ក្រុមគ្រួសារលោកកាឌីណាល់ តាឃ្លេ ប្រែក្លាយការកាន់ទុក្ខទៅជាពិធីស្វែងរកជំនួយជួយជនរងគ្រោះនេប៉ាល់
ក្រុមគ្រួសាររបស់លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាឃ្លេ នៅក្នុងអំឡុងពេលរៀបចំពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធឪពុករបស់លោក បានស្នើសុំមិត្តភក្តិ និងសាច់ញាតិដែលចូលរួមពិធី ប្រែក្លាយពិធីបុណ្យប្រចាំគ្រួសារទៅជាឱកាសដើម្បីចូលរួមថវិកាសរោទានជូនដល់ប្រជាជននេប៉ាល់។ ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបានរៀបចំឡើងនៅម៉ោង ៥:៣០ ល្ងាច នាថ្ងៃទី ៨ ខែកញ្ញា នៅលំនៅឋានលោកអភិបាលនៃព្រះសហគមន៍ អ៊ីមូស (Imus) ខេត្តខាវីត (Cavite) ដោយមានអ្នកចូលរួមប្រហែល ១០០ នាក់ រួមទាំងបូជាចារ្យ ដូនជី សាច់ញាតិ និងមិត្តភក្តិជាង ១០ នាក់។
នាឱកាសនោះ លោកកាឌីណាល់ បានមានប្រសាសន៍ថា មនុស្សជាច្រើនបានប្រាប់លោកថា ឪពុករបស់លោកតែងតែបាននាំយកការសូត្រធម៌ជូនពរដល់សមាជិកព្រះសហគមន៍ណាដែលមានជំងឺនៅក្នុងសហគមន៍ ហើយតែងតែបានអញ្ជើញទៅជួបសួរសុខទុក្ខពួកគេជាប្រចាំ។ លោកកាឌីណាល់ បាននិយាយលេងសើចថា “ខ្ញុំគិតថាឪពុករបស់ខ្ញុំប្រហែលជាបានទៅជួបសួរសុខទុក្ខអ្នកជំងឺច្រើនជាងខ្ញុំទៅទៀត”។ លោកបាននិយាយថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលស្ត្រីម្នាក់បានប្រាប់លោកថា ឪពុករបស់លោកបានជួយបញ្ជូនកូនរបស់គាត់ទៅសាលារៀន។ លោកកាឌីណាល់ បានពិពណ៌នាអំពីឪពុករបស់លោកថាជាមនុស្សម្នាក់ដែលស្រឡាញ់ជីវិត និងចែករំលែកជាមួយអ្នកដទៃតាមរបៀបផ្ទាល់ខ្លួនរបស់លោក ដោយធ្វើអំពើល្អដោយស្ងៀមស្ងាត់ដោយមិនស្វែងរកការទទួលស្គាល់។
ប្អូនប្រុសរបស់លោកកាឌីណាល់ គឺលោក ម៉ានូអែល ជូនៀរ បានចែករំលែកការកោតសរសើរស្រដៀងគ្នានេះចំពោះឪពុករបស់ពួកគេ។ លោក ម៉ានូអែល ជូនៀរ បានបន្តថា ខណៈដែលឪពុករបស់លោកចូលចិត្តយកចិត្តទុកដាក់លើជីវិត និងការធ្វើសកម្មភាពដ៏សាមញ្ញបែបនេះ ទើបក្រុមគ្រួសារលោកបានប្រែក្លាយពិធីនោះទៅជាកម្មវិធីមនុស្សធម៌ដើម្បីផ្ញើជូនជនរងគ្រោះទាំងឡាយនៅក្នុងប្រទេសនេប៉ាល់។ តាមសេចក្តីរាយការណ៍ ក្រុមគ្រួសារលោកបានសុខចិត្តមិនចំណាយលើកម្មវិធីអ្វីច្រើនទេ សូម្បីតែការចំណាយទិញផ្កា ដោយសុខចិត្តយកថវិកាសម្រាប់ការរៀបចំនេះ ទោះជាវាមិនច្រើន ក៏បានរួមចំណែកយកវាទៅបរិច្ចាកជូនជនរងគ្រោះនៅនេប៉ាល់។
