ក្រុមសហជីព​ សង្គមស៊ីវិល យុវជន រួមគ្នារំលឹកខួបលោកបណ្ឌិត កែម ឡី និងដង្ហោយរកភាពយុត្តិធម៌​

មន្រ្តីគណបក្ស ក្រុមសហជីព អង្គការ យុវជនបរិស្ថាន និស្សិត ព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ បានយាងនិមន្ត និងចូលរួមប្រារព្ធវិញ្ញាណខន្តលោកបណ្ឌិត កែម ឡី ដើម្បីរំលឹកខួបលើកទី៨ នាស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់នឹងស្តុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ មានការហែក្បួនពីយុវជនបរិស្ថាន ព្រះសង្ឃ សហជីព ដោយក្នុងនោះមានលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិផងដែរ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងក្នុងពិធីរំលឹកវិញ្ញាណខន្តលោកបណ្ឌិតកែម ឡី ថា ក្នុងនាមសហជីព សង្គមស៊ីវិល សមាគមជាបណ្តាញសារព័ត៌មានឯករាជ្យទាំងអស់ដែលបានចូលរួមប្រារព្ធខួប៨ឆ្នាំ​ របស់លោកបណ្ឌិតកែម ឡីដែលជវីរៈបុរស​របស់​ប្រជាពលរដ្ឋ គឺមិនអាចបំភ្លេចនូវវីរៈភាព និងការលះបង់របស់លោកបណ្ឌិត កែម ឡីបានទេ។

លោកបានបន្តថា ៖ «ថ្ងៃនេះដែរ គឺជាការបន្លឺនូវសម្លេង បន្លឺនូវជួងប្រាប់​ប្រជាពលរដ្ឋខ្មែរទាំងក្នុង​និងក្រៅប្រទេសឱ្យបានដឹងថាយើងបាត់បង់បណ្ឌិត បាត់បង់វីរៈបុរសរបស់យើងនៅថ្ងៃទី១០ ខែកក្កដា​ដែលជាទិវាប្រវត្តិសាស្រ្តសម្រាប់​ជាតិខ្មែរ។ ខ្ញុំសូមឱ្យខ្មែរទាំងអស់ រម្លឹកនូវការលះបង់​របស់លោកបណ្ឌិតកែម ឡី»។

លោក វន់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាគិតពីបញ្ហាជាតិ គិតពីបញ្ហា​សង្គម បន្តពីវីរៈភាព បន្តពីបណ្តាំលោកបណ្ឌិត កែម ឡី «ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ» ដើម្បី​ជាតិ ដើម្បីសង្គម និងកូនចៅជំនាន់ក្រោយទៀត។

លោកបានបញ្ជាក់ថា ៖ «ខ្ញុំសុំឱ្យអង្គការជាតិ-អន្តរជាតិ ព្រមទាំងរាជរដ្ឋាផិបាល​វែកមុខរកឃាតករពិត វែកមុខអ្នកនៅពីក្រោយ​នៃការបញ្ជាសម្លាប់លោកបណ្ឌិត កែម ឡី។ យើងនៅតែមានមន្ឌិលនៅឡើយ រឿងនេះហាក់នៅស្រពិជស្រពិល​ទាំងមហាជនទាំងយើងទាំងអស់គ្នានៅមិនទាន់អស់ចិត្ត ដែលថ្ងៃនេះយើងសុំសំណូមពរដល់រាជរដ្ឋាភិបាល​ ស្ថាប័នពាក់ព័ន្ធទាំងអស់ស៊ើបអង្កេតដើម្បី​រក​យុត្តិធម៌​សម្រាប់ក្រុមគ្រួសាររបស់លោកបណ្ឌិត សម្រាប់យើងទាំងអស់គ្នា​ និងសម្រាប់ប្រជាជាតិទាំងមូល»។

ក្នុង​ពិធីនោះដែរ លោក សាន់ ម៉ាឡា​ ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិ​នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ក៏បាន​ប្រាប់ឱ្យុដឹងដែរថា លោកនៅតែចាំមើលយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី​ ថ្វីត្បិតយើងទាំងអស់គ្នាមានជំនឿថា លោកអឿត អាងដែលត្រូវបានតុលាការចោទប្រកាន់ថាជាឃាតករសម្លាប់​លោកបណ្ឌិត កែម ឡី គឺមិនមែនជាឃាតករតែម្នាក់ឯងនោះទេ តែអាចមានអ្នកណាម្នាក់នៅពីក្រោយ ឬជាអ្នកបញ្ជាដោយផ្ទាល់។

លោកបញ្ជាក់ថា ៖ «យើងបន្តអំពាវនាវឱ្យរដ្ឋាភិបាល​ និងតុលាការ​មេត្តាពន្លឿនផ្តល់យុត្តិធម៌​សម្រាប់​លោកបណ្ឌិតកែម ឡី ហើយយើងសង្ឃឹមថានៅក្នុង​បរិបត្តិដែលពិភពលោកមានការជឿនលឿន អំពើឃាតកម្ម យ៉ង់ឃ្នងបែបនេះនឹងមិនកើតមានតទៅទៀតទេ»។

លោក សាន់​ ម៉ាឡា នៅតែជឿជាក់ថាទៅថ្ងៃខាងមុខប្រវត្តិសាស្ត្រនឹងផ្តល់យុត្តិធម៌ចំពោះ​ពួកគាត់ ហើយ​ទៅថ្ងៃខាងមុខពន្លឺយុត្តិធម៌នឹងកើតមាន ហើយ​យើងក៏បួងសួង​សុំឱ្យទេវតា​ផ្តន្ទាទោសទៅមេខ្លោង និងអ្នកពាក់ព័ន្ធទាំងអស់ដែលបាន​សម្លាប់អ្នកស្នេហាជាតិ អ្នកវិភាគ អ្នកកាសែត និង​មេសហជីព ឱ្យទទួលបានផលកម្មតាមអ្វីដែលគាត់បានសាង។

កញ្ញា រៀម ស្រីពេជ្ររតនា អនុប្រធានទី៤ នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ឬហៅកាត់ថាKSILA បាន​លើកឡើងថា កញ្ញា​មកគោរពវិញ្ញាណខន្តលោកបណ្ឌិត កែម ឡី និង​ទាមទារឱ្យមានការដោះលែង​លោកកើត សារ៉ាយ ប្រធាន​សមាគមKSILA សកម្មជន​បរិស្ថាន រួមនឹង​អ្នកទោសមនសិការទាំងអស់ផងដែរ។

កញ្ញាថា ៖ «ពួកយើងមកទីនេះ គឺពួកយើងសុទ្ធសឹងតែមានមន្ទិលសង្ស័យ​ ហើយមិនសុខចិត្តចំពោះការដែលលើកឡើងថា ជនម្នាក់ដែលមិនដឹងមកពីណា​ ហើយថាលោកបណ្ឌិតជំពាក់លុយ ហើយក៏បានបាញ់សម្លាប់លោកបណ្ឌិត​។ យើងមិនជឿទេ ព្រោះជននោះមើលទៅ​តោកយ៉ាករកតែបាយហូបគ្មាន​ តែហេតុអី​មកបាញ់សម្លាប់លោកបណ្ឌិតដោយសាររឿងជំពាក់លុយ»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន​ ដែលបាន​ទៅគោរពវិញ្ញាណខន្ត​លោកបណ្ឌិត កែម ឡី ដែរនោះ ក៏បានថ្លែង​ឱ្យដឹងដែរថា ក្នុងរយៈពេល៨ឆ្នាំកន្លងផុតទៅហើយ តែអាជ្ញាធរ​កម្ពុជាមិនទាន់បាន​ផ្តល់សេរីភាពដល់លោកបណ្ឌិតកែម ឡី​ ក៏ដូចជាសាច់ញាតិមិត្តិភក្តិ​ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទន្ទឹងរងចាំ​យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និង​សាច់ញាតិ ក្រុមគ្រួសារកូនៗរបស់គាត់។

លោកបានថ្លែងថា ៖ «យើងឃើញថាការយឺតយ៉ាវ​របស់អាជ្ញាធរកម្ពុជា បង្ហាញពីការមិនបានយកចិត្តទុកដាក់ការវែកមុខឃាតករ និងអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយដោយ​ទុកឱ្យ​ឃាតករ និងអ្នកពាក់ព័ន្ធនៅមានសេរីភាពដល់ពេលនេះ»។

ឆ្លៀតក្នុងឱកាសនោះដែរ លោក រ៉ុង ឈុន បានបន្តថា​ ក្នុងឱកាសខួប៨ឆ្នាំរបស់​លោកបណ្ឌិត កែម ឡីនេះដែរ លោកក៏បាន​អំពាវនាវឱ្យអាជ្ញាធរ​ពិនិត្យឡើងវិញ និងផ្តល់លទ្ធភាព​ឱ្យពួកគាត់​មានសេរីភាព​ឡើងវិញ រួមទាំងអ្នកជាប់ឃុំមនសិការផងដែរ។

នៅថ្ងៃខួប៨ឆ្នាំនេះដែរ លោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ក៏បានសរសេររៀបរាប់​នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់​លោកស្រីថា ៖ «រាល់ឆ្នាំឱ្យតែជិតដល់ថ្ងៃបុណ្យខួបនៃមរណភាពរបស់បង ដែលពួកក្រុមចោរលួចបាញ់សម្លាប់យ៉ាងព្រៃផ្សៃទាំងគ្មានញញើតដៃ នៅកណ្តាលទីក្រុង ភ្នំពេញ។ អូនតែងតែមានរឿងច្រើនណាស់ដែលត្រូវទូលពិតដល់បង។ បងក៏ដឹងនឹងស្គាល់ហើយថា ជីវិតដែលរស់នៅស្រុកគេ ហើយគ្មានទីពឹង វាមិនស្រួលដូចការគិត និងកក់ក្តៅដូចបានរស់នៅក្បែរឪពុកម្តាយយើងនោះឡើយ»។

លោកស្រីបន្តថា គឺមានតែស៊ូទ្រាំ អត់ធ្មត់ ខំប្រឹងរស់ និងដើរទៅមុខដោយខ្លួនឯងប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកស្រី​ក៏បាន​លើកឡើងដែរថា លោកស្រីបានតស៊ូគ្រប់ឧបសគ្គ​រហូតអាចទិញផ្ទះបាន ដែលជាកម្មសិទ្ធិខ្លួនឯងដើម្បីជាម្លប់ ជាជម្រក ដែលមានភាពកក់ក្តៅដូចគ្រួសារដទៃដែរ។

រយៈពេល៨ឆ្នាំមកនេះ ស្គាល់គ្រប់រសជាតិ ផ្អែម ប្រៃ ល្វីង ជូរ ចត់ ។មានទាំងក្រុមតាមជិះជាន់ ជាន់ពន្លិច បន្តោសថាមិនចូលរួមនិយាយរឿងសង្គម អ្នកខ្លះទៀតថា ភ្លេចការឈឺចាប់អស់ហើយ មួយក្រុមទៀតប្រឹងវ៉ៃ និងប្រឹងតាមបំផ្លាញកិត្តិយស។ និយាយមួលបង្កាច់ទាំងរស់ ក៏គេហ៊ានធ្វើ ព្រោះជាបំណងរបស់គេចងបាន។ លោកស្រី​រចនា បន្ថែម។

​សូមរម្លឹកផងដែរថា លោកបណ្ឌិត​ កែម ឡី អ្នកវិភាគ​ និង​ស្រាវជ្រាវ​សង្គម​ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូង និងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្ស នៅកណ្តាលរាជធានីភ្នំពេញ ភ្លាមៗកាលពីមុន ម៉ោង ៩ព្រឹក ថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុង​វ័យ៤៦ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​

ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ នៅប្រហែលជាពីរគីឡូម៉ែត្រពីកន្លែងកើតហេតុបន្ទាប់ពីបានធ្វើការបាញ់ប្រហារ។ ក្រោយពេលចាប់ខ្លួន បុរសនោះបានប្រាប់ថាខ្លួនឈ្មោះ “ជួប សម្លាប់” និងសារភាពថាជាឃាតករសម្លាប់លោក កែម ឡី ហើយនិយាយថា ការសម្លាប់នេះ គឺមកពីលោក កែម ឡី មិនព្រមសងលុយដែលជំពាក់ ៣០០០ ដុល្លារអាមេរិក។ “ជួប សម្លាប់” (ជាឈ្មោះដែលនគរបាលបាននិយាយថាមិនមែនជាឈ្មោះពិត) នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនាថ្ងៃនោះដែរ។

ប្រជាពលរដ្ឋបានកើនឡើងកាន់តែច្រើន មកប្រមូលផ្តុំគ្នានៅក្រៅស្ថានីយ៍ប្រេងឥន្ធនៈ ជាកន្លែងដែលសាកសពរបស់លោកស្ថិតនៅ មុនពេលដែលប្រជាពលរដ្ឋរាប់ពាន់នាក់ទាំងនោះចាប់ផ្តើមហែសពរបស់លោក ឆ្ពោះទៅកាន់វត្តចាស់ នៅតំបន់ជ្រោយចង្វារនៅពេលរសៀលថ្ងៃដដែលនោះ។ នៅពេលដែលអ្នកទាំងនោះមកដល់វត្ត ដែលមានចម្ងាយប្រមាណប្រាំពីរគីឡូម៉ែត្រ ក្បួនហែបានកើនឡើងដល់ប្រហែលជា ៥០០០ នាក់ រាប់បញ្ចូលទាំងព្រះសង្ឃ និងសហគមន៍មូលដ្ឋានផងដែរ។

សាលាដំបូងរាជធានី​ភ្នំពេញ ​បាន​សម្រេចចោទ​ជន​សង្ស័យ​​ ​ដែល​បាន​បាញ់​សម្លាប់​លោកបណ្ឌិត កែម ឡី​ ដោយការ​ចោទប្រកាន់ចំនួន​​ពីរ​បទ​គឺ​ ​«ឃាត​កម្ម​គិត​ទុក​ជា​មុន ​និង​បទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។​ ​​​

លោក​អឿ​ត អាង ហៅ ជួប សម្លាប់ ដែល​រង​ការចោទប្រកាន់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​ត្រូវបាន​តុលាការ​​​គ្រប់​ជាន់ថ្នាក់​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ សំណុំ​រឿងនេះ ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​តុលាការ​កំពូល​ ក្រោយពី​តុលាការ​នេះ​បានប្រកាស​សាលដីកា​សម្រេច​ទាត់ចោល​ការប្តឹង​សារទុក្ខ​របស់​មេធាវី​ជួប សម្លាប់ និងបិទផ្លូវ​តវ៉ា​តទៅទៀត​៕

Daily Program

Livesteam thumbnail