ការវាយប្រហារលើអ៊ីរ៉ង់ ៖ កំហុសគួរឲ្យកង្វល់ក្នុងការកំណត់គោលដៅរបស់កងទ័ព អាម៉េរិក
នៅខណៈដែលភាពតានតឹងបានចាប់ផ្តើមឡើងវិញរវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ ការអង្កេតមួយនៃសារព័ត៌មាន ស៊ីអេនៗ (CNN) បង្ហាញនូវកំហុសលើការកំណត់គោលដៅការវាយប្រហាររបស់អាម៉េរិក នៅអំឡុងពេលចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន ស៊ីអេនៗ មេបញ្ជាការជាន់ខ្ពស់របស់អាម៉េរិកបានអនុម័តការវាយប្រហារលើអ៊ីរ៉ង់ ទោះបីជាមានការព្រមានពីផ្ទៃក្នុងថា ព័ត៌មានចារកម្មខ្លះមិនទាន់ប្រើបានក៏ដោយ។ ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំងឡាយ ដែលដឹកនាំធ្វើកាលពីថ្ងៃទី២៩ ខែកុម្ភៈ នៅទីក្រុងមីណាដ នៅក្នុងភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានប៉ះពាល់ដល់សាលារៀន ស្ហ៉ាចារ៉េដ តៃយីបា នៅខណៈដែលគោលដៅដែលគេកំណត់គឺជារចនាសម្ព័ន្ធនៅក្បែរនោះរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះគឺជាការបង្ហាញ ដែលប្រហែលអាចកើតមានឡើងទៀត នៅខណៈដែលទីក្រុងវ៉ាស៊ីនតុនបានវាយប្រហារអ៊ីរ៉ង់សាជាថ្មី កាលពីថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីមានការវាយប្រហារប្រឆាំងនឹងនាវាដឹកប្រេងនៅក្នុងចក្រសមុទ្រអ័រមូស។
បន្ទាប់ពីការវាយប្រហារដែលបានធ្វើឲ្យមានមនុស្សស្លាប់កាលពីខែកុម្ភៈ នៅសាលារៀនមួយ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាប់ចំនួនថាមានយ៉ាងហោចណាស់ កុមារ ១៦៨នាក់ និងគ្រូបង្រៀន ១៤នាក់ ត្រូវបានសម្លាប់។ ទីក្រុងវ៉ាស៊ីនតុន ជានិច្ចកាលនៅតែបង្ហាញថា មិនបានដាក់គោលដៅលើជនស៊ីវិល ហើយមានការស៊ើបអង្កេតខាងយោធាមួយត្រូវបានបើកធ្វើឡើងនៅថ្ងៃបន្ទាប់ពីការវាយប្រហារ។
យោងតាមការស៊ើបអង្កេតរបស់សារព័ត៌មាន ស៊ីអេនៗ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ករណីនេះមិនមែនបណ្តាលមកពីការខ្វះព័ត៌មានទាំងស្រុងឡើយ។ ការព្រមានមានហើយ ប៉ុន្តែការព្រមានទាំងនេះត្រូវបានពង្វៀងចេញ។ ប្រភពមួយចំនួន បានលើកឡើងអំពីសេចក្តីសម្រេចចិត្តមួយ ដែលបានធ្វើឡើងដោយការព្រួយបារម្ភ និងភាពបន្ទាន់ នៅដើមសង្គ្រាម ពេលដែលអ្នកទទួលខុសត្រូវយោធាព្យាយាមផ្តល់គោលដៅវាយប្រហារឲ្យបានរហ័ស។ នេះជារបៀបរបបរដ្ឋបាលដែលបញ្ជាក់ថា ការប្រញាប់ប្រញាល់ខ្លាំងត្រូវបានទទួលថាមាន។
ក្នុងករណីទីក្រុងមីណាប បញ្ហានេះកើតឡើងពីការវិវត្តន៍នៃទីតាំងជាក់ស្តែង ដែលគេមិនបានយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ។ រូបភាពផ្កាយរណបឆ្នាំ២០១៣ បង្ហាញថា សាលារៀន និងរចនាសម្ព័ន្ធនៃកងឆ្មាំបដិវត្តន៍ បានចងក្រងជាផ្នែកមួយនៃក្រុមទីតាំងជាមួយគ្នា។ ប៉ុន្តែរូបភាពឆ្នាំ២០១៦ បានបង្ហាញរួចហើយថា មានរបងមួយបំបែកសាលារៀនចេញពីផ្នែកផ្សេងទៀតនៃតំបន់រួម ដោយមានច្រកចូលផ្តាច់មុខ។ នៅខែធ្នូ ឆ្នាំ២០២៥ រូបភាពផ្សេងទៀតបានបង្ហាញថា មានមនុស្សជាច្រើនសិបនាក់នៅក្នុងទីធ្លាសាលា។ ដូច្នេះព័ត៌មានថ្មីមិនត្រឹមតែមានស្រាប់ទេ ប៉ុន្តែអាចមើលឃើញច្បាស់ផងដែរ។
ការដើរទៅមុខនៃពេលវេលាអនុញ្ញាតឲ្យយល់អំពីរបៀបដែលហានិភ័យបានកើនឡើង។ យោងតាមសារព័ត៌មានស៊ីអេនៗ បានឲ្យដឹងថា បន្ទាប់ពីសេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំ ក្នុងការចាប់ផ្តើមប្រតិបត្តិការយោធា ទាហាន និងអ្នកវិភាគនានា បានព្យាយាមធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីតំបន់គោលដៅរាប់ពាន់កន្លែង។ គោលដៅដែលត្រូវបានចាត់ទុកថា ជាអាទិភាព ត្រូវបានបញ្ជាក់ជាលើកដំបូង មាន គោលដៅយោធាចល័ត មីស៊ីល យន្តហោះ និងរចនាសម្ព័ន្ធដែលត្រូវបានចាត់ទុកថាអាចផ្តល់គ្រោះថ្នាក់បំផុតសម្រាប់កងទ័ពអាមេរិក។ ទីតាំងយោធាអចល័តត្រូវបានចាត់ថ្នាក់នៅកម្រិតទាបក្នុងលំដាប់បន្ទាប់ ព្រោះវាមិនចល័ត ដូចជាទីតាំងនៅទីក្រុងមីណាប ស្ថិតនៅក្នុងក្រុមប្រភេទនេះ។ វាមិនចល័តពិតមែន ប៉ុន្តែទិន្នន័យរបស់វាវិញបានប្រែប្រួលក្នុងសភាពជាក់ស្តែងហើយ។