ក្រុងមូស្គូបង្ក្រាបក្តៅគគុក ៖ ចាប់ខ្លួនក្រុមអ្នកគាំទ្របក្សប្រឆាំងសង្គ្រាម ខណៈ មេដឹកនាំជាន់ខ្ពស់រងទោសជាប់ពន្ធនាគារជាង ១១ឆ្នាំ
សំឡេងប្រឆាំងសង្គ្រាមចុងក្រោយបង្អស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានអាជ្ញាធរធ្វើឱ្យ ស្ងាត់ស្ងៀម។ កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា កងកម្លាំងប៉ូលិសរុស្ស៊ីបានចាប់ខ្លួនមនុស្សប្រមាណ ៦០នាក់ នៅខាងក្រៅអគារតុលាការកំពូល ក្នុងទីក្រុងមូស្គូ អំឡុងពេលមានការប្រមូលផ្តុំគាំទ្រគណបក្ស «យ៉ាប្ល៉ូកូ» (Yabloko) ដែលជាគណបក្សនយោបាយតែមួយគត់ដែលនៅប្រឆាំងនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ការបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកគាំទ្រនេះ បានកើតឡើងនៅពេលដែលប្រជាពលរដ្ឋ និងក្រុម អ្នកសារព័ត៌មាន បានទៅរង់ចាំស្តាប់សេចក្តីសម្រេចរបស់តុលាការកំពូលលើបណ្តឹងតវ៉ារបស់ គណបក្ស «យ៉ាប្ល៉ូកូ» ដែលប្រឆាំងនឹងការហាមឃាត់មិនឱ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោតសភានាខែកញ្ញាខាងមុខ។ ជាលទ្ធផល តុលាការកំពូលបានបដិសេធចោលបណ្តឹងនេះ ហើយកងកម្លាំងសន្តិសុខបានរុញច្រាន និងដេញក្រុមអ្នកគាំទ្រ រួមទាំងអ្នកសារព័ត៌មានចេញពីតំបន់នោះ។
លោកគីរីល ហ្គុងស្ហ៉ារ៉ូវ (Kirill Gontcharov) ប្រធានសាខាគណបក្ស យ៉ាប្ល៉ូកូ ប្រចាំក្រុងមូស្គូ បានឱ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់នៅពេលពួកគេព្យាយាមចូលទៅជិតអគារតុលាការ។ ចំណែកមេដឹកនាំគណបក្ស លោកនីកូឡៃ រីបាកូវ បានថ្កោលទោសថា សកម្មភាពឃាត់ខ្លួនទាំងនេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
ការសម្រេចបិទផ្លូវមិនឱ្យគណបក្ស «យ៉ាប្ល៉ូកូ» ចូលរួមការបោះឆ្នោត ត្រូវគេមើលឃើញថាមិនត្រឹមតែជាការបំបាត់សិទ្ធិរបស់គណបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតដែលប្រឆាំងនឹងជម្លោះនៅអ៊ុយក្រែន (ដែលបានអូសបន្លាយអស់រយៈពេល ៤ឆ្នាំកន្លះ) មិនឱ្យមានឱកាសសម្តែងមតិ ឬទាមទារឱ្យបញ្ចប់សង្គ្រាមតាមរយៈសន្លឹកឆ្នោតឡើយ។
កញ្ញាម៉ារីយ៉ា ដែលមានអាយុ ១៨ឆ្នាំ អ្នកគាំទ្របក្ស «យ៉ាប្ល៉ូកូ» បាននិយាយថា ៖ «ប្រធានាធិបតីចង់បានប្រទេសធំ។ គាត់និយាយរឿងនេះគ្រប់ពេលវេលា ប៉ុន្តែពួកយើងចង់បានប្រទេសដែលមានសេរីភាព»។
ចំណែកលោក អេវហ្គេនី លីយ៉ាពីន ដែលជាពលរដ្ឋចូលរួម បាននិយាយថា លោកមិនមែនជាសមាជិក ឬជាអ្នកស្និទ្ធនឹងបក្ស«យ៉ាប្ល៉ូកូ»ទេ ប៉ុន្តែលោកមកទីនេះដើម្បីគាំទ្រនូវអ្វីដែលនៅសេសសល់សម្រាប់ប្រជាធិបតេយ្យ។ អ្វីដែលកំពុងកើតឡើងនៅថ្ងៃនេះ គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រជាធិបតេយ្យទូទាំងប្រទេស»។
ស្របពេលជាមួយគ្នានេះ នៅក្នុងនីតិវិធីតុលាការដាច់ដោយឡែកមួយទៀត លោកឡេវ ស្ហ្ល៉ូបឺហ្ស៍ (Lev Shlosberg) អនុប្រធានគណបក្ស យ៉ាប្ល៉ូកូ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងររយៈពេល ១១ឆ្នាំ និង ១ខែ ពីបទធ្វើការរិះគន់លើការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
តុលាការក្រុងប៉េស្កូវ បានរកឃើញថា អតីតតំណាងរាស្ត្រ និងជាថ្នាក់ដឹកនាំគណបក្ស ប្រឆាំងនេះ ដែលជាគណបក្សតែមួយគត់ដែលបានចុះបញ្ជីផ្លូវការនៅប្រទេសរុស្ស៊ី និងតែងប្រឆាំងនឹងជម្លោះសង្គ្រាមរុស្ស៊ីអ៊ុយក្រែន មានទោសពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបានធ្វើ "សកម្មភាពសាធារណៈ" ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះកងទ័ពរុស្ស៊ី។
អ្នកប្រឆាំងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ភាគច្រើន ត្រូវបានចាប់ដាក់ពន្ធនាគារ ភៀសខ្លួនទៅក្រៅប្រទេស ឬបានបាត់បង់ជីវិត ហើយគណបក្ស យ៉ាប្ល៉ូកូ គឺជាគណបក្សសេរីនិយម តែមួយគត់ដែលនៅតែបន្តសកម្មភាពប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី។ គណបក្សនេះបានប្រកាសថា ខ្លួននឹងប្តឹងតវ៉ាទាស់ប្រឆាំងនឹងការផ្តន្ទាទោសលើអនុប្រធានរបស់ខ្លួន។
