ការស្ទង់មតិ៖ សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ
អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន។
ក្រសួងបានធ្វើការស្ទង់មតិមួយដែលរៀបចំឡើងក្នុង ក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបានបន្តថា សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា សេរីភាពនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។
សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្ត្រចម្រុះ គឺវិធីសាស្ត្រគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖
១) ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្ត រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស,
២) ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស, និង
៣)និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គល សំខាន់ៗក្នុងវិស័យព័ត៌មាន។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ការសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីលំហ សិទ្ធិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។
លោកមានប្រសាសន៍ថា ៖ «ការសិក្សា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំធ្វើឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ដែលជាសក្ខីភាពមួយបង្ហាញ ភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយបានពូនជ្រុំនូវរាល់សមិទ្ធផល និងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗសម្រាប់វិស័យព័ត៌មាន»។
ផ្អែកលើលទ្ធផលនៃការសិក្សាដដែលនេះ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់ មតិទាំងអស់ បានឯកភាពថាភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។
ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាព ពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពី ប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។
ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូល រួមការស្ទង់មតិសរុប មនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ខណៈមនុស្សចំនួន ៩២,១% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ហើយ ៩៩,៤% បានគាំទ្រការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ។
លោក នេត្រ ភក្ត្រា បានថ្លែងបន្ថែមថា ទិដ្ឋភាពនៃការប្រែប្រួល ទាំងនេះចាំបាច់ទាមទារឱ្យភាគីទាំងអស់ក្នុងវិស័យព័ត៌មានអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នា ជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពផ្សព្វផ្សាយប្រកបដោយ ភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មាន មានជំនឿយ៉ាងមុតមាំថា របាយការណ៍នេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ជាមូលដ្ឋាន គ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មានកម្ពុជាឱ្យលេចត្រដែតសក្តិសម ជាអំណាចទី៤ ដែលគាំទ្រនិងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងថែរក្សា ការពារសុខសន្តិភាព នៅកម្ពុជា៕