ការវិនិយោគលើការអាន ដើម្បីជួយដល់អនាគតរបស់យុវជន

ប្រជាពលរដ្ឋខ្មែរភាគច្រើន ចូលចិត្តស្តាប់វិទ្យុ ឬមើលទូរទស្សន៍ ជាជាងការអានសៀវភៅ។ និន្នាការមិនចូលចិត្តអានសៀវភៅនៅកម្ពុជានេះ បាននិងកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍនៃប្រទេសជាតិផងដែរ។ គ្មានការរីកចម្រើននៃផ្នត់គំនិតនៅក្នុងប្រទេសមួយ ដែលប្រជាជនមិនចូលចិត្តអានសៀវភៅ ដើម្បីក្រេបយកចំណេះដឹងមកអភិវឌ្ឍខ្លួនបន្ថែមនោះឡើយ។ ហើយប្រសិនបើពលរដ្ឋនៃប្រទេសមួយ គ្មានការរីកចម្រើនខាងធនធានបញ្ញាទេ តើប្រទេសនោះអាចរីកចម្រើនជឿនលឿនទៅមុខបានយ៉ាងដូចម្តេច?

គេត្រូវទទួលស្គាល់ថា ការអានគឺជាកត្តាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។ ម្ល៉ោះហើយ ការអានគួរតែត្រូវបានលើកទឹកចិត្តនៅក្នុងសង្គមកម្ពុជា ដែលមានការអភិវឌ្ឍយឺតយ៉ាវ។ យ៉ាងណាមិញ វានៅមិនទាន់យឺតពេលនៅឡើយទេក្នុងការបង្កើតវប្បធម៌អានសៀវភៅនៅកម្ពុជា ប៉ុន្តែដើម្បីសម្រេចការងារនេះបាន គឺត្រូវការការចូលរួមពីគ្រប់ៗគ្នា។ ការវិនិយោគលើការអានសៀវភៅ ជាការជួយយុវជនឱ្យឆ្ពោះទៅកាន់អនាគតមួយដ៏ល្អ និងក្លាយជាធនធានដ៏ឆ្នើមក្នុងសង្គម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ បានមានប្រសាសន៍ថា ការវិនិយោគលើការអានសៀវភៅ មិនត្រឹមតែជួយអភិវឌ្ឍគំនិតដល់យុវជននោះទេ តែវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ដែលសង្គមជាតិមួយត្រូវការយ៉ាងពិតប្រាកដ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» លោក ជា តុងហ៊ួរ បានថ្លែងថា៖ «ដើម្បីឱ្យយុវជនគាត់ងាកមកចាប់កាន់អានសៀវភៅ យើងផ្តោតសំខាន់លើ៣ចំណុច។ ទី១ ទាក់ទងនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯង អ៊ីចឹងនៅពេលគាត់អានសៀវភៅ នៅសាលាគាត់ចូលរៀនគាត់ត្រូវមានបណ្ណាល័យនៅសាលា អ៊ីចឹងនៅសាលាត្រូវមានសៀវភៅដើម្បីអាន អ៊ីចឹងសៀវភៅដែលអានច្រើនគឺពីអ្នកនិពន្ធ។ អ្នកនិពន្ធខ្លះប្រើពេលពេញមួយជីវិតរបស់គាត់ ទើបអាចនិពន្ធបានសៀវភៅមួយក្បាលហ្នឹង»។

លោក ជា តុងហ៊ួរ បានបន្តទៀតថា សៀវភៅដែលអ្នកនិពន្ធម្នាក់បានសរសេរឡើង គឺតែងតែបង្កប់នូវជំនាញ វិជ្ជាជីវៈ និងបំនិនជីវិតរបស់អ្នកនិពន្ធ។ ដូច្នេះ យុវជនត្រូវតែវិនិយោគ (ទិញសៀវភៅ) ដើម្បីយកមកអភិវឌ្ឍចំណេះដឹងរបស់ខ្លួន។

លោក ជា តុងហ៊ួរ បានបន្ថែមថា៖ «ទី២ មូលហេតុដែលគាត់ត្រូវតែចូលរួមការវិនិយោគលើការអានសៀវភៅ ដោយទិញសៀវភៅយកមកអាន ដើម្បីឱ្យគាត់រស់នៅក្នុងសង្គម គាត់អាចចិញ្ចឹមខ្លួនឯងរស់ មានន័យថា គាត់អាចមានសមត្ថភាពនៅក្នុងការដែលគាត់អាចធ្វើអ្វីមួយបានដោយខ្លួនឯង ដើម្បីឱ្យគាត់ទទួលបានចំណេះដឹងច្រើន ប្រាក់ចំណូល និងបទពិសោធរបស់គាត់ទៀត គាត់អាចធ្វើកិច្ចការងារដោយខ្លួនឯង»។

សហគ្រិនវ័យក្មេងរូបនេះ បានបញ្ជាក់បន្ថែមថា ការវិនិយោគលើការអានសៀវភៅ អាចធ្វើឱ្យយុវជនអភិវឌ្ឍនូវសីលធម៌ និងវិជ្ជាជីវៈក្នុងការរស់នៅ។ នៅពេលដែលយុវជនអានសៀវភៅបានច្រើន ការរស់នៅ និងការនិយាយស្តីរបស់យុវជននោះ កាន់តែមានភាពរីកចម្រើន និងយល់ដឹងពីការរស់នៅក្នុងសង្គមបានកាន់តែច្រើន។

ដើម្បីជំរុញការអាននៅកម្ពុជា ដំបូងបង្អស់ គឺយើងត្រូវរួមគ្នាបង្កើតទម្លាប់អានសៀវភៅឡើងវិញ។ កុំឱ្យតែមានចិត្តរួញរា ការបង្កើតទម្លាប់អានសៀវភៅឱ្យសម្រេចបាន គឺគ្មានអ្វីពិបាកនោះទេ។ ជាជាងចំណាយប្រាក់នាំកូនតូចទៅមណ្ឌលកម្សាន្តកុមារ ឪពុកម្តាយគួរតែនាំកូនៗទៅបណ្ណាគារដើម្បីទិញសៀវភៅ ឬទៅបណ្ណាល័យ។ សកម្មភាពអស់ទាំងនេះ នឹងផ្តល់ឱកាសឱ្យកូនតូចៗបានកម្សាន្តរីករាយជាមួយនឹងសៀវភៅប្លែកៗ ដែលនឹងផ្តល់ចំណេះដឹងឥតព្រំដែនដល់កុមារ ហើយជាពិសេស វាជួយបណ្តុះឱ្យពួកគេមានទម្លាប់អានសៀវភៅតាំងពីតូចតែម្តង។

ជាមួយគ្នានេះដែរ អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅទាំងឡាយ គួរតែសម្រិតសម្រាំងគុណភាពស្នាដៃរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងរចនាបទ អត្ថន័យ និងអត្ថរស។ នៅក្នុងសង្គមមួយដែលពលរដ្ឋមិនសូវចូលចិត្តអានសៀវភៅ ការនិពន្ធសៀវភៅដែលមានកម្រាស់ក្រាស់ពេក និងសាំញ៉ាំពេក គឺពិបាកធ្វើឱ្យអ្នកអានចាប់ចិត្តណាស់។ ម្ល៉ោះហើយ អ្នកនិពន្ធមួយចំនួន ប្រហែលជាត្រូវកែសម្រួលការសរសេររបស់ខ្លួនឡើងវិញ ប្រសិនបើមានបំណងចង់រួមចំណែកជំរុញការអាននៅកម្ពុជាមែននោះ។

សរុបសេចក្តីមកវិញ វានៅមិនទាន់យឺតពេលនៅឡើយទេ ក្នុងការបង្កើតវប្បធម៌អានសៀវភៅនៅកម្ពុជា។ ប៉ុន្តែដើម្បីសម្រេចការងារនេះទៅបាន គឺត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ៗគ្នា ទាំងអ្នកអាន ទាំងអ្នកដែលចង់អានតែមិនទាន់ចូលចិត្តអាន និងទាំងអ្នកនិពន្ធផ្ទាល់។ ជាថ្មីម្តងទៀត ដើម្បីជំរុញការអានសៀវភៅនៅកម្ពុជា គឺគ្មានអ្វីពិបាកនោះទេ កុំឱ្យតែយើងមានចិត្តរួញរាទៅបានហើយ៕

 

Daily Program

Livesteam thumbnail