ក្រសួងបរិស្ថាន រៀបចំ ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំជាងគេ នៅកម្ពុជា
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោងនឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ។
ក្រសួង បរិស្ថាន បាន ឱ្យដឹងថា ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
ក្រសួងបានបញ្ជាក់ថា ៖ «ថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូ នឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ»។
សូមបញ្ជាក់ដែរថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺ ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕