នាយករដ្ឋមន្ត្រី រំលេចពីតួនាទីរបស់អាចារ្យ និងអាចារិនី ក្នុងការថែរក្សាប្រពៃណី និងតម្លៃខ្មែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលេចអំពីតួនាទីដ៏សំខាន់របស់អាចារ្យ និងអាចារិនី ក្នុងការថែរក្សាប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ពង្រឹងកតញ្ញូធម៌ និងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកូនចៅ និងយុវជន ព្រមទាំងលើកកម្ពស់តម្លៃសីលធម៌ និងគុណធម៌ក្នុងសង្គមកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី នៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្តេចធិបតី បានមានប្រសាសន៍ថា លោកអាចារ្យ និងអ្នកគ្រូអាចារិនី បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណី បេតិកភណ្ឌវប្បធម៌ និងជំនឿសាសនារបស់កម្ពុជា ព្រមទាំងដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់រវាងសហគមន៍មូលដ្ឋាន និងសង្គមកម្ពុជាទាំងមូល។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាចារ្យ និងអាចារិនី ឱ្យប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធឌីជីថលដោយទទួលខុសត្រូវ និងក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយបេសកកម្មរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវស្តង់ដាររួម ព្រមទាំងបង្ហាញនូវសីលធម៌ គុណធម៌ និងការទទួលខុសត្រូវក្នុងសង្គម។
សម្តេច បានអំពាវនាវឱ្យបន្តរួមចំណែកក្នុងការការពារ និងលើកស្ទួយព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ខ្មែរ ដើម្បីកសាងសង្គមមួយដែលមានសុខដុមរមនា និងភាពស្អិតរមួត។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីតួនាទីរបស់ពួកគាត់ ក្នុងការផ្តល់ការអប់រំណែនាំផ្នែកសីលធម៌ និងផ្លូវចិត្តដល់សហគមន៍ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងវត្តអារាម ព្រះពុទ្ធសាសនា និងសង្គមកម្ពុជា។
តាមរយៈតួនាទីទាំងនេះ អាចារ្យ និងអាចារិនី គឺជាសសរទ្រូងយ៉ាងសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌កម្ពុជា ការផ្ទេរតម្លៃប្រពៃណីពីជំនាន់មួយទៅជំនាន់មួយ និងការលើកកម្ពស់សុខដុមរមនាសង្គម និងសាមគ្គីភាពនៅកម្រិតសហគមន៍។
សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «សូមរៀបចំឱ្យមានស្តង់ដាររួមមួយ ហើយត្រូវប្រុងប្រយ័ត្នចំពោះបែបបទ និងវិធីសាស្ត្រមួយចំនួនដែលយកតាម YouTube»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា សហការគ្នារៀបចំបង្កើតស្តង់ដាររួមសម្រាប់អាចារ្យ និងអាចារិនី។
