តុលាការខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈកុមារីអាយុ១៥ឆ្នាំ
សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់បន្ថែមទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តលើក្មេងស្រីអាយុ១៥ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួន ជនត្រូវចោទចំនួន ៣ នាក់ បន្ថែមទៀត មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹង សំណុំរឿង «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស»។
អ្នកនាំពាក្យបានបញ្ជាក់ឱ្យដឹងថា៖ «ក្រោយពីបានសួរចម្លើយជនត្រូវចោទទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ននិងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាបដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។
សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធ នៅក្នុងសំណុំរឿងខាងលើ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នបានចំនួន ៨នាក់រួចហើយ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា៖ «សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័សនិងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមានដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់»។
ក្មេងស្រីរងគ្រោះក្នុងករណីនេះត្រូវបានអង្គការ Afesip Cambodiaនាំយកមកស្នាក់នៅក្នុងអង្គការផងដែរ៕