តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទចំនួន​ ៤ នាក់ ពាក់ព័ន្ធនឹងការចោទរដ្ឋាភិបាលកាត់ដី៤ខេត្ត​ឱ្យវៀតណាមវ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ជនត្រូវចោទចំនួន ៤នាក់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅ ប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។​

ជនត្រូវចោទចំនួន ៤នាក់នោះរួមមាន ៖ លោក ស៊ិន ស៊្រុន, អ្នកស្រី ភឹង សោភា, លោក ចក់ បានមុន្នី និងលោកសាន សិទ្ឋ។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន នាយប់ថ្ងៃទី​២៤ ខែកក្កដា ស្តីពីចំណាត់ការលើសំណុំរឿងញុះញ​ង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹង អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទចំនួន ៤នាក់ខាងលើនេះ។ ​

អ្នកនាំពាក្យបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ជនត្រូវចោទទាំង៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក Srun Sror ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង «គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA)»។

ពួកគេបានធ្វើការអត្ថាធិប្បាយដែលមានចរិក លក្ខណះមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ដូចបានបញ្ជាក់ជូនខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ចំពោះ សកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។​​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី​២៤ ខែកក្កដាថា សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន​ទៅកាន់ពន្ធនាគាររួចហើយ ដោយអនុវត្តតាមដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន​នៃសាលាដំបូងរាជធានីភ្នំពេញ។​​

លោកបាន​បញ្ជាក់ថា ៖ «ការចាប់ខ្លួននេះគឺធ្វើត្រឹមត្រូវទៅតាមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់របស់កម្ពុជា ពោលគឺជាចរិក និង​បទល្មើសជាក់ស្តែង ហើយក្នុង​នោះក៏មានការដឹកនាំចង្អុលបង្ហាញនីតិវិធីពីសំណាក់តុលាការខេត្តសៀមរាបផងដែរ»។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទីនៅថ្ងៃទី២៣ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស​៤នាក់ ពាក់ព័ន្ធករណី​ញុះញង់ឱ្យមានការរើសអើង និងករណីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលបាន​ចោទ​រាជរដ្ឋាភិបាលកម្ពុជាថា​បានកាត់ខេត្តចំនួន៤ ឱ្យទៅប្រទេសវៀតណាម។​

ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។​ ជនសង្ស័យដែល​បានឃាត់ខ្លួននេះ មិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយទេ ដោយគ្រាន់តែដឹង​ម្នាក់ក្នុងចំណោម៤នាក់នោះ គឺមានបុរសម្នាក់ដែលមានរហ័សនាមថា «​លោក​គ្រូ២៣តុលាកិច្ចព្រមព្រៀងប៉ារីស» ដែលតែងតែធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមនិយាយពី​សង្គម នយោបាយ និងបញ្ហានានារបស់ប្រទេសកម្ពុជា។

កាលពី​រសៀលថ្ងៃទី​២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានប្រកាស ចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះអ្នកចោទប្រកាន់ថា រាជរដ្ឋាភិបាលរបស់កូនលោក រួមទាំងរូបលោកផង ក្បត់ជាតិ ដោយបានកាត់ទឹកដី ៤ខេត្តឱ្យទៅវៀតណាម។

ខេត្តទាំង៤នោះរួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែល​ខេត្តទាំង ៤នេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍត្រីកោណ រវាងតំបន់ជាប់ព្រំដែន ៣ប្រទេស គឺកម្ពុជា ឡាវ និងវៀតណាម។​​

​សម្តេច​បានលើកឡើងដូចនេះ ក្នុងឱកាស​ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម)។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។

​សម្តេចតេជោបានថ្លែងទៀតថា ៖ «តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយខ្ញុំ​។ ដំបូងគឺខ្ញុំ​ស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលខ្ញុំ​ស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ»។

គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។

បើតាមសម្តេចតេជោ​ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។

តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម»​។

សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។ ខេត្តទាំង៤របស់កម្ពុជានៅភាគឦសា​ន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ»។

ប្រធានព្រឹទ្ធសភារូបនេះ ក៏​បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖ ១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។ ៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។ ៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ និង៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕

 

Daily Program

Livesteam thumbnail