ក្រសួងការងារ ប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ»។
ទិវានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាក្រុមហ៊ុន ថូភេក អេឡិកទ្រិកឯ.ក ខេត្តពោធិ៍សាត់ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារសំខាន់នៃការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាបានប្រារព្ធរយៈពេល១៩លើកមកហើយដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។
ជាមួយគ្នានេះ លោក ហេង សួរក៏បានជំរុញឱ្យវិស័យឯកជនបន្ត និងខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រសហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត ក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករ។
បន្ថែមពីនេះ រោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារដើម្បីអាចពិនិត្យមើលលើស្ថានភាពសុខភាពជាក់ស្តែងរបស់កម្មករផង និងដើម្បីត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយផងដែរដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។
លោកបានបញ្ជាក់ថា ៖ «ការបង្កើតបាននូវសុខសុវត្ថិភាពដែលមានលក្ខណៈស្តង់ដារនៅតាមរោងចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជកឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា»៕