កុមារីហ្វីលីពីនម្នាក់នៅលើវិថីឆ្ពោះទៅរកការតែងតាំងជាសន្តបុគ្គល
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា កុមារីអាយុទើបតែ១៣ឆ្នាំម្នាក់កំពុងតែស្ថិតនៅលើវិថីនៅក្នុងការតែងតាំងនាងជាសន្តបុគ្គលមួយរូប។
ប្រភពដដែលបានឲ្យដឹងថា សន្តអាសនៈនៅពេលនេះបានអនុញ្ញាតបើកផ្លូវឲ្យមានការសើបអង្កេតដើម្បីប្រកាសតែងតាំងនាងជាសន្តបុគ្គលហើយ។
កុមារីរូបនេះត្រូវបានគេដឹងថា នីណា រូអ៊ី អាបេ ដែលបានទទួលមរណៈភាពនៅក្នុងឆ្នាំ១៩៩៣ ហើយនៅពេលនេះថ្នូរបស់នាងកំពុងតែក្លាយជា កន្លែងសក្ការៈបូជាមួយ។
ប្រសិនបើកុមារីហ្វីលីពីនរូបនេះត្រូវបានប្រកាសថាជាសន្តបុគ្គលមែននោះ នាងនឹងក្លាយជាសន្តបុគ្គលដែលក្មេងជាងគេបង្អស់។
កុមារីរូបនេះកើតនៅក្នុង ថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៧៩ នៅទីក្រុង កេហ្ស៊ុន ( Quezon) ដោយ ឪពុកម្តាយរបស់នាងជាមេធាវី ប៉ុន្តែនាងកំព្រាឪពុកតាំងពីនាងអាយុ៣ឆ្នាំ។
កុមារីនេះបានដឹងថាខ្លួនមានជំងឺបេះដូងនៅអាយុ១០ ឆ្នាំ ហើយបានតស៊ូរស់នៅជាមួយនឹងជីវិតដែលគ្មានសេចក្តីភ័យខ្លាច ដោយមានជំនឿ និងសេចក្តីរីករាយរហូតដល់នាងទទួលមរណៈ៕