កម្ពុជាបន្តអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដី ដោយផ្អែកលើអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារទឹកដី និងបូរណភាពទឹកដីរបស់ខ្លួន ដោយផ្អែកលើសន្ធិសញ្ញារាំង-សៀម ឆ្នាំ១៩០៧ ដែលជាកិច្ចព្រមព្រៀងបំពេញបន្ថែមលើអនុសញ្ញារាំង-សៀម ឆ្នាំ១៩០៤។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណ ២.០០០ នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវសិទ្ធិស្របច្បាប់របស់ខ្លួន ក្រោមសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ព្រមទាំងការពារទឹកដីនៃប្រទេសជាតិ តាមរយៈច្បាប់អន្តរជាតិ និងការទូត។

សម្តេចធិបតី មានប្រសាសន៍ថា៖ «យើងមិនទាមទារដីណាមួយនៅក្រៅអនុសញ្ញារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញារាំង-សៀម ឆ្នាំ១៩០៧ នោះទេ។ យើងទាមទារតែដីដែលមានចែងក្នុងឯកសារសំខាន់ៗទាំងពីរនោះប៉ុណ្ណោះ ដើម្បីការពារភាពស្របច្បាប់របស់យើង»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសថៃអាចនឹងកំពុងកាន់កាប់តំបន់មួយចំនួននាពេលបច្ចុប្បន្ន ប៉ុន្តែសម្តេចបានចាត់ទុកវត្តមានបែបនេះថាជា «ការកាន់កាប់ខុសច្បាប់»។ សម្តេចបានបន្ថែមថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងប្រើប្រាស់យន្តការដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនចម្រុះ (JBC) និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន។

សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជាចង់បានដំណោះស្រាយរហ័ស ហើយមិនពេញចិត្តនឹងជម្លោះអូសបន្លាយពេលយូរនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានឹងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូត ជាជាងការប្រើប្រាស់កម្លាំងបាយ។

យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការប្រើប្រាស់កម្លាំងបាយ ឬការកាន់កាប់តាមផ្លូវយោធា ដោយខ្លួនឯង មិនអាចបង្កើតជាកម្មសិទ្ធិស្របច្បាប់អចិន្ត្រៃយ៍លើទឹកដីបានឡើយ ដរាបណាកម្ពុជាមិនទទួលស្គាល់ស្ថានភាពបែបនោះ។

សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា៖ «អំណាចនៃការដោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់កាំភ្លើង មិនអាចចាត់ទុកជាផ្លូវការ និងអចិន្ត្រៃយ៍បានឡើយ ដរាបណាយើងមិនទទួលស្គាល់វា»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តរក្សាសិទ្ធិស្របច្បាប់របស់ខ្លួន ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងបន្តធ្វើការទូតក្នុងការស្វែងរកដំណោះស្រាយសមស្រប និងដោយសន្តិវិធី។

សម្តេចធិបតី ក៏បានព្រមានផងដែរថា ប្រសិនបើគ្មានការយោគយល់ និងការព្រមព្រៀងគ្នាទៅវិញទៅមកទេ ជម្លោះអាចនឹងបន្តកើតមានដោយគ្មានទីបញ្ចប់ ដោយសម្តេចបានគូសបញ្ជាក់អំពីសារសំខាន់នៃច្បាប់អន្តរជាតិ ការចរចាការទូត និងយន្តការនានា ដូចជា JBC និង MoU ក្នុងការសម្រេចបាននូវដំណោះស្រាយយូរអង្វែង។

 

Daily Program

Livesteam thumbnail
khmer popup image