ណាតូ កិច្ចប្រជុំកំពូល តម្លើងសាច់ដុំ ក្នុងការគាំទ្រអ៊ុយក្រែន
នៅអំឡុងថ្ងៃដំបូងនៃកិច្ចប្រជុំក្រុមសម្ព័ន្ធមិត្តណាតូនៅទីក្រុងវ៉ាស៊ីនតុន ប្រទេសសមាជិកនៃអង្គការណាតូ កាលពីថ្ងៃពុធ បានប្រកាសថា បានចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំងធន់ F-16 ទៅឲ្យអ៊ុយក្រែន។ ក្រុមសម្ព័ន្ធមិត្ត ក៏បានប្រកាសថា ជំនួយយោធារបស់ពួកគេទៅឲ្យទីក្រុងគៀវ នឹងឈានដល់យ៉ាងហោចណាស់ ៤០ពាន់លានដុល្លារ នៅឆ្នាំបន្ទាប់។ ហើយពួកគេទទួលស្គាល់ថា អ៊ុយក្រែនស្ថិតនៅលើផ្លូវដែលលែងអាចត្រឡប់ក្រោយ ក្នុងការចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងនេះ។
យន្តហោះ F-16 ប្រព័ន្ធការពារអាកាស និងដំណើរដែលលែងអាចត្រឡប់ក្រោយនៃការចូលជាសមាជិកអង្គការណាតូ កាលពីថ្ងៃពុធទី១០ កក្កដា ប្រទេសនៃអង្គការណាតូបានបង្កើនការធានានូវការគាំទ្ររឹងម៉ាំឡើងសម្រាប់អ៊ុយក្រែន នៅថ្ងៃទី១ នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ដែលកត់សម្គាល់នូវភាពមិនច្បាស់លាស់ខាងនយោបាយ មានជាអាទិ៍នៅសហរដ្ឋអាម៉េរិក។
នៅអំឡុងកិច្ចប្រជុំកំពូលដែលសម្គាល់នូវខួបទី៧៥ឆ្នាំ នៃកំណើតរបស់សម្ព័ន្ធមិត្ត ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានព្រមានថា ប្រទេសរុស្ស៊ី ជើងជាន់សង្រ្គាមជាមួយនឹងជំនួយពីប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង សម្រាប់ឧស្សាហកម្មសព្វាវុធរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសចុងក្រោយ បានឲ្យដឹងថា ចំពោះរឿងនេះ មេដឹកនាំនៃអង្គការណាតូ បានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់ពួកគេ ប្រឈមមុខនឹងការខិតជិតគ្នារវាងរុស្ស៊ី និងចិន និងបានបរិហារអំពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះកិច្ចខិតខំប្រឹងប្រែងខាងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសមួយនៃអ្នកនាំពាក្យនៃបេសកកម្មចិននៅសហគមន៍អឺរ៉ុប ទីក្រុងប៉េកាំងបានឆ្លើយបតប៉ុន្មានម៉ោងក្រោយមកថា ៖ “ណាតូគួរតែបញ្ឈប់ការធ្វើសម្លេងក្ឌុងក្ឌាំង ដោយនិយាយតែខ្លួនឯងអំពីការគំរាមកំហែងរបស់ចិន បញ្ឈប់ការជំរុញឲ្យមានការប្រឈមមុខ និងការប្រកួតប្រជែង និងចូលរួមបន្តទៀតនៅក្នុងសន្តិភាព និងស្ថិរភាពនៅលើពិភពលោក”។
បន្ទាប់ពីបានទទួលការសាកសួរអំពីសុខភាពរបស់លោក និងសមត្ថភាពលោកក្នុងការការពារគណបក្សប្រជាធិបតេយ្យ មុន ៤ខែ នៃការបោះឆ្នោតអាម៉េរិក លោកចូ បាយឌិន បានថ្លែងក្នុងសម្លេងខ្លាំងៗថា ៖ ”យើងមិនអាចបណ្តោយឲ្យសម្ព័ន្ធមិត្តរបស់យើងឆ្លៀតឆ្ងាយពីគ្នាទេ”។
នៅមុនការបើកជាផ្លូវការនូវកិច្ចប្រជុំ ប្រទេសជាច្រើននៃអង្គការណាតូ បានប្រកាសថា បានចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន។ ដោយមានវត្តមាននៅក្នុងរដ្ឋធានីអាម៉េរិក លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអបអរសាទ ថា គ្រឿងចម្បាំងទាំងនេះនឹងជំរុញឲ្យឆាប់មានសន្តិភាពដោយយុត្តិធម៌ និងចីរភាព”។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអន់តូនី ប្ល៊ិនឃិន បានអះអាងថា ៖ “យន្តហោះ F-16 ដែលមកពីប្រទេសដាណឺម៉ាក និងហូឡង់ និងឃើញនៅលើមេឃអ៊ុយក្រែននៅរដូវក្តៅខាងមុខ”។
ចំណែកសេតវិមាន បានបន្ថែមថា ប្រទេសប៊ែលហ្ស៊ីក និងណ័រវេស ក៏សន្យាផ្តល់គ្រឿងចម្បាំងដទៃៗ ទៀតដល់អ៊ុយក្រែន ដែលនឹងប្រឈមនឹងការវាយប្រហារដែលកើនឡើងរបស់មីស៊ីលរុស្ស៊ីប្រឆាំងនឹងទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។
កាលពីល្ងាចថ្ងៃអង្គារដែរ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា សម្ព័ន្ធមិត្តក៏នឹងផ្គត់ផ្គង់ឲ្យអ៊ុយក្រែនជាសរុបនូវប្រព័ន្ធការពារដែនអាកាសចំនួន ៦ បន្ថែម ដែលមាន ៤ ជាប្រភេទ ប៉ាទ្រីយ៉ូត។ នេះគឺជាពពួកមីស៊ីលបាញ់ពីដី ទៅអាកាសដែលមានប្រសិទ្ធភាពជាពិសេសម្រាប់ចាប់មីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី។ ប្រទេសអាឡឺម៉ង ហូឡង់ រ៉ូម៉ានី និងអ៊ីតាលី ក៏នឹងចូលរួមផ្តល់យុទ្ធោបករណ៍ផងដែរ។