ចំនួនមនុស្ស ប្រឈមកង្វះស្បៀងអាហារ នៅតែកើនឡើង
របាយការណ៍សកលដែលបានចេញផ្សាយថ្មីស្តីពីវិបត្តិស្បៀងអាហារ និយាយថា ឆ្នាំ២០២៣កន្លងទៅ គេនៅតែបានរកឃើញអំពីការកើនឡើងបន្ថែមទៀតនៃមនុស្សដែលកំពុងជួបប្រទះការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍ថ្មីដែលចុះផ្សាយដោយវ៉ាទីកង់ញូវបានឲ្យដឹងថា ចំនួនមនុស្សដែលកំពុងប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងទទួលរងបញ្ហាកង្វះអាហារូបត្ថម្ភកំពុងបន្តកើនឡើងក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភនៅទូទាំងពិភពលោក។
ក្នុងឆ្នាំ ២០២៣ ប្រជាជនជិត២៨២លាននាក់នៅទូទាំង ៥៩ ប្រទេសនិងដែនដីបានប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតខ្ពស់ដែលត្រូវការជំនួយជាបន្ទាន់។
ប្រទេស ឬដែនដីដែលកំពុងតែមានបញ្ហាធ្ងន់ធ្ងរនោះគឺ មានហ្គាហ្សាដែលហែកហួរដោយសង្រ្គាម និងស៊ូដង់ជាតំបន់ដែលមានចំនួនប្រជាជនច្រើនបំផុតប្រឈមនឹងគ្រោះទុរ្ភិក្ស។
យោងតាមរបាយការណ៍សកលចុងក្រោយស្តីពីវិបត្តិស្បៀងអាហារបានឲ្យដឹងថាពលរដ្ឋដែលជួបបញ្ហាអត់ឃ្លានរវាងឆ្នាំ២០២៣ និង២០២៤ ឃើញថាមានការកើនឡើង២៤លាននាក់។
របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយក្នុងសប្តាហ៍កន្លងទៅដោយបណ្តាញសកលប្រឆាំងនឹងវិបត្តិស្បៀងអាហារ (GNFC) ដែលជាសម្ព័ន្ធនៃអង្គការអភិវឌ្ឍន៍ និងអង្គការមនុស្សធម៌ដែលបានចាប់ផ្តើមសកម្មភាពអង្កេតតាំងពីឆ្នាំ ២០២៦។
សម្ព័ន្ធនេះគឺមានការចូលរួមដោយសហភាពអឺរ៉ុប អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បី វាយតម្លៃ និងដោះស្រាយអសន្តិសុខស្បៀងនៅទូទាំងពិភពលោក។
យោងតាមការរកឃើញបានសង្កត់ធ្ងន់ថា មនុស្ស ២៤ លាននាក់កំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ៕