ក្រសួងផែនការ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងបន្លំទាក់ទងនឹងបណ្ណសមធម៌
ក្រសួងផែនការ បានប្រកាសឱ្យដឹងថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មាន ក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក, តេឡេក្រាម និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌។
ការផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតំបន់ក្រុងរុនតាឯក និងពាក់ស្នែងនៃខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋក្រុមគោលដៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័តមានរបស់ក្រសួងផែនការ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្រសួងបានបញ្ជាក់ថា ៖ «ជាក់ស្ដែងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate. និងភាសាខ្មែរថា ប្រជាជនកម្ពុជាទាំ ងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ ផ្សេងៗពីប្រ ព័ន្ធជំនួយសង្គម»។
ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $2 500 ទៀតផង។
សេចក្តីប្រកាសបានឱ្យដឹងថា ៖ «ក្រសួងផែនការ សូមបដិសេដទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរ មានសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចខាងលើ»។
ក្រសួងផែនការ បានបន្តថា ដើម្បីទទួលបានបណ្ណសមធម៌ ប្រជាពលរដ្ឋគ្រប់រូបដែលគិតថាខ្លួនមានការលំបាកផ្នែកជីវភាព ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅសាលាឃុំ សង្កាត់។ ក្រុមការងារឃុំ សង្កាត់ នឹងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រួសារនោះ ហើយក្រសួងផែនការនឹងចេញបណ្ណសមធម៌ជូនគ្រួសារដែលលទ្ធផលនៃការសម្ភាសន៍បង្ហាញថាបាន ជាប់ជាគ្រួសារក្រីក្រ។
ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត គឺមិនមែនជាភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងផែនការឡើយ៕