ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។
យោងតាមក្រសួងការងារបានឱ្យដឹងថា ក្រោយស្តាប់នូវបទបង្ហាញ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។
ចំពោះកិច្ចការងារនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ»។
សូមបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូណកម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕