ក្រសួងអប់រំជំរុញការសាងសង់«សាលារៀនធ្វើពីឈើ»ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាក់រៀន

បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការសាងសង់សាលារៀនធ្វើពីឈើដែលមានស្តង់ដា និងប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាក់រៀនចំពោះមុខឱ្យទាន់ពេលវេលានៅតំបន់ជួបការលំបាក និងត្រូវធានាថាសាលារៀនធ្វើពីឈើមានស្តង់ដាសមរម្យទទួលយកបាន និងមានបរិយាកាសសិក្សាល្អប្រសើរសម្រាប់សិស្សានុសិស្ស។

ជាមួយគ្នានេះ ក្រុមការងារជំនាញបានបង្ហាញអំពីលទ្ធផលនៃការសិក្សាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធអប់រំសាលារៀនធ្វើពីឈើ ជម្រើសគំនូសប្លង់អគារសិក្សាធ្វើពីឈើ ប្រភេទអគារ និងការប៉ាន់ស្មានតម្លៃនៃការសាងសង់ ការសាងសង់បង្គន់អនាម័យ ការបំពាក់ក្តាខៀន តុកៅអីសិស្ស សម្ភារបរិក្ខារ និងការពង្រាយគ្រូជាដើម។

ដើម្បីជំរុញនូវប្រសិទ្ធភាពការងារ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យក្រុមការងារ បន្តសិក្សាបន្ថែមដើម្បីស្វែងរកនូវជម្រើសគម្រោងដែលមានស្តង់ដាល្អបំផុតមួយ ឆ្លើយតបទៅនឹងកញ្ចប់ថវិកា ក៏ដូចជាធានាបាននូវផាសុកភាព និងបរិយាកាសសិក្សាល្អសម្រាប់សិស្ស ដោយក្នុងនោះត្រូវធ្វើការវិភាគឱ្យលម្អិត និងស៊ីជម្រៅពីគុណភាព និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចនឹងកើតឡើងពីអគារឈើ ក៏ដូចជាពិនិត្យមើលតម្រូវការជាក់ស្តែងរបស់នាយក នាយិកា លោកគ្រូអ្នកគ្រូនៅសាលារៀនផ្ទាល់ និងសហគមន៍នោះ ដោយសង្កត់ធ្ងន់ថា ត្រូវតែជាគ្រោងដែលមានគ្រឹះធ្វើពីថ្ម ដើម្បីធានាបានភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ និងអាចរុះរើសាងសង់ជាអគារថ្មនាពេលអនាគតបាន។

គួរបញ្ជាក់ដែរថា គម្រោងនៃការសាងសង់សាលារៀនឈើនេះ គឺដើម្បីឆ្លើយតបតម្រូវការបន្ទាន់ ដែលកំពុងខ្វះខាតថ្នាក់រៀននៅតាមតំបន់ជួបការលំបាក ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលដៅធានាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយគុណភាព សមភាព និងបរិយាបន្ន ដើម្បីឈានទៅលុបបំបាត់សាលារោងដោលគ្មានស្តង់ដា និងសាលារៀនចាស់ទ្រុឌទ្រោមឱ្យអស់នាពេលអនាគត៕

Daily Program

Livesteam thumbnail