្រះគម្ពីរជាមូលដ្ឋាន «ពន្លកថ្មី» មិនត្រឹមតែជាកម្មវិធីផ្តល់ចំណេះដឹងអំពីព្រះគម្ពីរ និងអគ្គសញ្ញានានាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់គ្រីស្តបរិស័ទក្នុងការរីកចម្រើនខាងជំនឿ ការអធិដ្ឋាន និងការរស់នៅតាមព្រះបន្ទូល។ តាមរយៈការសិក្សា និងការចែករំលែកនេះ សិក្ខាកាមត្រូវបានលើកទឹកចិត្តឱ្យបន្តអានព្រះគម្ពីរជាប្រចាំ យកព្រះបន្ទូលទៅអនុវត្តក្នុងជីវិត និងក្លាយជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ និងសង្គម៕

ដោយ​លី សុវណ្ណា

 

Daily Program

Livesteam thumbnail
khmer popup image