នាយករដ្ឋមន្ត្រី៖ បើអាកាសធាតុក្ដៅខ្លាំងលើស ៤០ ដឺក្រេ សាលាមានសិទ្ធិផ្អាកការសិក្សាសិនបាន
សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងករណីអាកាសធាតុក្តៅខ្លាំងលើស៤០ដឺក្រេ ហើយសាលាមិនអំណោយផល គណៈគ្រប់គ្រងសាលាអាចមានសិទ្ធិក្នុងការផ្អាកការសិក្សាបាន។
សម្តេចធិបតី បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។
សម្តេចមានប្រសាសន៍ថា ៖ «បើថ្ងៃណាពាក់ព័ន្ធទៅនឹងសីតុណ្ហភាពឡើងលើស៤០ដឺក្រេ សុំឱ្យពិនិត្យមើល ទី១ម៉ោងពេលវេលារៀន អាចកែម៉ោងរៀន ទី២ ពាក់ព័ន្ធនឹងទឹកប្រើប្រាស់ និងហូប ហើយបើចាំបាច់ត្រូវប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងសាលាក្នុងការសម្រេចផ្អាកការសិក្សាថ្ងៃណាដែលសីតុណ្ហភាពឡើងលើស៤០ដឺក្រេ»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា លោកឃើញមាននៅតាមសាលាខ្លះ សិស្សត្រូវយកកនន្សែងត្រជាក់ជ្រលក់ទឹក យកមកដាក់លើក្បាលរាប់ម៉ោង គឺមិនល្អទេ។ ដូចនេះថ្ងៃណាក្តៅខ្លាំងគណៈគ្រប់គ្រងអាចឱ្យសិស្សផ្អាកការសិក្សាសិនបាន។
សម្តេចបញ្ជាក់ថា ៖ «មិនចំណេញទេមួយថ្ងៃនោះ ដែលត្រូវឱ្យកូនក្មេងតូចៗអង្គុយនៅកន្លែងដែលមិនអំណោយផល កន្លែងក្តៅខ្លាំងពេក ហើយជាពិសេសថ្ងៃដែលក្តៅខ្លាំង លើសពី៤០ដឺក្រេ»។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៣០ ខែមេសា ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស ដោយសារអាកាសធាតុក្តៅខ្លាំងលើសពី៤០អង្សារសេ ដែលការប្តូរម៉ោងសិក្សានេះ គឺធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា៕