ក្រសួងការពារជាតិ៖ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស

​ក្រសួងការពារជាតិ បាន​ចេញ​សេចក្តីប្រកាស​ បញ្ជាក់ពី​​ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជា​ការយោធភូមិភាគទី៣ កាលពី​ចុងសប្តាហ៍មុនគឺ​​ជា​បញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជា​តិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្មនោះឡើយ។

ក្រសួងបាន​​លើកឡើង​ឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំ​នួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស។

ពាក់ព័ន្ធនឹងបញ្ហានេះ​ ក្រសួងការពារជាតិ​បានបញ្ជាក់ថា ៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធ ភូមិភា​គទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភា​ព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើស ឡើយ»​។

ក្រសួងការពារជាតិ សូមស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប​ញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទា​ល់​ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់ស​ន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវចំពោះមុខច្បាប់៕

Daily Program

Livesteam thumbnail