ក្រុមហ៊ុន Cisco ចុះហត្ថលេខាលើយុទ្ធនាការអំពាវនាវឲ្យមានក្រមសីលធម៌លើ AI
ស៊ីស្កូ (Cisco) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងឌីជីថលចម្រុះជាតិសាសន៍មួយបាន ចុះហត្ថលេខាលើយុទ្ធនាការ «Rome Call for AI Ethics» ដែលគេអាចហៅថា ជាការអំពាវនាវរបស់ទីក្រុងរ៉ូមឲ្យមានក្រមសីលធម៌លើបញ្ញាសិប្បនិម្មិត ហៅថា AI របស់បណ្ឌិតសភានៃជីវិតនៃសន្តអាសនៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការចុះហត្ថលេខានេះគឺក្រុមហ៊ុនបាន ប្តេជ្ញាចំពោះការអនុវត្តនូវប្រតិបត្តិការអាជីវកម្មតាមវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ពាក់ព័ន្ធនឹងការប្រើប្រាស់ បញ្ញាសិប្បនិម្មិតនៅក្នុងផ្នែកអប់រំ និងសិទ្ធិ។
លោក វ៉ាំងសេនហ្សូ ប៉ាគ្លា (Vincenzo Paglia) ជាអគ្គអភិបាលអ្នកទទួលខុសត្រូវនៅបណ្ឌិតសភាជីវិតនៃសន្តអសនៈបាន បង្ហាញពីការពេញចិត្តដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងឌីជីថលពហុជាតិ - ស៊ីស្កូ - បានចូលរួមជាមួយក្រុមហ៊ុនធំៗ ផ្សេងទៀតគោរពនូវគោលការណ៍ ពាក់ព័ន្ធនឹង AI។
លោកបានបន្តគូសបញ្ជាក់ការពិតដែលថាបញ្ញាសិប្បនិម្មិតគឺ «លែងជាប្រធានបទសម្រាប់តែអ្នកជំនាញទៀតហើយ»។ ក្រមសីលធម៌នៃការអភិវឌ្ឍន៍របស់វាគឺសំខាន់ដើម្បីគ្រប់គ្រងប្រតិបត្តិការដោយមានការទទួលខុសត្រូវ។
ឯកសារដែលក្រុមហ៊ុនចុះហត្ថលេខានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទំនួលខុសត្រូវរួមគ្នាក្នុងចំណោមអង្គការអន្តរជាតិ រដ្ឋាភិបាល ស្ថាប័ន និងវិស័យឯកជន ដើម្បីបង្កើតអនាគតដែលការច្នៃប្រឌិតឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យា និងជាពិសេស AI តាមការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូច្នេះបុគ្គលគ្រប់រូបអាច ទទួលបានអត្ថប្រយោជន៍ពីភាពជឿនលឿននៃបច្ចេកវិទ្យា៕