ខួប១៦០ឆ្នាំនៃព្រះសហគមន៍អ្នកលឿង គ្រីស្តបរិស័ទនឹងទទួលការលើកលែងទោសឲ្យរួចពីបាប
លោកសេរ៉ាល់ វ៉ូសាំង ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍តំបន់អ្នកលឿង មានប្រសាសន៍កាលពីថ្មីៗនេះថា ក្នុងពិធីបិទខួប១៦០ឆ្នាំនៃព្រះសហគមន៍អ្នកលឿងក្នុងខែឧសភាខាងមុខនេះ គ្រីស្តបរិស័ទមានឱកាសទទួលបានព្រះពរពិសេសនិងទទួលការលើកលែងទោសឲ្យរួចពីបាប។
ក្នុងធម្មទេសនានៅថ្ងៃអាទិត្យទី០៥ ក្នុងរដូវបុណ្យចម្លង កាលពីថ្ងៃទី២៨ ខែមេសា លោកបូជាចារ្យ សេរ៉ាល់ បានឲ្យដឹងថា គ្រីស្តបរិស័ទយើងម្នាក់ៗតែងប្រព្រឹត្តអំពើបាប ហើយតាមរយៈអគ្គសញ្ញាលើកលែងទោស លោកបូជាចារ្យតំណាងឲ្យព្រះសហគមន៍ និងព្រះជាម្ចាស់ លើកលែងទោសឲ្យបានរួចពីបាប និងបានជិតស្និទ្ធជាមួយព្រះជាម្ចាស់។
លោកបន្ថែមថា ព្រះពរយ៉ាងពិសេសនេះ ក្នុងព្រះសហគមន៍យើងអាចទទួលបាន២៥ឆ្នាំម្តង។ ហើយកាលពីឆ្នាំ២០០០ យើងបានទទួលព្រះពរនេះក្នុងឱកាសឆ្នាំព្រះមហាករុណាទិគុណ បន្ទាប់មកនៅឆ្នាំ២០១៥ សម្តេចប៉ាប ប្រកាសបើកឆ្នាំព្រះមហាករុណាទិគុណនេះម្តងទៀត ជាឆ្នាំពិសេសនៃខួប៥០ឆ្នាំនៃមហាសន្និបាតវ៉ាទីកង់ទី២ និងនៅឆ្នាំ២០២៥ យើងនឹងបានទទួលព្រះពរនេះផងដែរ។
សម្រាប់ព្រះសហគមន៍កាតូលិក គ្រួសារដ៏វិសុទ្ធអ្នកលឿង ក្នុងឱកាសខួប១៦០ឆ្នាំនៃការបង្កើតព្រះសហគមន៍ តាមរយៈលោកអគ្គរាជទូត សិលា ប្រាយអ៊ិន វែលស៍ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានប្រទានពរយ៉ាងពិសេស នេះដល់គ្រីស្តរិស័ទទាំងអស់ក្នុងព្រះសហគមន៍អ្នកលឿង និងអស់អ្នកដែលបានចូលរួមក្នុងពិធីអរព្រះគុណបិទឆ្នាំខាងមុខនេះ។
ព្រះសហគមន៍អ្នកលឿង ដែលសព្វថ្ងៃនេះ មានព្រះវិហារឈ្មោះថា គ្រួសារដ៏វិសុទ្ធ បានចាប់កំណើតឡើងក្នុងឆ្នាំ១៨៦៣ គិតមកដល់ពេលនេះ មានអាយុកាលជាង១៦០ឆ្នាំហើយ ជាព្រះសហគមន៍ដែលមានអាយុកាលចំណាស់មួយក្នុងភូមិភាគកំពង់ចាម។ ហើយកាលពីឆ្នាំ២០២៣កន្លងទៅ ព្រះសហគមន៍នេះ បានប្រារព្ធបើកខួប១៦០ឆ្នាំរបស់ខ្លួន។
តាមលោកបូជាចារ្យទទួលខុសត្រូវ ដើម្បីទទួលបានព្រះពរនេះ ព្រះសហគមន៍បានរៀបចំឲ្យមានកម្មវិធីសម្រាប់គ្រីស្តបរិស័ទម្នាក់ៗត្រូវអនុវត្តរឿងសំខាន់ទាំង៥ដូចជា ទី១៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃ គ្រីស្តបរិស័ទត្រូវជួបលោកបូជាចារ្យ ដើម្បីទទួលអគ្គសញ្ញាលើកលែងទោស។ ទី២៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃជៀសវាងប្រព្រឹត្តអំពើបាប។ ទី៣៖ រួមជាមួយសម្តេចប៉ាបអធិដ្ឋានសម្រាប់ពិភពលោកទាំងមូល។ ទី៤៖ ចូលរួមសំណាក់ធម៌៩ថ្ងៃ ដើម្បីរៀបចំខ្លួនមុនពិធីបុណ្យ។ និងទី៥៖ ចូលរួមពិធីអរព្រះគុណបិទខួប១៦០និងទទួលព្រះពរយ៉ាងពិសេសនេះ។
ព្រះសហគមន៍អ្នកលឿងនឹងរៀបចំកម្មវិធីសំណាក់ធម៌រយៈពេល៩ថ្ងៃសម្រាប់គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដោយមានលោកបូជាចារ្យដែលធ្លាប់មកបម្រើព្រះសហគមន៍ជួយណែនាំ។
ពិធីបិទខួប១៦០ឆ្នាំ នៃព្រះសហគមន៍កាតូលិកអ្នកលឿង នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩៖៣០ នាទីព្រឹក ក្រោមអធិបតីភាពរបស់លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងលោក អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។
ក្នុងអភិបូជានោះ លោកអភិបាល ក្នុងនាមសម្តេចប៉ាបនឹងប្រទានពរដែលជាការអនុគ្រោះរបស់ក្រុមគ្រីស្ដទូតដល់គ្រីស្តបរិស័ទ៕
ដោយ៖ ម៉េង ភីឡុង