កិច្ចសន្ទនា​អំពីអ៊ុយក្រែន លោកពូទីនមិនទៅរដ្ឋធានី អ៊ីស្តង់ប៊ូល លោកត្រាំក៏មិនទៅ

វិមានក្រឹមឡាំង កាលពីថ្ងៃទី១៤ ខែឧសភា បានបង្ហាញសមាជិកនៃគណប្រតិភូ​ដែលនឹងធ្វើ​ដំណើរ​ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសទួរគី ដើម្បីធ្វើកិច្ចសន្ទនាផ្ទាល់ជាមួយអ៊ុយក្រែន ដោយមិនមានឈ្មោះ​លោកវ្លាឌីមៀ ពូទីន ដែលត្រូវបានអញ្ជើញឲ្យទៅកាន់ទីនោះដើម្បី​ជួប​សមភាគី លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី នោះទេ។

យោងតាមបញ្ជីមួយដែលផ្សព្វផ្សាយដោយវិមានក្រឹមឡាំង គណប្រតិភូរុស្ស៊ី នឹងត្រូវបាន​ដឹកនាំ​ដោយទីប្រឹក្សារបស់លោកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ម៉េឌីនស្គី អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស លោកម៉ីខៃអ៊ីល ហ្គាលូហ្ស៊ីន និងអនុរដ្ឋ​មន្រ្តីក្រសួងការពារជាតិ លោក​អាឡិចហ្ស៉ង់ ហ្វ៉ូមីន។

យោងតាមតំណាងអាម៉េរិក បានឲ្យដឹងថា ខាងសហរដ្ឋអាម៉េរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ក៏នឹងអវត្តមាន​សម្រាប់កិច្ច​សន្ទនានេះដែរ។ លោកដូណាល់ ត្រាំ បានរំឭក​កាល​ពី​ដើម​សប្តាហ៍​នូវការសន្និដ្ឋានអាចទៅទីក្រុងអ៊ីស្តង់ប៊ូល ប្រសិនបើលោក​វ្លាឌីមៀ ពូទីនចូលរួម ជា​លក្ខណៈ​ផ្ទាល់ខ្លួនផ្ទាល់​សម្រាប់កិច្ចចរចា​សន្តិភាពជាមួយទីក្រុងគៀវ។

ប៉ុន្មានសប្តាហ៍មុន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានហៅលោកវ្លាឌីមៀ ពូទីន មកជួបផ្ទាល់​សម្រាប់កិច្ចពិភាក្សាទាំងនេះ ដែលថ្លែងដោយប្រមុខវិមានក្រឹមឡាំង និងត្រូវមើលឃើញថា ចង់​បើកដំណើរការការទូត​ដើម្បីស្វែងរកដំណោះស្រាយ​សម្រាប់ការវាយប្រហារបង្ហូរ​ឈាម​រយៈ​​ពេលច្រើនជាង ៣ឆ្នាំ មកលើអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី ដែលបង្ហាញខ្លួនជាសាធារណៈជាច្រើនដង បានរក្សាការស្ងៀមស្ងាត់​លើ​ប្រធាន​បទនេះ ចាប់តាំងពីមានសំណើររបស់​លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ប៉ុន្តែនេះគឺជា​លើក​ទី១ ដែលអ្នកតំណាងរុស្ស៊ីនឹងពិភាក្សាគ្នាផ្ទាល់​ជាមួយអ្នកតំណាង​អ៊ុយក្រែន អំពីច្រក​ចេញ​​នៃជម្លោះ​ចាប់តាំងពីការបរាជ័យនៃកិច្ចពិភាក្សាដំបូងដែលរៀបចំ​ឡើង​មិន​យូរប៉ុន្មាន បន្ទាប់​ពីការចាប់ផ្តើម​ការវាយប្រហាររបស់រុស្ស៊ី​ក្នុងទ្រង់ទ្រាយធំមកលើអ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២២។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា អ៊ុយក្រែនត្រូវត្រៀមគ្រប់ទម្រង់នៃការចរចា ក្នុង​គោលដៅ​ប​ញ្ចប់សង្រ្គាម​ដែលបញ្ឆេះឡើងនៅឆ្នាំ២០២២ ដោយរុស្ស៊ី។

ទីប្រឹក្សាការទូតរបស់លោកវ្លាឌីមៀ ពូទីន លោកលូរី អ៊ូចាកូវ បានបញ្ជាក់តាមទូរទស្សន៍រុស្ស៊ី ថារំពឹងអំពីកិច្ចប្រជុំដែលនឹងកើតមានឡើងនៅពេលព្រឹក ដែលនៅក្នុងនោះបញ្ហានយោបាយ​និងបច្ចេកទេសនឹងត្រូវលើកយកមកនិយាយគ្នា។

រុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅលើជំហរប្រឆាំងគ្នា។ លោកវ្លាឌីមៀ ពូទីន ទាមទារជានិច្ចថា អ៊ុយក្រែន​ត្រូវតែបដិសេធ ការចូលរួមជាមួយណាតូ ហើយធានាតំបន់ដែលទីក្រុងមូស្គូ បាន​ភ្ជាប់​ជាឧបសម្ព័ន្ធនោះ ឲ្យរុស្ស៊ីថែរក្សា។

ចំណែកអ៊ុយក្រែនចង់បានការធានាសន្តិសុខរឹងម៉ាំដើម្បីបញ្ចៀសរាល់ការវាយប្រហារថ្មីពីរុស្ស៊ី និងថា ទាហានរុស្ស៊ី ដែលគ្រប់គ្រងប្រមាណ ២០% នៃទឹកដីរបស់ខ្លួន ត្រូវដកចេញពីទីនោះ ទោះ​បីជាមានការអំពាវនាវរបស់ទីក្រុងមូស្គូឲ្យទទួលសច្ចៈភាពថ្មីនៃដែនដីជាក់ស្តែងក៏ដោយ។

ចំណែកប្រទេសអឺរ៉ុបដែលជាសម្ព័ន្ធមិត្តអ៊ុយក្រែន ក៏លំបាកនឹងធ្វើដឹងធ្វើឮ និងគម្រាមរុស្ស៊ីថា​នឹង​ដាក់ទណ្ឌកម្មដ៏សម្បើមបន្តទៀត ប្រសិនបើរុស្ស៊ីមិនទទួលយល់​ព្រមបទឈប់បាញ់ នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ។ ដោយការរងចាំ សហគមន៍អឺរ៉ុប កាលពីថ្ងៃពុធ បានអនុម័តកញ្ចប់​ទណ្ឌកម្ម​ទី​១៧ ជាវិធានការ​ឆ្លើយតប។ នៅក្នុងបរិបទប្រែប្រួលនេះ លោកអធិការបតីអាឡឺម៉ង់ លោក​ហ្វី្រឌ្រីដ មឺហ្សបានជំរុញឲ្យរដ្ឋអឺរ៉ុបដទៃទៀត និងអាម៉េរិក រក្សាការរួបរួមឲ្យខ្លាំងក្លាបំផុត និង​បដិសេធ​​ចោលសន្តិភាពដែលដឹកដៃឲ្យសរសេរដោយទីក្រុងមូស្គូ។

 

 

Daily Program

Livesteam thumbnail