ខួប ១០ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី សង្គមស៊ីវិល និងអ្នកនយោបាយ បន្តទាមទារយុត្តិធម៌ពេញលេញ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ តំណាងអង្គការសង្គមស៊ីវិល អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស ដីធ្លី និងបរិស្ថានប្រមាណ ២០០ នាក់ បានជួបជុំគ្នាដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី គម្រប់ខួប ១០ឆ្នាំ នៅស្ដាម៉ាត ស្ដុបបូកគោ ដែលជាទីតាំងដែលលោកត្រូវបានគេធ្វើឃាត។ នៅក្នុងឱកាសនោះ ក្រុមអ្នកចូលរួមទាំងអស់បានរួមសំឡេងគ្នាយ៉ាងទទូច ដើម្បីបន្តទាមទាររកពន្លឺយុត្តិធម៌ពិតប្រាកដ និងពេញលេញសម្រាប់រូបលោក និងក្រុមគ្រួសារ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ដោយក្តីរំជួលចិត្តថា រយៈពេល ១០ ឆ្នាំកន្លងផុតទៅហើយ ប៉ុន្តែបណ្ឌិតកែមឡី និងក្រុមគ្រួសារមិនទាន់បានទទួលយុត្តិធម៌ពិតប្រាកដ ហើយប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំមើលផងដែរ។ លោកបានរំលឹកពីការរួមចំណែកដ៏ធំធេងរបស់បណ្ឌិត កែម ឡី ក្នុងការអប់រំ និងបណ្តុះបណ្តាលផ្នត់គំនិតយុវជនខ្មែរឲ្យចេះប្រើប្រាស់សិទ្ធិ និងហ៊ានតស៊ូដើម្បីសេរីភាព។
លោក រ៉ុង ឈុន បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ចំណុចជាច្រើនដែលគាត់បានបន្សល់ទុក ដូចជាការជូតទឹកភ្នែកបន្តដំណើរតទៅទៀត កុំធ្វើត្រីរស់ដែលបណ្ដោលតាមទឹក។ [...] ទោះបីប៉ុន្មានឆ្នាំក៏ដោយ ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ រាល់ទង្វើល្អ តែងតែដក់ជាប់នៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរជារៀងរហូត។»
បន្ថែមពីនេះ លោករ៉ុង ឈុន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តការស៊ើបអង្កេត និងពន្លឿនរឿងក្តីនេះ ដើម្បីវែកមុខរកជនដៃដល់ពិតប្រាកដ ក៏ដូចជាអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មនេះយកមកផ្តន្ទាទោសតាមច្បាប់។ លោកបានបន្ថែមថា មតិជារួមមិនជឿថាតួអង្គ «ជួប សម្លាប់» គឺជាឃាតករពិតប្រាកដឡើយ ហើយការចោទប្រកាន់ថាបណ្ឌិតជំពាក់លុយ ៣,០០០ ដុល្លារ គឺមិនឆ្លើយតបទៅនឹងការពិតនៃធនធានដែលគាត់មាននោះទេ។
ចំណែកឯ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានលើកឡើងថាការជួបជុំក្នុងថ្ងៃខួប ១០ ឆ្នាំនេះថា សង្គមស៊ីវិល និងប្រជាពលរដ្ឋដែលនិយមស្រឡាញ់បណ្ឌិតរូបនេះ តែងតែមកអុជធូប និងដាក់កម្រងផ្កានៅទីតាំងនេះ ដើម្បីសម្តែងការដឹងគុណ។ លោកបន្តថា ទោះបីជាតុលាការបានកាត់ទោសលោក អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់គុកអស់មួយជីវិតរួចហើយក្តី ប៉ុន្តែសំណុំរឿងមួយទៀតដែលតុលាការបានបំបែកចេញពាក់ព័ន្ធនឹងជនសង្ស័យផ្សេងទៀត គឺមិនទាន់មានការវិវត្តអ្វីឡើយ។ ហេតុនេះ សង្គមស៊ីវិលនៅតែបន្តទាមទារយុត្តិធម៌ឱ្យបានពេញលេញ។ ការចងចាំវីរភាព និងស្នាដៃស្រាវជ្រាវ លោកអំសំអាតបញ្ជាក់ថា បណ្ឌិតកែមឡីបានបន្សល់ទុកនូវឯកសារស្រាវជ្រាវ និងចងក្រងជាច្រើនសម្រាប់ឲ្យយុវជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការយកទៅសិក្សាដើម្បីកែលម្អសង្គមជាតិ។
លោក អំ សំអាត ក៏បានរំលឹកពីសារដាស់តឿនដ៏មានតម្លៃរបស់បណ្ឌិត កែម ឡី ផងដែរថា «ជូតទឹកភ្នែក រួចធ្វើដំណើរទៅមុខ។ សារមួយនេះគឺជារឿងសំខាន់ណាស់... សម្រាប់គ្រប់គ្នា គឺយើងមិនអាចដួលមិនក្រោក ឬក៏នៅកន្លែងណា នៅកន្លែងហ្នឹងទេ ត្រូវតែឆ្ពោះ និងមានទិសដៅ ធ្វើដំណើរទៅមុខ។»
ទោះបីជាពេលវេលាបានកន្លងហួសទៅអស់រយៈពេលមួយទសវត្សរ៍ពេញក៏ដោយ ក៏ការចងចាំចំពោះវីរភាព សេចក្តីអង់អាចក្លាហាន និងទស្សនវិជ្ជានៃការហ៊ាននិយាយការពិតរបស់បណ្ឌិត កែម ឡី នៅតែដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងជ្រាលជ្រៅ ខណៈដែលការស្វែងរកពន្លឺយុត្តិធម៌ពិតប្រាកដនៅតែជាក្តីសង្ឃឹម និងជាការទាមទាររួមគ្នារបស់សង្គមស៊ីវិល និងអ្នកនយោបាយនៅកម្ពុជាដដែល៕
ដោយ លី សុវណ្ណា