ទទួលរងការគំរាមដកតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុកយូល ចង់​ប្រយុទ្ធ រហូតដល់នាទីចុងក្រោយ

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ នៅអំឡុងសេចក្តីថ្លែងសន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុកយូល បានសន្យានឹងប្រយុទ្ធរហូតដល់នាទីចុង​ក្រោយ។ គណបក្សប្រឆាំងត្រូវលោកចោទប្រកាន់ ដែលមានតំណាងរាស្រ្តគ្រោងនឹងបោះ​ឆ្នោត​នៅថ្ងៃសៅរ៍ ដើម្បីដកតំណែងលោក ថាអាចនឹងបង្កជាវិបត្តិឲ្យជាតិ។

ការផ្លាស់ប្តូរភ្លាមៗ នៃស្ថានភាពនៅកូរ៉េខាងត្បូង ប្រធានាធិបតីលោកយូន ស៊ុកយូល មាន​ហានិភ័យ​រងការដកតំណែងបន្ទាប់ពីការប៉ុងប៉ង់របស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក កាល​ពី​សប្តាហ៍មុន។ លោកយូន ស៊ុកយូល បានបញ្ជាក់កាលពីថ្ងៃទី១១ ខែធ្នូ ថា លោក​នឹង​ប្រយុទ្ធ​រហូត​ដល់នាទីចុងក្រោយ និងចោទប្រកាន់បក្សប្រឆាំងក្នុងការបង្កើតវិបត្តិឲ្យជាតិ។

លោកយូន ស៊ុកយូល បានបន្ទោសថា  សភាដែល​ត្រូវ​បានគ្រប់គ្រងដោយគណបក្សប្រឆាំង គ្រោងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ ដើម្បីដក​លោក​ចេញ​ពីតួនាទី។ សភាបានក្លាយជាបិសាច​ដែល​បំផ្លាញសណ្តាប់ធ្នាប់ធម្មនុញ្ញនៃ​ប្រជាធិបតេយ្យ​​សេរី។ មេដឹកនាំកូរ៉េខាងត្បូង​ធ្វើការ​សង្កត់​ធ្ងន់ថា លោកនឹងប្រយុទ្ធជាមួយ​ប្រជាជន​រហូត​ដល់នាទី​ចុង​ក្រោយ។

ដោយលើកឡើងមានជាអាទិ៍ការលំបាកនឹងធ្វើឲ្យមានការបោះឆ្នោតអនុម័តថវិកា លោកបាន​ធ្វើ​​ឲ្យ​ប្រទេស​ប៉ះទង្គិចដោយការដាក់ច្បាប់អាជ្ញាសឹក ដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុង​រាត្រីពីថ្ងៃ​ទី​៣ ដល់​​ថ្ងៃទី៤ ខែធ្នូ មុននឹងតម្រូវឲ្យដកវិញនៅពេល ៦ម៉ោងក្រោយមក នៅក្រោម​សំពាធ​របស់​​សភា និងប្រជាជនដែលចុះតាមដងផ្លូវ។

បន្តិចក្រោយមក លោកយូន ស៊ុកយូល បានរួចខ្លួនពីការដោះឆ្នោតសម្តែង​ការមិនទុកចិត្ត​ដោយ​សភាជាតិ ដោយការសង្រ្គោះពីគណ​បក្សរបស់លោក។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បាន​កំណត់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ សម្រាប់ការបោះឆ្នោតដកតំណែងជាលើកទី២។

ប្រសិនបើសមាជិក ៨រូប មកពីគណបក្សអំណាចប្រជាជន (PPP) របស់លោកយូន ស៊ុកយូល គាំទ្រការបោះឆ្នោតថ្មីនេះដែរ ច្បាប់ដកលោកប្រធានាធិបតីនឹងត្រូវអនុម័ត។ សម្រាប់ការ​ប៉ុន​ប៉ុង​​ជាលើកទី១ នៅថ្ងៃទី៧ ខែធ្នូ មានតែសមាជិកពីររូបនៃគណបក្សលោក​​ដែលបោះឆ្នោត​គាំទ្រ​​ឲ្យដក។ តាំងពីថ្ងៃអង្គារ សមាជិក ៣រូបទៀត នៃគណបក្សរបស់លោក​បានប្រកាសថា ពួក​​គេ​នឹង​គាំទ្រឲ្យដករូបលោកពីប្រធានាធិបតី។

ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា លោកសូមទោសជាថ្មីចំពោះប្រជាជន​ដែលត្រូវមាន​ការ​ភ្ញាក់ផ្អើល និងព្រួយបារម្ភក្នុងហេតុផលនៃច្បាប់អាជ្ញាសឹក (…) លោកអង្វរឲ្យជឿលើភាព​ស្មោះត្រង់ដ៏កក់ក្តៅរបស់លោកសម្រាប់ប្រជាជនកូរ៉េខាងត្បូង។ លោកបានអះអាងថា លោក​មិន​​គេច​ពីទំនួលខុសត្រូវរបស់លោកខាងផ្លូវច្បាប់ និងផ្លូវនយោបាយ ដែលពាក់ព័ន្ធនឹង​ការ​ប្រកាស​​អំពី​ច្បាប់អាជ្ញាសឹកនោះទេ។

ដោយត្រូវដាក់ជាគោលដៅក្នុងការស៊ើបអង្កេតពីបទ បះបោរ លោកយូន ស៊ុកយូល អាយុ ៦៣ឆ្នាំ ត្រូវ​បានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ក៏ដូចជា រដ្ឋមន្រ្តីក្រសួង​ការពារជាតិ រដ្ឋម​ន្រ្តី​ក្រសួងមហាផ្ទៃ និងមេបញ្ជាការនៃច្បាប់អាជ្ញាសឹកមួយរយៈពេលខ្លី។ មន្រ្តីប៉ូលីស​ជាន់​ខ្ពស់ពីររូបទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

សំពាធរបស់ប្រជាជននៅតែខ្លាំង បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំកាលពីថ្ងៃពុធ​នៅពីមុខ​សភា និងច្រៀងចម្រៀងខេប៉ុប ដោយគ្រវីដំបងបំភ្លឺមានពណ៌ និងកាន់ផ្លាកដែលទាមទារឲ្យ​រំលាយ​​គណបក្ស PPP ដែលគាំទ្រដល់ការបះបោរ។

កាលពីថ្ងៃអង្គារ ក្រុមការងាររបស់ PPP បានស្នើអំពីផែនទីបង្ហាញផ្លូវ​អំពីការដកថយ​របស់​ប្រធានាធិបតី។ ក្រុមការងារសន្យាអំពីការលាលែងរបស់លោកយូន ស៊ុកយូល នៅខែកុម្ភៈ ឬ​ខែមីនា ជាមួយនឹង​ការបោះឆ្នោតប្រធានាធិបតីថ្មីនៅខែមេសា ឬឧសភា។ ផែនការនេះមិន​ទាន់​ត្រូវ​​បានទទួលការយល់ព្រមពីគណបក្ស PPP ទាំងមូលទេ។

 

Daily Program

Livesteam thumbnail