កុំបារម្ភចំពោះបច្ចេកវិទ្យា AI
នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានចុងក្រោយនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC នៅមជ្ឈមណ្ឌលសកម្មភាពរបស់ព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្នុងទីក្រុងហ្សាការតា កាឌីណាល់ ប៉ាប្លូ វីរហ្គីលីយ៉ូ ដាវីឌ (Pablo Virgilio David) អនុប្រធានសភាលោកអភិបាលកាតូលិកអាស៊ី បានបកស្រាយ និងជំរុញឱ្យព្រះសហគមន៍មើលឃើញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ដ៏មានតម្លៃសម្រាប់បេសកកម្ម ជាជាងការភ័យខ្លាចថាវាជាការគំរាមកំហែង។
ក្នុងសន្និសីទសារព័ត៌មាននោះ មានការចូលរួមពីលោកបូជាចារ្យ ក្លារិន ឌីវ៉ាដាស (Clarence Devadass) និងលោកអភិបាល អង់តូនីយូស ស៊ូប៊ីយ៉ាន់តូ ប៊ុនយ៉ាមីន (Antonius Subianto Bunjamin) កាលពីថ្ងៃទី ២៦ ខែកក្កដា លោកកាឌីណាល់បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាប្រឈម និងឱកាសដែលព្រះសហគមន៍នៅអាស៊ីកំពុងជួបប្រទះ។ នៅពេលត្រូវបានសួរថា តើ AI បង្កជាហានិភ័យដែរឬទេ លោកកាឌីណាល់ ដាវីឌ បានចង្អុលបង្ហាញពីសក្តានុពលដ៏ធំធេងរបស់វាក្នុងការកែលម្អការទំនាក់ទំនង និងការផ្សព្វផ្សាយដំណឹងល្អនៅទូទាំងតំបន់មួយដែលមានភាពចម្រុះខាងភាសាច្រើនជាងគេបំផុតក្នុងពិភពលោក។
ដើម្បីបង្ហាញពីតម្លៃជាក់ស្តែងនៃបច្ចេកវិទ្យានេះ លោកកាឌីណាល់បានរំលឹកពីពេលដែលលោកទទួលបានសេចក្តីថ្លែងការណ៍គង្វាលកិច្ចចុងក្រោយរបស់ក្រុមអភិបាលឥណ្ឌូនេស៊ីជាភាសាបាហាសា (ភាសាឥណ្ឌូនេស៊ី) ហើយភ្លាមៗនោះ លោកបានយល់ឃើញថា ការបកប្រែដោយជំនួយពី AI អាចធ្វើឱ្យឯកសារទាំងនេះទៅដល់ដៃគ្រីស្តបរិស័ទនៅទូទាំងទ្វីបអាស៊ីយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានប្រឆាំងនឹងការផ្អែកលើលទ្ធផលស្វ័យប្រវត្តិនេះដោយខ្វះការពិចារណា ដោយបានកត់សម្គាល់ពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសាកល្បងកម្មវិធីបកប្រែ AI ជាច្រើនថា លទ្ធផលដែលបង្កើតដោយម៉ាស៊ីននៅតែអាចមានកំហុសឆ្គងធំៗ ជាពិសេសនៅពេលបកប្រែភាសាក្នុងស្រុក ឬនៅពេលខ្វះបរិបទវប្បធម៌។ ជំនួសឱ្យការមើលឃើញ AI ជាអ្នកជំនួសស្មារតី និងបញ្ញារបស់មនុស្ស លោកបានលើកទឹកចិត្តឱ្យចាត់ទុកវាដូចជា «សិស្សដែលមានខួរក្បាលឆ្លាតវៃបំផុត» ដែលសមត្ថភាពរបស់វានឹងកាន់តែប្រសើរឡើងតាមរយៈការផ្តល់បរិបទច្បាស់លាស់ និងការណែនាំយ៉ាងយកចិត្តទុកដាក់ពីមនុស្ស។
លោកកាឌីណាល់ ដាវីឌ បានប្រៀបធៀបក្តីបារម្ភនាពេលបច្ចុប្បន្នជុំវិញបច្ចេកវិទ្យា AI ទៅនឹងការភ័យខ្លាចដំបូងៗនៅពេលដែលម៉ាស៊ីនគិតលេខ ត្រូវបានបង្កើតឡើងកាលពីប៉ុន្មានទសវត្សរ៍មុន។ ដូចគ្នានឹងម៉ាស៊ីនគិតលេខដែលមិនបានបំផ្លាញសមត្ថភាពគណិតវិទ្យារបស់មនុស្ស ប៉ុន្តែបែរជាលើកកម្ពស់ការសិក្សាគណិតវិទ្យាឱ្យឈានដល់កម្រិតខ្ពស់ជាងមុន។
លោកបានសម្តែងការជឿជាក់ថា AI នឹងជួយពង្រឹងគំនិតច្នៃប្រឌិត ការសិក្សា និងកិច្ចសហប្រតិបត្តិការរបស់មនុស្សនៅពេលប្រើប្រាស់វាដោយទទួលខុសត្រូវ ដោយសង្កត់ធ្ងន់ថាមនុស្សនៅតែមានបញ្ញាឆ្លាតវៃជាងម៉ាស៊ីន។
លោកបានកត់សម្គាល់ថា អ្នកប្រើប្រាស់ AI ដ៏ល្អបំផុត គឺជាអ្នកដែលចេះប្រើពាក្យបញ្ជា (Prompters) យ៉ាងមានប្រសិទ្ធភាព និងចេះទាញយកសក្តានុពលពេញលេញរបស់វា។ ជាចុងក្រោយ លោកបានគូសបញ្ជាក់ថា មនុស្សគឺជាអ្នកទទួលខុសត្រូវក្នុងការធានាថា បច្ចេកវិទ្យានេះបម្រើផលប្រយោជន៍រួម ដែលនេះស្របទៅតាមចក្ខុវិស័យទូលំទូលាយនៃមហាសន្និបាត ក្នុងការប្រឈមមុខដោយទំនុកចិត្តជាមួយនឹងប្រាកដនិយមនៃពិភពទំនើប ខណៈពេលដែលនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងមាំនៅក្នុងដំណឹងល្អ៕