បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ លោកពូទីន ទទួលស្គាល់ថា ជាការ វាយ ប្រហាររបស់ក្រុមឥស្លាមជ្រុលនិយម តែចោទប្រកាន់អ៊ុយក្រែនជានិច្ច
លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់សម្រាប់ជាលើកទី១ កាលពីថ្ងៃទី២៥ ខែមីនា ថា ការវាយប្រហារភេរវកម្មនៅជិតទីក្រុងមូស្គូ ដែលត្រូវអះអាងកាលពី ៣ថ្ងៃ មុនថា ដោយសារក្រុម ជីហាត រដ្ឋអ៊ីស្លាម Isis គឺជាការប្រព្រឹត្តិដោយក្រុមឥស្លាមជ្រុលនិយម។ ហើយរឿងនេះត្រូវបានគេឮថា មានទំនាក់ទំនងជាមួយអ៊ុយក្រែន។
ទីក្រុងគៀវ និងលោកខាងលិច បានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ទំនាក់ទំនងរវាង អាជ្ញាធរអ៊ុយក្រែន និងអ្នកប្រព្រឹត្តិភេរវកម្មនេះ។ ហើយបើយោងតាមតុល្យការថ្មី ដែលប្រកាសកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ភេរវកម្មនេះបានធ្វើឲ្យមនុស្ស ១៣៩នាក់ស្លាប់ និង ១៨២នាក់ រងរបួស។
ជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងគៀវ ដែលបង្ហាញថា វាគឺជាជម្លោះដ៏មានសក្តានុពលសម្រាប់លោកពូទីន ការវាយប្រហារភេរវកម្មលើកនេះរំឭកអំពីទ្រឹស្តីនៃការពាក់ព័ន្ធរបស់អ៊ុយក្រែន។ លោកពូទីនបានបង្ហាញដូច្នេះកាលពីសប្តាហ៍មុន ដោយមិនផ្តោចអារម្មណ៍លើក្រុមជីហាតខ្លាំងនោះទេ។
នៅអំឡុងកិច្ចប្រជុំរដ្ឋាភិបាល លោកបានថ្លែងថា ៖ “យើងដឹងថា ឧក្រិដ្ឋកម្មនេះ ត្រូវបានធ្វើឡើងដោយក្រុមឥស្លាមជ្រុលនិយមដែលមានមនោគមន៍វិជ្ជា ដែលនៅក្នុងនោះពិភពឥស្លាមបានប្រយុទ្ធដើម្បីខ្លួនឯងតាំងពីច្រើនសតវត្សមកហើយ”។ លោកបានបន្ថែមថា ៖ ”អ្វីដែលធ្វើឲ្យយើងត្រូវចាប់អារម្មណ៍ គឺអ្នកនៅពីក្រោយ”។ លោកអំពាវនាវឲ្យមាន ការស៊ើបអង្កេតដែលមានវិជ្ជាជីវផងដែរ។ លោកបាននិយាយថា ៖ “ហេតុអ្វីបានជាភេរវករបន្ទាប់ពីបានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មហើយ បានព្យាយាមចាកចេញទៅអ៊ុយក្រែន? នរណារង់ចាំពួកគេនៅទីនោះ? អ្នកដែលគាំទ្ររបបទីក្រុងគៀវ មិនចង់ក្លាយជាអ្នកផ្សំគំនិតនៃការកាប់សម្លាប់ និងការគាំទ្រភេរវកម្ម ប៉ុន្តែសំនួរជាច្រើនត្រូវបានចោទឡើង”។ លោក បានបញ្ជាក់ថា ៖ “យើងសួរថា នរណាបានប្រយោជន៍ពីរឿងនេះ? ភាពឃោឃៅនេះអាចជាភាគថ្មីនៃការប៉ុងប៉ងជាបន្តបន្ទាប់របស់អ្នកដែលប្រយុទ្ធជាមួយប្រទេសយើងតាមរយៈរបបណាហ្ស៊ីទីក្រុងគៀវ ចាប់តាំងពីឆ្នាំ២០១៤”។ លោកថ្លែងថា ៖ “ក្រុមណាហ្ស៊ី គឺត្រូវបានស្គាល់ច្បាស់ ហើយគួរឲ្យមើលងាយដែលបានប្រើវិធីសាស្រ្តដែលកខ្វក់បំផុត និងអមនុស្សធម៌ដើម្បីឈានទៅដល់គោលដៅរបស់ពួកគេ”។ លោកបាននិទានរឿង ដោយនិយាយថា ការវាយប្រហារនៅអ៊ុយក្រែនគឺសំដៅផ្តួលរំលំរបបណាហ្ស៊ីសម័យថ្មី។”
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅក្នុងសេចក្តីថ្លែងសន្ទរកថា ប្រចាំថ្ងៃ បានប្រតិកម្មតបថា ៖ “លោកពូទីននិយាយតែខ្លួនឯងសាជាថ្មី។ គាត់គឺជាបុគ្គលឈឺ និងមិនចេះខ្មាស់អៀន។”
ជនសង្ស័យ ដែលមានយ៉ាងហោចណាស់ម្នាក់គឺជាជនជាតិ តាដជីគីស្ថាន នៅអាស៊ីកណ្តាល ត្រូវបានដាក់ក្នុងឃុំឃាំងជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី២២ ខែឧសភា។ គាត់អាចនឹងត្រូវកាត់ទោសជាប់គុកមួយជីវិត។
ជនសង្ស័យបីរូបទៀតត្រូវបានចាប់ដាក់ឃុំឃាំងដូចគ្នា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន រីយ៉ា ណូវ៉ូស្ទី បានឲ្យដឹងថា នោះគឺជាឪពុក និងកូនប្រុសពីរនាក់ ដែលមានម្នាក់កើតនៅប្រទេស តាដជីគីស្ថាន និងមានសញ្ជាតិរុស្ស៊ី។
អាជ្ញាធររុស្ស៊ីបានថ្លែងថា បានឃាត់ខ្លួនសរុប មនុស្ស ១១នាក់។
នៅអំឡុងកិច្ចប្រជុំរដ្ឋាភិបាលជាមួយប្រធានាធិបតីរុស្ស៊ី ប្រមុខក្រុមអ្នកស៊ើបអង្កេត លោកអាឡិចហ្សង់ បាស្ទ្រីគីន បានរៀបរាប់ថា អ្នករងរបួស ដែលមិនទាន់ដឹងច្បាស់អាចមានរហូតដល់ ១៨២នាក់។ បើតាមរូបលោកអាឡិចហ្សង់ បាស្ទ្រីគីន បានឲ្យដឹង យោងតាមធាតុដំបូងៗ នៃការស៊ើបអង្កេត មាន មនុស្ស ៤០នាក់ ត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើង និង ៤៥នាក់ទៀត បានស្លាប់នៅក្នុងភ្លើងឆេះ។ ការវាយប្រហារមានរយៈតែ ១៣នាទី។