មូលនិធិកាតូលិកហ្វីលីពីន ពង្រីកការកសាងលំនៅឋានសម្រាប់មនុស្សចាស់

គម្រោងកសាងលំនៅឋានសម្រាប់ជនចាស់ជរានៅប្រទេសហ្វីលីពីនមួយ ដែលបានចាប់ផ្ដើមឡើងលើផ្ទៃដីបរិច្ចាគទំហំ ១ ហិកតា កំពុងប្រែក្លាយទៅជាមណ្ឌលលំនៅឋានដ៏ធំមួយ សម្រាប់មនុស្សចាស់ដែលធ្លាប់គ្មានទីពឹង និងគ្មានកន្លែងស្នាក់នៅចុងក្រោយនៃឆាកជីវិតរបស់ពួកគេ។

រហូតមកដល់បច្ចុប្បន្ន មូលនិធិ Josefheim កំពុងអភិវឌ្ឍដីទំហំជិត ១០ ហិកតា នៅតំបន់ភីលីឡា (Pililla) ដែលជាទីប្រជុំជនមួយស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ឱ្យទៅជាគម្រោងលំនៅឋានសម្រាប់មនុស្សចាស់។ ក្រៅពីអគារស្នាក់នៅ គម្រោងនេះក៏មានផ្ទៃដីសម្រាប់ជនចាស់ជរាគ្មានទីពឹងអាចធ្វើកសិកម្ម ដាំដំណាំ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលរៀបចំឡើងដើម្បីជួយឱ្យមូលនិធិនេះមាននិរន្តរភាពដោយខ្លួនឯង។

លោកបូជាចារ្យ អូលដារីកូ ដារី ឌីអូគីណូ (Uldarico “Dari” Dioquino) អ្នកទទួលបន្ទុកព្រះសហគមន៍ក្នុងតំបន់ និងជាឥស្សរជនសំខាន់ម្នាក់នៅពីក្រោយមូលនិធិ Josefheim បានមានថេរដីកាថា ផ្ទៃដី ១០ ហិកតានេះត្រូវបានបែងចែកជាគម្រោងផ្សេងៗគ្នា ទៅតាមទម្រង់នៃការរៀបចំជាក់ស្ដែង។

លោកបូជាចារ្យបានបញ្ជាក់ទៀតថា គម្រោងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់មូលនិធិ ក្នុងការឈានទៅមុខលើសពីការផ្ដល់ត្រឹមតែជម្រក ពោលគឺឆ្ពោះទៅរកការកសាងបរិស្ថានមួយប្រកបដោយចីរភាព ដែលជួយឱ្យមនុស្សវ័យចំណាស់អាចរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ ខណៈដែលមូលនិធិជួយអភិវឌ្ឍប្រភពស្បៀង និងការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម។

ក្នុងចំណោមផ្ទៃដី ១០ ហិកតានោះ ប្រមាណ ៥ ភាគរយនឹងត្រូវប្រើប្រាស់សម្រាប់ការស្ថាបនាផ្លូវថ្នល់ និងប្រហែល ២៥ ភាគរយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនានា។ ចំណែកឯផ្ទៃដីភាគច្រើនដែលនៅសេសសល់ នឹងត្រូវបម្រុងទុកសម្រាប់តំបន់ធ្វើកសិកម្មចម្រុះ។

Daily Program

Livesteam thumbnail
khmer popup image