ក្រុមហ៊ុន ២០ នឹងផ្តល់ឱកាសការងារជាង ៥ ពាន់កន្លែង សម្រាប់យុវជននៅក្នុងពិព័រណ៍ការងារ នាសប្តាហ៍ក្រោយនេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព។
ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥ ៤០០ នាក់។
កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម។
កញ្ញា បានបន្តថា៖ «ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ»។
ចំណែក លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។
លោកបានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់និស្សិតដើម្បីតម្រង់ទិសការងារ។
សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ៕