តំណាងកម្ពុជា គូសបញ្ជាក់ពីអាទិភាព យុទ្ធសាស្ត្រ សម្រាប់តម្លៃសេដ្ឋកិច្ចជាតិ
តំណាងកម្ពុជា បានគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រ៥ចំណុច សម្រាប់តម្លៃសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងអន្តរកាលថាមពល ប្រកបដោយតុល្យភាព ។
ថ្លែងក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី ធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះ ទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍ ។
តំណាងអចិន្ត្រៃយ៍រង ក៏បានលើកឡើង នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពល នៃធនធានរ៉ែសំខាន់ឱ្យក្លាយជាតម្លៃសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពដែលរួមមាន ៖ ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ , ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់ , ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន , ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។
នាឱកាសនោះ លោកសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ ។
តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ច ដែលកំពុងលូតលាស់ អាចសម្រេចបានលើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាល ថាមពលប្រកបដោយតុល្យភាព៕