ការិយាល័យបូជាចារ្យ FABC៖ ចំណុចសំខាន់ៗបន្ថែមស្តីពីការបណ្តុះបណ្តាលបូជាចារ្យ

ការិយាល័យបូជាចារ្យនៃ FABC បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលបូជាចារ្យដែលអាចដឹកនាំព្រះសហគមន៍​នៅអាស៊ីឱ្យកាន់តែមានលក្ខណៈស៊ីណូដាល និងបេសកកម្ម ដោយបានរំលេចនូវគំនិតផ្តួចផ្តើមបណ្តុះបណ្តាលជាងពីរទសវត្សរ៍ នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC)។

១. មរតក ២២ ឆ្នាំ និង "កិច្ចសន្ទនាតាមបែបត្រីភាគី"

ចាប់តាំងពីបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០០៤ ការិយាល័យបូជាចារ្យនៃ FABC បានផ្តោតលើការអភិវឌ្ឍបូជាចារ្យឱ្យមានជីវិតផ្លូវ​វិញ្ញាណជ្រាលជ្រៅ និងមានការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំបែបអ្នកបម្រើ។

ក្នុង​បរិបទអាស៊ី លោកអគ្គអភិបាល អ៊ុឌូម៉ាឡា បាឡា (Udumala Bala) ប្រធាន​ការិយាល័យនេះ បានគូសបញ្ជាក់ថា ទោះបីជាព្រះសហគមន៍​កាតូលិកនៅអាស៊ីជា "ហ្វូងចៀមតូច" ក៏ដោយ ប៉ុន្តែជាហ្វូងចៀមដែលមានជីវិតរស់រវើក មានការផ្លាស់ប្តូរ និងពេញដោយសង្ឃឹម។

លោកបាន​បន្ថែម​ថា កិច្ចសន្ទនាតាមបែបត្រីភាគី គឺជាផ្នែកស្នូលនៃការបណ្តុះបណ្តាលនេះ តម្រូវឱ្យបូជាចារ្យមានឫសគល់នៅក្នុងវប្បធម៌អាស៊ី និងចូលរួមយ៉ាងសកម្មនៅក្នុង "កិច្ចសន្ទនាតាមបែបត្រីភាគី" របស់ព្រះសហគមន៍ ពោលគឺការកសាងទំនាក់ទំនងជាមួយជនក្រីក្រ ប្រជាជននៃសាសនាផ្សេងៗ និងវប្បធម៌ក្នុងស្រុក។

២. ការវិវត្តនៃការថែទាំគង្វាល (២០០៦–បច្ចុប្បន្ន)

ការិយាល័យបានកែសម្រួលកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសក្នុងពិភពពិត ដែលក្រុមបូជាចារ្យបានជួបប្រទះក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

កម្មវិធីបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៦ នៅទីក្រុងហួហិន ប្រទេសថៃ ដោយផ្តោតលើការបណ្តុះបណ្តាលលក្ខណៈជាមនុស្សរបស់បូជាចារ្យ។ នៅត្រឹមឆ្នាំ ២០០៨ ការផ្តោតអារម្មណ៍បានពង្រីកទៅលើការគាំទ្របូជាចារ្យដែលជួបវិបត្តិ និងការស្វែងរកឡើងវិញនូវអំណរនៃការត្រាស់ហៅរបស់ពួកគេ។

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ការការពារក្រុមមនុស្សដែលងាយរងគ្រោះបានក្លាយជាកង្វល់ចម្បង។ នៅក្នុងឆ្នាំ ២០២២ ការផ្តោតលើការការពារសុវត្ថិភាពជា​រឿងសំខាន់ ហើយការិយាល័យបានសហការផ្ទាល់ជាមួយវិទ្យាស្ថានការពារសុវត្ថិភាពកាតូលិកម៉ានីល (Catholic Safeguarding Institute Manila) ដើម្បីពង្រឹងវិធានការការពារកុមារ និងបុគ្គលដែលងាយរងគ្រោះ។

៣. ស៊ីណូដាល និងការកែទម្រង់នៅក្នុងទេវវិទ្យាល័យ

ស៊ីណូដាល ជាការអនុវត្តដំណើរ​រួមគ្នា​ បានផ្លាស់ប្តូរពីគំនិតរូបិយ ទៅជាគោលការណ៍ណែនាំបណ្តុះបណ្តាលបូជាចារ្យទាំងអស់របស់ FABC។

ការិយាល័យបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាល និងវគ្គបណ្តុះបណ្តាលស៊ីណូដាលជាក់លាក់សម្រាប់បូជាចារ្យ និងអ្នកបណ្តុះបណ្តាលក្នុងសិក្ខាសាលាពេញមួយឆ្នាំ ២០២៣ និង ២០២៤។

នៅក្នុងឆ្នាំ ២០២៥ ការិយាល័យបានប្រមូលផ្តុំវាគ្មិន​មកពីទូទាំងតំបន់អាស៊ី ដើម្បីបង្កើតធនធានបណ្តុះបណ្តាលរួមគ្នាដែលបំផុសគំនិតដោយចងក្រង​ឲ្យមាន​ឯកសារ FABC 50ឆ្នាំ។ គោលដៅគឺដើម្បីធានាថាបូជាចារ្យជំនាន់ក្រោយមើលឃើញស៊ីណូដាល មិនត្រឹមតែជាការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាបរិបទរស់នៅជាមូលដ្ឋាន និងជាគំរូនៃកិច្ចបំរើ។

៤. ទស្សនវិស័យនាពេលអនាគត និងការកែសម្រួលកិច្ចសហការ

ដោយទទួលស្គាល់ថាការបណ្តុះបណ្តាលបូជាចារ្យគឺជាដំណើរពេញមួយជីវិត ការិយាល័យកំពុងរៀបចំខ្លួនដើម្បីដោះស្រាយបញ្ហាសកលទំនើបៗដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដោយការលុបបំបាត់របាំងខណ្ឌចែកនៅក្នុងព្រះសហគមន៍។

ការិយាល័យបូជាចារ្យមានផែនការរឹតចំណងធ្វើការងារជាក្រុមជាមួយផ្នែកផ្សេងទៀតនៃ FABC ជាពិសេសការិយាល័យជីវិតបព្វជិត-ជិតា (Office of Consecrated Life) ការិយាល័យគ្រហស្ថ និងគ្រួសារ (Office of Laity and Family) ការិយាល័យបណ្តុះបណ្តាល និងអប់រំជំនឿ (Office of Education and Faith Formation) និងគណៈកម្មការសម្រាប់ស៊ីណូដាល (Commission for Synodality)។

រួមជាមួយ​ការិយាល័យទាំងនេះ ការិយាល័យ​សម្រាប់​បូជាចារ្យ​មានគោលបំណងអភិវឌ្ឍធនធានទេវវិទ្យា ថ្មីៗ និងគោលការណ៍ណែនាំអំពី​គង្វាលកិច្ច ដែលដោះស្រាយបញ្ហាសម័យទំនើប រួមមានវិបត្តិបរិស្ថាន កំណើននៃបញ្ញាសិប្បនិម្មិត (AI) និងឥទ្ធិពលនៃវប្បធម៌ឌីជីថលលើសហគមន៍ក្នុងស្រុក៕

Daily Program

Livesteam thumbnail