គម្រោងវិនិយោគដែលមានទុនជាង ៣០៩លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសឱ្យដឹងថា គម្រោងវិនិយោគចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែឧសភានេះបានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។
សេចក្តីប្រកាសបានបន្តថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
សូមបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖
ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក និងស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។
ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។
គម្រោងវិនិយោគផលិតបន្ទះច្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។ និងគម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។
សូមគូសរំលេចផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕