ជីដូនជីតា និងចៅៗអាចដឹកដៃគ្នាជួបសម្តេចប៉ាបនៅចុងសប្តាហ៍
តាមការគ្រោងទុកព្រឹត្តិការណ៍សហគមន៍មួយនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ទី ២៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយព្រឹត្តិការណ៍នេះ ជីដូន និងជីតា ព្រមទាំងចៅៗរបស់ពួកគេអាចដឹកដៃគ្នាមកជួបសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដោយផ្ទាល់។
ការិយាល័យព័ត៌មានសន្តអសនៈបានឲ្យដឹងថា ជំនួបនេះនឹងរៀបចំឡើងក្រោមការសម្របសម្រួលដោយមូលនិធិ «Fondazione Età Grande» ដែលជាមូលនិធិជនចាស់ជរាអ៊ីតាលី។
ប្រភពដដែលបានឲ្យដឹងថា តាមការគ្រោងទុក កម្មវិធីនេះនឹងរៀបចំឡើងនៅវិសាលវិហារ Paul VI នៅបុរីវ៉ាទីកង់ ដើម្បីបង្ហាញពី តួនាទី និងការរួមចំណែករបស់មនុស្សចាស់ក្នុងពិភពលោកបច្ចុប្បន្ន។
ប្រភពដដែលបានបន្តថា កម្មវិធីនេះនឹងទាក់ទាញការចូលរួមជាជីដូនជីតានិងចៅៗរបស់ពួកគេសរុបជាង ៦ពាន់នាក់ នៅក្នុងគោលបំណងសំខាន់គឺ ជំរុញការសន្ទនារវាងអ្នកជំនាន់ជាមួយនឹងអ្នកជំនាន់ក្រោយ ក៏ដូចជាការលើកកំពស់ការយល់ដឹងអំពីគុណតម្លៃរបស់ជនចាស់ជរានៅក្នុងយុគសម័យបច្ចុប្បន្ន ។
ប្រភពដដែលបានបន្តថា នេះគឺជាព្រឹត្តិការណ៍ សហគមន៍ និងវប្បធម៌ ដើម្បីគូសបញ្ជាក់ អំពីសិទ្ធិរបស់មនុស្សចាស់ និងកាតព្វកិច្ចដែលត្រូវគ្នារបស់សហគមន៍។
លោកអគ្គអភិបាល វ៉ាំងសេនហ្សូ ប៉ាគ្លីយ៉ា ប្រធានបណ្ឌិតសភាជីវិតសន្តអសនៈបាន មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់នូវទស្សនៈថ្មីអំពីអ្នកជំនាន់មុន ដើម្បីបង្ហាញនិងចែករំលែកនូវភាពសម្បូរបែបនៃបទពិសោធន៍នៅក្នុងជីវិត ដល់អ្នកជំនាន់ក្រោយ៕