ទីក្រុងគៀវ និងខាឃីវ ជាថ្មី គឺជាគោលដៅវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី
កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបានវាយប្រហារមីស៊ីលជាច្រើនលើទីក្រុងគៀវ ដែលបង្កជាការ ដាច់ចរន្តអគ្គីសនី នៅក្នុងតំបន់ជាច្រើននៃទីក្រុង។ នៅថ្ងៃចន្ទ លោកវ្លាឌីមៀ ពូទីន ក៏បាន សន្យានឹងសងសឹកចំពោះការស្លាប់របស់ជនស៊ីវិលរុស្ស៊ីជាច្រើននៅអំឡុងការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងរុស្ស៊ីបេលហ្គារ៉ូដ។
យោងតាមយោធាអ៊ុយក្រែន ដែលបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ៧២គ្រាប់ បានឲ្យដឹងថា កាលពីថ្ងៃអង្គារទី២ ខែមករា ការវាយប្រហារជាបន្តបន្ទាប់តាមផ្លូវអាកាសលើអ៊ុយក្រែន ជាការវាយប្រហារមីស៊ីលប្រឆាំងនឹងទីក្រុងគៀវ ជាមួយនឹងការផ្ទុះដ៏មានកម្លាំងខ្លាំង ផ្ទុះឡើង និងព្រមទាំងមានការវាយប្រហារទីក្រុងខាឃីវ។ ជាសរុប មីស៊ីលចំនួន៩៩គ្រាប់ បាញ់សំដៅមកកាន់អ៊ុយក្រែន។ យោងតាមអាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៥នាក់ បានស្លាប់ និងមនុស្សជាង ១០០នាក់បានរងរបួស។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានរៀបរាប់ថា ៖ “រុស្ស៊ីបានបង្ហាញភាពអមនុស្សសាជាថ្មី”។
នៅទីក្រុងគៀវ អគារនៃសង្កាត់ សូឡូមីញ៉ងស្គី ជិតមណ្ឌលកណ្តាល បានរងការប៉ះពាល់ ហើយបង្អួចជាច្រើនត្រូវបានបំផ្លាញ។ អ្នកពន្លត់អគ្គីភ័យ និងសន្តិសុខ ប្រញាប់ធ្វើការ ហើយឃើញមានផ្សែងហ៊ុយចេញពីអគារជាច្រើន។
លោកវីតាលី គ្លីតឆកូ ចៅហ្វាយក្រុងគៀវ បានថ្លែងថា មនុស្សពីរនាក់បានស្លាប់ និង ៤៩នាក់ទៀត បានរងរបួស។
ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយអំពីការទម្លាក់គ្រាប់បែកដ៏ច្រើនសម្បើមរបស់រុស្ស៊ី និងបញ្ជាក់ថា អគារលំនៅដ្ឋាន ឃ្លាំងទំនិញ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវរងការខូចខាត។
នៅក្នុងសង្កាត់ ប៉ូឌីល នៃរដ្ឋធានីអ៊ុយក្រែន អគ្គីភ័យនៅឆេះនៅឡើងនៅកន្លែងពីរ។ យោងតាមប្រភពរបស់អ៊ុយក្រែនបានឲ្យដឹងដែរថា ជនស៊ីវិលពីរនាក់បានស្លាប់ និង ១៦នាក់ទៀត បានរងរបួស ក្នុងមានក្មេងម្នាក់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់គៀវ។
រដ្ឋមន្រ្តីក្រសួងថាមពលអ៊ុយក្រែន បានឲ្យដឹងថា ប្រជាជនច្រើនជាង ៨៦០០០នាក់ នៃទីក្រុងគៀវ និងនៅតំបន់ជុំវិញ ស្ថិតនៅដោយគ្មានអគ្គីសនីប្រើប្រាស់ បន្ទាប់ពីការទម្លាក់គ្រាប់បែក។
យោងតាមប្រមុខយោធាតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់ មានការវាយប្រហារចំនួន ៤ដង បានប៉ះពាល់ទីក្រុង ខាឃៀវ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងបានសម្លាប់យ៉ាងហោចណាស់មនុស្សម្នាក់។ មនុស្ស ៤៧នាក់ទៀត បានរងរបួស។ ប្រភពដដែលបានឲ្យដឹងថា អគារស្នាក់នៅដែលមានច្រើនជាន់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏រងការខូចខាត។
ចំណែកក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា រុស្ស៊ីបានបំផ្លាញគ្រប់គោលដៅដែលបានកំណត់។ ដូចតាមទម្លាប់ ទីក្រុងមូស្គូ បានអះអាងអំពីការដាក់គោលដៅវាយប្រហារដែលស្របច្បាប់ ដូចជា សហគ្រាស់អ៊ុយក្រែនដែលផលិតមីស៊ីល ដ្រូន កន្លែងជួសជុលអាវុធ និងសម្ភារៈយោធា មជ្ឈមណ្ឌលផ្ទុកមីស៊ីល គ្រាប់រំសេវ និងសព្វាវុធផ្លូវអាកាសដែលប្រទេសលោកខាងលិចផ្គត់ផ្គង់ដល់របបទីក្រុងគៀវ។
ជាការសងសឹកចំពោះការវាយប្រហារទាំងនេះ យោធាអ៊ុយក្រែនបានបាញ់មីស៊ីលលើតំបន់ព្រំដែនរុស្ស៊ីនៅទីក្រុងបែលហ្គារ៉ូដ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា បានបាញ់ទម្លាក់មីស៊ីលរបស់អ៊ុយក្រែនចំនួន ១៧គ្រាប់។
នៅក្នុងសេចក្តីប្រកាសមួយ ប្រមុខការទូតអ៊ុយក្រែន លោកឌីមីត្រូ គូឡឺបា បានអំពាវនាវទៅកាន់លោកខាងលិចឲ្យប្រតិកម្មក្នុងរបៀបដាច់ខាត ចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។