ទើបតែជាប់ឆ្នោត លោកដូណាល់ ត្រាំ បង្កើនកិច្ចសន្ទនាអំពីអ៊ុយក្រែន

ចាប់តាំងពីជ័យជម្នះរបស់លោកនៅការបោះឆ្នោតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បង្កើនការអំពាវនាវពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ កាសែត វ៉ាស៊ីនតុន ប៉ុស្ត Washington Post ក៏បានរាយការណ៍អំពី​ការផ្លាស់ប្តូរកិច្ចសន្ទនារវាងលោកដូណាល់ត្រាំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត។

យោងតាមប្រភពអនាមិក​ដែលលើកឡើងដោយកាសែតប្រចាំថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីសាធារណរដ្ឋ បានសុំឲ្យមេដឹកនាំរុស្ស៊ីកុំឲ្យបង្កើនឡើងនូវភាពតានតឹង។ អ្នក​នាំពាក្យនៃក្រុមផ្ទេរអំណាចប្រធានាធិបតីដែលជាប់ឆ្នោត បានថ្លែងក្នុងសេចក្តី ប្រកាស​មួយ ដោយមិនធ្វើអធិប្បាយនូវការហៅទូរសព្ទឯកជននានារវាងប្រធានាធិបតីត្រាំ និង​មេដឹកនាំ​ដទៃៗ ទៀតនោះទេ។

ចំណែកវិមានក្រឹមឡាំង ធ្លាប់បានវាយតម្លៃកាលពីមុនថា ប្រធានាធិបតីសាធារណរដ្ឋ បាន​បញ្ជូន​សញ្ញាវិជ្ជមាន​កាលពីយុទ្ធនាការបោះឆ្នោត ពាក់ព័ន្ធនឹងជម្លោះ ពីព្រោះលោកបានលើក​ឡើង​អំពីលទ្ធភាព​នៃសន្តិភាព និងមិនបានបង្ហាញនូវឆន្ទៈក្នុងការកសាងកំហុសសម្រាប់ឲ្យ​រុស្ស៊ី​​ ដែលអាច​នឹងបរាជ័យជា​យុទ្ធសាស្រ្ត។

យោងតាមកាសែត វ៉ាស៊ីនតុន ប៉ុស្ត លោកដូណាល់ ត្រាំ និងលោកវ្លាឌីមៀ ពូទីន បានពិភាក្សា​អំពី​គោលដៅនៃសន្តិភាពនៅទ្វីបអឺរ៉ុប ហើយលោកដូណាល់ ត្រាំ បាននិយាយសង្ឃឹមថា អាច​មានកិច្ចសន្ទនាបន្តទៀត ដើម្បីពិភាក្សាអំពីដំណោះស្រាយនៃសង្រ្គាម​នៅអ៊ុយក្រែន​ឆាប់ៗ។

នេះគឺជាកិច្ចសន្ទនាលើកទី១តាមទូរសព្ទ រវាងបុគ្គលទាំងពីរ ចាប់តាំងពីមហាសេដ្ឋីពាន់លាន បាន​​ឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃអង្គារមុន។ លោកដូណាល់ ត្រាំ ក៏​បាន​​ហៅទូរសព្ទផងដែរទៅកាន់លោកវ្លាឌីមៀ ពូទីន ប្រាប់អំពីវត្តមានដ៏សម្បើមនៃ​យោធា​​អាម៉េរិក​ប្រចាំ​​នៅទ្វីបអឺរ៉ុបផងដែរ។

ដោយរិះគន់យ៉ាងខ្លាំងលើលុយ រាប់ពាន់លានដុល្លារ​ដែលផ្តល់ឲ្យអ៊ុយក្រែន លោកដូណាល់ ត្រាំ ក៏បានសន្ទនាជាមួយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ។ នេះគឺជាការផ្លាស់ប្តូរកិច្ច​សន្ទនា​ ដែល​មាន​ការចូលរួមពីលោកអេឡុន មូស្ក៍ ដែលជាមហាសេដ្ឋីពាន់លានម្នាក់ទៀត។​ប្រធានាធិបតី​អ៊ុយក្រែនធ្លាប់បានវាយតម្លៃអំពីការសន្ទនាតាមទូរសព្ទថា ល្អប្រសើរខ្លាំង និង​ព្រមព្រៀង​រក្សាកិច្ចសន្ទនាជិតស្និទ្ធជាមួយលោកដូណាល់ ត្រាំ។ ប៉ុន្តែយោងតាមប្រភពពីមន្រ្តី​ជាន់​ខ្ពស់អ៊ុយក្រែន បានឲ្យដឹងថា មេដឹកនាំទាំងពីរ មិនបានពិភាក្សាអ្វីពិតប្រាកដ ដែល​ចាំ​បាច់​នោះទេ វាគឺគ្រាន់ជាការសន្ទនាដើម្បីស្វាគមន៍គ្នា។

ចំណែកសំនុំរឿងនយោបាយការបរទេសនឹងក្លាយជារបៀបវារនៃជំនួបរវាងលោកចូ បាយឌិន និង​លោក​ដូណាល់ ត្រាំ ដែលគ្រោងធ្វើនៅការិយាល័យពងក្រពើ សម្រាប់ដំណើរការនៃការ​ផ្ទេរ​​អំណាច។

ទីប្រឹក្សាសម្រាប់សន្តិសុខជាតិ លោកជែក ស៊ូលីវ៉ាន បានឲ្យដឹងថា សហរដ្ឋអាម៉េរក នឹង​ចំណាយ ៦ពាន់លាន ដុល្លារ នៅសល់ ដោយបត្រូវញ្ចូនឲ្យអ៊ុយក្រែន មុន​នឹងការមកដល់ការ​កាន់​អំណាចរបស់លោកដូណាល់ ត្រាំ។ លោកក៏បានព្រមានអំពីហានិភ័យ​ពាក់ព័ន្ធនឹង​ការ​ឈប់​គាំទ្ររបស់អាម៉េរិកចំពោះទីក្រុងគៀវ។

លោកដូណាល់​ត្រាំ ដែលនឹងមកកាន់អំណាចនៅសេតវិមានម្តងនៅថ្ងៃ២០ ខែមករា ក៏បានអះ​អាងជាទៀងទាត់អំពីការអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នៅថ្ងៃណាមួយ ដោយមិនដែល​លំអិត​ថា លោកបញ្ចប់ដោយដូចម្តេច។ ប៉ុន្តែរឿងនេះ ប្រហែលជាតាមរយៈកិច្ចព្រមព្រៀង​មួយ​ដែល​ទាមទារថា ទីក្រុងគៀវត្រូវប្រគល់​ឲ្យ​ទីក្រុងមូស្គូនូវមួយផ្នែកនៃដែនដីរបស់ខ្លួន ដែល​នេះ​គឺជាការធ្វើសម្បទានដែលប្រទេស​អ៊ុយក្រែន​​មិនអាចតាំងចិត្តធ្វើ។

 

Daily Program

Livesteam thumbnail