គ្រីស្តបរិស័ទនៅម៉ាឡេស៊ីត្រូវបានជំរុញពង្រឹងជំនឿឱ្យកាន់តែស៊ីជម្រៅ
គ្រីស្តបរិស័ទដែលជាសមាជិកនៃព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ី ត្រូវបានជំរុញនិងលើកទឹកចិត្តឱ្យទទួលយកការផ្លាស់ប្តូរថ្មី តាមរយៈការពង្រឹងជំនឿឱ្យកាន់តែស៊ីជម្រៅ។
ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃព្រឹត្តិការណ៍ដែលគ្រីស្តបរិស័ទនៅម៉ាឡេស៊ីបានជួបជុំគ្នារៀបចំមហាសន្និបាតខាងអប់រំជំនឿនៅម៉ាឡេស៊ីឆ្នាំ ២០២៦ នៅទីក្រុងស៊ីប៊ូ (Sibu) ក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) នៅលើកោះបរណេអូ កាលពីសប្តាហ៍មុន។
នៅក្នុងឱកាសនោះ លោកកាឌីណាល់ សេបាត្យែន ហ្រ្វង់ស៊ី (Sebastian Francis) ដែលជាអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគប៉េណាំង បានលើកឡើងពីបញ្ហាប្រឈមនេះខ្លះ ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយអភិបូជា ដែលជាព្រឹត្តិការណ៍បញ្ចប់មហាសន្និបាតរយៈពេល ៥ ថ្ងៃនេះ ដោយមានគ្រីស្តបរិស័ទប្រហែល ១.០០០ នាក់បានចូលរួម។
នៅក្នុងឱកាសនោះ លោកកាឌីណាល់បានអំពាវនាវឱ្យគ្រីស្តបរិស័ទកាតូលិកបោះជំហានឱ្យហួសពីទម្លាប់ចាស់នៃការរស់នៅជាមួយព្រះសហគមន៍ ហើយអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរទំនាក់ទំនង ដំណើរការ និងរចនាសម្ព័ន្ធផ្សេងៗ។ លោកបានលើកឡើងថា ៖
«តើយើងត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីឈានទៅរកកម្រិតដ៏ជ្រាលជ្រៅជាងមុន? តើយើងត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរយើង?»
លោកបានមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្មីចាំបាច់ត្រូវចាប់ផ្តើមពីការយល់ដឹងកាន់តែស៊ីជម្រៅអំពីពិធីជ្រមុជទឹក ដែលមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាអាថ៌កំបាំងមួយដែលគ្រីស្តបរិស័ទកាតូលិកបន្តរស់នៅជាមួយតម្លៃនៃការពិតពេញមួយជីវិតរបស់ពួកគេ។ លោកបានមានប្រសាសន៍បន្តថា ពិធីជ្រមុជទឹកគឺជាអាថ៌កំបាំងមួយដែលយើងបន្តចូលរួម និងទទួលបានបទពិសោធន៍ពេញមួយជីវិតរបស់យើង។
