តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បញ្ជាឱ្យអ៊ីស្រាអែលបើកច្រកទ្វារតំបន់ហ្គាហ្សា
សម្ពាធអន្តរជាតិកើនឡើងលើអ៊ីស្រាអែល ជុំវិញការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ ខណៈដែលសេចក្តីព្រមានអំពីទុរ្ភិក្សនៅក្នុងតំបន់នោះកាន់តែកើនឡើង។
ចំពេលមានទុរ្ភិក្សកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) បានចេញសាលក្រម បណ្តោះអាសន្នថ្មីចំនួនពីរ ដោយបញ្ជាឱ្យអ៊ីស្រាអែលធានាការផ្តល់ជំនួយមនុស្សធម៌ដែលមិនមានការរារាំងនៅក្នុងតំបន់ហ្គាហ្សា ខណៈប្រជាជនទាំងមូលនៅហ្គាហ្សាជួបប្រទះនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។
ការព្រួយបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីនគ្រប់គ្រងគឺ កាន់តែស៊ីជម្រៅបន្ទាប់ពីការចេញផ្សាយរបាយការណ៍ដែលបានចងក្រងកាលពីពេលថ្មីៗនេះពីការដាក់ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងអាហារដោយគឹ បង្ហាញថាប្រជាជនទាំងមូលនៃតំបន់ហ្គាហ្សាកំពុងជួបប្រទះនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ហើយគ្រោះទុរ្ភិក្សបានឈានចូលមកដល់ហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះអ៊ីស្រាអែលនៅតែបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនកំពុងរារាំងការមកដល់នៃតម្រូវការមូលដ្ឋានសម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយបានចោទប្រកាន់អង្គការជំនួយថាមិនបានរៀបចំការដឹកជញ្ជូនឱ្យបានគ្រប់គ្រាន់។ ប៉ុន្តែជួរនៃឡានដឹកទំនិញដែលផ្ទុកទំនិញយ៉ាងពេញទំហឹងជាមួយនឹងការផ្គត់ផ្គង់ជំនួយដែលត្រូវការចាំបាច់នៅតែបន្តតម្រង់ជួរនៅតាមព្រំដែនអេហ្ស៊ីបជាមួយទីក្រុង រ៉ាហ្វាស Rafah ហើយអាចចូលទៅកាន់តំបន់ហ្គាហ្សាបានតែបន្ទាប់ពីការត្រួតពិនិត្យដ៏ស្មុគស្មាញរបស់អ៊ីស្រាអែល៕