ថ្នាក់ដឹកនាំព្រះសហគមន៍បង់ក្លាដែសជំរុញឱ្យព្រះសហគមន៍ពង្រឹងកិច្ចសន្ទនាអន្តរសាសនា

លោកអគ្គអភិបាល ប៊ីចូយ នីសផូរូ ឌគ្រូស (Bejoy Nicephorus D'Cruze) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងដាកា និងជាប្រធានសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកបង់ក្លាដែស បានអំពាវនាវដល់ព្រះសហគមន៍កាតូលិកនៅអាស៊ី ឱ្យពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការសន្ទនាអន្តរសាសនា។

នៅក្នុងសារជាវីដេអូដែលលោកអគ្គអភិបាលបានផ្ញើមកកាន់វិទ្យុ Veritas Asia នៅពេលដែលចូលរួមកិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅថ្ងៃទី ២០ ខែកក្កដា លោកអគ្គអភិបាលមានប្រសាសន៍ថា អ្នកដែលមានជំនឿផ្សេងក្រៅពីកាតូលិក គួរតែត្រូវបានចាត់ទុកជាអ្នកជិតខាងយើង។

លោកអគ្គអភិបាលបានលើកឡើងថា យើងទាំងអស់គ្នាគួរតែរួបរួមគ្នា ហើយក៏គួរតែស្តាប់អ្នកដ៏ទៃ ព្រមទាំងគួរធ្វើការជាមួយគ្នាដើម្បីកសាងស្ពាននៃសុខដុមរមនាសម្រាប់យើងទាំងអស់គ្នា។

លោកអគ្គអភិបាលបានលើកឡើងថា សម្រាប់ប្រទេសបង់ក្លាដែស ដែលជាកន្លែងប្រជាជនមូស្លីមមានប្រហែល ៩០ ភាគរយនៃចំនួនប្រជាជន ហើយគ្រីស្តបរិស័ទមានចំនួនតិចជាងមួយភាគរយ ការអំពាវនាវឱ្យក្លាយជាអ្នកសាងសង់ស្ពានមិនមែនគ្រាន់តែជាចក្ខុវិស័យខាងសាសនាទេ ប៉ុន្តែជាការពិតប្រចាំថ្ងៃដែលគ្រីស្តបរិស័ទគួរតែរិះគិត។

លោកបានលើកឡើងថា នៅក្នុងបរិបទនៃប្រទេសបង់ក្លាដែស ការសន្ទនា និងការគោរពចំពោះសាសនាដទៃទៀតគឺចាំបាច់ដើម្បីបង្កើតការយល់ដឹង មិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពសុខដុមរមនានៅក្នុងការរស់នៅជាមួយគ្នា។

Daily Program

Livesteam thumbnail