ថ្នាក់ដឹកនាំក្រសួងចំនួន៣ សិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ រដ្ឋមន្រ្តីនៃក្រសួងចំនួន៣បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នាសាលប្រជុំទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋមន្រ្តីនៃក្រសួងទាំង៣នោះរួមមាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់តំណាងក្រសួងនីមួយៗ ពីសក្តានុពល តួនាទីនិងភារកិច្ច សមិទ្ធផលនានា ផែនការអនុវត្តន៍ បញ្ហាប្រឈម និងការងារពាក់ព័ន្ធដែលតម្រូវឱ្យមានកិច្ចសហការរវាងក្រសួងទាំងបី។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះមានគោលបំណងបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការសិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។ ព្រមទាំងពិភាក្សាពីដែនសមត្ថកិច្ច បញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះ ឬយឺតយ៉ាវដល់ការអនុវត្តការងារ ការពង្រឹង និងពង្រីកកិច្ចសហការរវាងក្រសួងទាំងបីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្ស៊ីគ្នានៃការរៀបចំផែនការ និងការរៀបចំផែនការមេរួមគ្នា ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕