សម្តេចប៉ាបអំពាវនាវឱ្យគ្រីស្តបរិស័ទអាហ្សង់ទីនដើរតាមគំរូនៃអ្នកប្រកាសដំណឹងល្អ និងសន្តបុគ្គលម្ចាស់ស្រុក

សម្តេចប៉ាបឡេអូទី ១៤ បានអំពាវនាវឱ្យគ្រីស្តបរិស័ទកាតូលិកនៅក្នុងប្រទេសអាហ្សង់ទីន ដើរតាមគំរូរបស់សន្តបុគ្គលនៅក្នុងប្រទេសរបស់ពួកគេ ដោយទ្រង់បានសង្កត់ធ្ងន់ថា ភាពបរិសុទ្ធ និងការលះបង់របស់ពួកគេមិនអាចបំបែកចេញពីបេសកកម្មនៃការប្រកាសដំណឹងល្អ និងការកសាងសង្គមមួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងស្មារតីនៃភាតរភាព និងសាមគ្គីភាពនៅក្នុងប្រទេសនោះឡើយ។

តាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះនៅក្នុងពិធីសម្តែងធម្មទេសនា ក្នុងពិធីថ្វាយអភិបូជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលដែលទ្រង់កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ។

សម្តេចប៉ាបឡេអូបានរំលឹកដល់គ្រីស្តបរិស័ទថា ជីវិតគ្រីស្តបរិស័ទគឺជាការទទួលខុសត្រូវដ៏រីករាយមួយ ដែលចាក់ឫសនៅក្នុងការត្រាស់ហៅជាសកលឱ្យទៅរកភាពបរិសុទ្ធ ហើយភាពបរិសុទ្ធនេះគឺមានលក្ខណៈជាបេសកកម្មនៅក្នុងខ្លួនស្រាប់។ សម្តេចប៉ាបឡេអូមានបន្ទូលថា គ្រីស្តបរិស័ទទាំងអស់គ្រាន់តែជាអ្នកបម្រើដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ដែលត្រូវបានត្រាស់ហៅឱ្យបំពេញកាតព្វកិច្ចរបស់យើង។

សម្តេចប៉ាបឡេអូបានរំលឹកដល់ការដាស់តឿនរបស់សន្តបុគ្គល ដែលបានជំរុញឱ្យគ្រីស្តបរិស័ទទទួលស្គាល់សេចក្តីថ្លៃថ្នូររបស់ខ្លួន ក្នុងនាមជាអ្នកដែលបានចូលរួមក្នុងធម្មជាតិដ៏ទេវភាព ហើយកុំត្រឡប់ទៅរកស្ថានភាពនៃជីវិតបាបវិញឱ្យសោះ។

សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ការធ្វើជាសាក្សីក្នុងនាមជាគ្រីស្តសាសនិក នៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការអប់រំជំនឿ ព្រមទាំងគោរព និងលើកតម្កើងព្រះយេស៊ូដែលជាបុត្រារបស់ព្រះជាម្ចាស់។

Daily Program

Livesteam thumbnail
khmer popup image