ការ​បម្រែបម្រួលអាកាសធាតុត្រូវការកិច្ចសហប្រតិបត្តិការជាសកល

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានផ្ញើសារទៅកាន់សន្និសីទមួយនៅទីក្រុងរ៉ូម ដោយបានពិពណ៌នាថា បម្រែបម្រួលអាកាសធាតុគឺបានកំពុងតែបង្កផលប៉ះពាល់ខ្លាំងដល់មនុស្សជាតិ ដែលទាមទារឲ្យមានកិច្ចសហប្រតិ បត្តិការជាសកល។

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្និសីទដែលគេបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ គឺមានការប្រមូលផ្តុំពិភាក្សាអំពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើអ្នកដែលងាយរងគ្រោះបំផុត។ សន្និសីទនេះ បានទាក់ទាញការចូលរួមដោយអ្នកជំនាញ សាស្រ្តាចារ្យ  រួមទាំងកាឌីណាល ជាច្រើនរូប។​

នៅក្នុងអង្គសន្និសីទ គេបានលើកឡើងថា មកដល់ពេលនេះប្រហែល ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោកត្រូវបានប៉ះពាល់នឹងរលកកំដៅដ៏សាហាវច្រើនជាង ២០ ថ្ងៃជារៀងរាល់ឆ្នាំ។ ​

នាឱកាសនោះ សម្តេចប៉ាប បានចេញការព្រមានមួយថា ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ប្រទេសក្រីក្របំផុត ហើយសញ្ញារបស់វាមិនអាចលាក់បាំង ឬក្លែងបន្លំបានឡើយ។

ថ្លែងអំពីវិបត្តិបរិស្ថានកាន់តែយ៉ាប់យ៉ឺនដែលកំពុងប្រឈមមុខនៅក្នុងពិភពលោក លោកកាឌីណាល់ រ៉ូបឺត ហ្រ្វង់ស៊ី ប្រេវូស ( Robert Francis Prevost) ប្រធានគណៈកម្មាធិការ ព្រះសហគមន៍អាមេរិកឡាទិន និង ជាអ្នកទទួលខុសត្រូវ ក្រសួងគ្រប់គ្រងលោកអភិបាលព្រះសហគមន៍ បានសង្កត់ធ្ងន់ថា វាដល់ពេលដែលត្រូវផ្លាស់ប្តូរ "ពីពាក្យមួយទៅសកម្មភាព"។ លោកបាននិយាយថា ចម្លើយចំពោះបញ្ហាប្រឈមនេះត្រូវតែផ្អែកលើគោលលទ្ធិសង្គមនៃព្រះសហគមន៍។

លោកបានបញ្ជាក់ថា «ការត្រួតត្រាលើធម្មជាតិ» កិច្ចការដែលព្រះបានប្រទានដល់មនុស្សជាតិ វាមិនគួរក្លាយជា «អំពើទុច្ចរិតឡើយ»។ លោកបាននិយាយថា វាត្រូវតែជា«ទំនាក់ទំនងទៅវិញទៅមក» ជាមួយបរិស្ថាន។

លោកកាឌីណាល់បានព្រមានប្រឆាំងនឹងផលវិបាក  នៃការអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ សន្តអាសនៈក្នុងការការពារបរិស្ថាន ដោយបានលើកឧទាហរណ៍ដូចជា ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្តូរទៅប្រើរថយន្តអគ្គិសនីនៅវ៉ាទីកង់ជាដើម៕

Daily Program

Livesteam thumbnail