នាយករដ្ឋមន្រ្តីច្រានចោលការផ្សាយរបស់ The Cambodia Daily ទាក់ទងនឹងការសូកប៉ាន់ពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានច្រានចោលនូវព័ត៌មានរបស់សារព័ត៌មានThe Cambodia Daily ដែលបានសរសេរអត្ថបទចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨។
សម្តេចធិបតី បានសរសេរលើបណ្តាញតេឡេក្រាមថា ៖ «វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយលោកគុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។
សម្តេចធិបតីថា ៖ «ខ្ញុំសូមបញ្ជាក់ថាក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ»។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់លោក គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធ មានឆន្ទៈ និងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចនឹងបន្តគោលការណ៍អនុញ្ញាតជូនលោក គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ហេតុដូច្នេះសូមវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំនិងក្រុមគ្រួសារ។ ជាពិសេសយកឈ្មោះមន្ត្រីដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន»។
សម្តេចបន្តថា បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឱ្យលោក គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រម៉ៃ។ ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់សម្តេចនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានលើកឡើងដែរថា បើចេះឲ្យគេកោត បើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថាមាន មន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកភរិយា សម្តេចធិបតី ហ៊ុន ម៉ាណែតដើម្បីបានពន្យារអាយុចូលនិវត្តន៍ ដល់ឆ្នាំ២០២៨។
សម្តេចតេជោ បន្តថា ៖ «មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥តែក្រោយមកតាមសំណើ ឯកឧត្តមអូន ពន្ធមុនីរត្ឋ័និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយនិងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨»។
សម្តេចថា ៖ «បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់»៕