ដើមខែឧសភា កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ ​

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី  ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ៖ «នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ»​។

ទន្ទឹមនេះ ប្រសិនបើ​ប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩​១៨​១៤​៤ និង ០១៧៨១៨៣៨២៕

Daily Program

Livesteam thumbnail