នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាពង្រឹងជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) របស់និស្សិត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលរបស់កម្ពុជា ដោយជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាបញ្ជូលជំនាញបញ្ញាសិប្បនិម្មិត (AI) និងជំនាញឌីជីថលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីធានាថាធនធានមនុស្សរបស់ប្រទេសជាតិអាចឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការបរិវត្តកម្មឌីជីថលដែលកំពុងបន្តកើតមាន។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែតុលា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណ ២.០០០ នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីតម្រូវការក្នុងការបន្តពង្រឹងកម្មវិធីអប់រំ និងប្រព័ន្ធធានាគុណភាព ព្រមទាំងលើកកម្ពស់បំណិនគិតបែបស៊ីជម្រៅ (Critical Thinking) ជំនាញវិភាគ និងការដោះស្រាយបញ្ហា ព្រមទាំងសមត្ថភាពក្នុងការបត់បែនទៅតាមកាលៈទេសៈជាក់ស្តែងដែលកំពុងផ្លាស់ប្តូរ។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានអប់រំបញ្ចូលជំនាញ AI និងជំនាញឌីជីថលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ផ្អែកលើលទ្ធភាព និងភាពជាក់ស្តែង ដើម្បីឱ្យប្រព័ន្ធអប់រំរបស់កម្ពុជាអាចដើរទាន់ការវិវត្តនៃបច្ចេកវិទ្យា និងឌីជីថល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើលទ្ធផលនៃការសិក្សា ជំនាញអនុវត្តជាក់ស្តែង ផលិតភាព និងនិន្នាការការងារថ្មីៗនៅក្នុងទីផ្សារពលកម្មក្នុងស្រុក។

ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកំណត់តម្រូវការធនធានមនុស្សនៅតាមវិស័យផ្សេងៗ។

សម្តេចធិបតី មានប្រសាសន៍ថា គំរូ និងយន្តការនានាក៏គប្បីត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ការចូលរួមយ៉ាងសកម្ម និងកាន់តែរឹងមាំពីវិស័យឯកជន ក្នុងការកំណត់ និងចងក្រងព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការបែបនេះ នឹងជួយតម្រង់ទិសការអប់រំ និងការអភិវឌ្ឍជំនាញឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មជាក់ស្តែង ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលមានសមត្ថភាពទ្រទ្រង់ការលូតលាស់សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងយុគសម័យឌីជីថល។

 

Daily Program

Livesteam thumbnail
khmer popup image