ក្រសួងទេសចរណ៍កម្ពុជារំលឹកភ្ញៀវទេសចរអំពីលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ២៤ ម៉ោង
ក្រសួងទេសចរណ៍ បានរំលឹកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងទស្សនានៅប្រទេសកម្ពុជា អំពីលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ដែលមានបម្រើសេវាកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃ សម្រាប់ផ្តល់ជំនួយក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមការប្រកាសនាពេលថ្មីៗនេះ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស បានឱ្យដឹងថា វិធានការនេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវកម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ទំនុកចិត្ត និងការស្វាគមន៍យ៉ាងរ៉ាក់ទាក់។
គណៈកម្មាធិការអន្តរក្រសួង កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បាននិងកំពុងពង្រឹងកិច្ចសម្របសម្រួលក្នុងការផ្តល់សេវាជំនួយ និងដោះស្រាយបញ្ហានានាដែលភ្ញៀវទេសចរជួបប្រទះ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ស្របតាមប្រព័ន្ធ "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ"។
លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់មានដូចខាងក្រោម៖
ករណីពាក់ព័ន្ធនឹងការចេញ-ចូលប្រទេស៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – ០៦៨ ៣៨៦ ៦៩៩ / ០៧៨ ៣៨៦ ៦៩៩ / ០៨៧ ៣៨៦ ៦៩៩
ករណីសន្តិសុខ និងសុវត្ថិភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ – ១១៧
នាយកដ្ឋាននគរបាលទេសចរណ៍៖ ០១៦ ៦៥៤ ៧៣៦
ក្រុមការងារឆ្លើយតបរហ័សសម្រាប់ជនបរទេស៖ ០៣១ ២០១ ២៣៤៥ / ០៣១ ៦០១ ២៣៤៥
ករណីសង្គ្រោះបន្ទាន់ និងគ្រោះថ្នាក់ចរាចរណ៍/រាងកាយ៖ សេវារថយន្តសង្គ្រោះបន្ទាន់ – ១១៩
ក្រសួងបានតម្រូវ ដល់ភ្ញៀវទេសចរដែលជួបប្រទះបញ្ហាប្រឈមដោយចៃដន្យ ឬត្រូវការជំនួយជាបន្ទាន់ ឱ្យទាក់ទងទៅកាន់លេខទូរស័ព្ទពាក់ព័ន្ធទៅតាមប្រភេទនៃករណីរបស់ពួកគេ ដើម្បីឱ្យការជួយសង្គ្រោះ និងការអន្តរាគមន៍អាចធ្វើឡើងបានទាន់ពេលវេលា។
