ការបញ្ចូលគតិបណ្ឌិតអាស៊ី មហា​បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម

ក្នុងនាមជា ព្រះសហគមន៍កាតូលិកនៅក្នុងទ្វីបអាស៊ីដែលកំពុងទន្ទឹងរង់ចាំ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម ដ៏អស្ចារ្យ​នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ យើងត្រូវបានអញ្ជើញឲ្យ រិះគិតពិចារណា មិនត្រឹមតែលើជំនឿរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើទឹកដីដែលជំនឿនោះត្រូវបានដាំដុះទៀតផង។

លោកអភិបាល បូជាចារ្យ បព្វជិត-ជិតា ឧបដ្ឋាក និង អ្នក​ដឹកនាំគ្រហស្ថ ជាងមួយពាន់នាក់នឹងមកជួបជុំគ្នា ដោយរួបរួមគ្នាតាមរយៈសំណួរដ៏ស៊ីជម្រៅមួយ៖ ក្នុងនាមជា កាតូលិកនៅអាស៊ី តើយើងអាចរស់នៅក្នុងអត្តសញ្ញាណរបស់យើងដោយរបៀបណា ដើម្បី​​អាចឆ្លើយតបយ៉ាងសមរម្យទៅនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងប្រពៃណីចម្រុះនៃទ្វីបរបស់យើង?

ចម្លើយមិនមែនស្ថិតនៅក្នុងការទទួលយកយុទ្ធសាស្ត្រខាងក្រៅនោះទេ ប៉ុន្តែគឺស្ថិតនៅលើ​កិច្ច​សន្ទនាដ៏ស៊ីជម្រៅ​របស់​ព្រះសហគមន៍កាតូលិកអាស៊ីខ្លួនឯង។

អាស៊ី៖ អំណោយទាននៃភាព​សម្បូរបែប

អាស៊ីគឺជាលំនៅដ្ឋាននៃប្រពៃណីខាងវិញ្ញាណដ៏អស្ចារ្យរបស់ពិភពលោក ដូចជា ពុទ្ធសាសនា ហិណ្ឌូសាសនា អ៊ីស្លាមសាសនា និងជំនឿជនជាតិដើមភាគតិចរាប់មិនអស់។ សម្រាប់គំនិតលោកខាងលិច ភាពចម្រុះដ៏ស៊ីជម្រៅនេះ អាចលេចឡើងជាឧបសគ្គ ជាទេសភាពដែលបែកបាក់ ដែលទាមទារការប្រឈមមុខ ឬការផ្លាស់ប្រែជំនឿ។ សម្រាប់ពួកយើង ដែលជា​សហគមន៍កាតូលិកនៃទ្វីបអាស៊ី បណ្តុំនៃវប្បធម៌ និងសាសនានេះ គឺជា អំណោយទាន ជាបឋម​និង​សំខាន់​បំផុតមួយ។

ការពិតនេះទាមទារបេសកកម្មជាក់លាក់មួយ៖ គឺបេសកកម្មដែលទទួលស្គាល់វត្តមាននៃឧបការគុណរបស់​ព្រះជាម្ចាស់​ និង សេចក្ដីពិត​របស់ព្រះជាម្ចាស់ ដែលបានដុះដាលរួចហើយនៅក្នុងវប្បធម៌របស់យើង។ ការធ្វើជាគ្រីស្តបរិស័ទនៅអាស៊ី មានន័យថាការរស់នៅដោយ​មាន​ទំនាក់ទំនង​គ្នាឥតដាច់​។ វាមានន័យថា ការធ្វើសក្ខីភាព​អំពី​​ព្រះគ្រីស្ត មិនមែនតាមរយៈភាពត្រួតត្រាទេ ប៉ុន្តែតាមរយៈវត្តមានស្ងាត់ស្ងៀម ប្រកបដោយក្តីមេត្តា និងបែប​មនុស្សជាតិដែលចែករំលែកគ្នា។

យើងមិនត្រូវបានអញ្ជើញឲ្យរុះរើ រចនាសម្ព័ន្ធវប្បធម៌ ដែលគាំទ្រអ្នកជិតខាងរបស់យើងនោះទេ ប៉ុន្តែត្រូវបង្ហាញ​ធម៌មេត្តានៃការសង្គ្រោះ​​របស់​ព្រះ​គ្រីស្តជា​មួយពួកគេ​ នៅក្នុងបរិបទវប្បធម៌​​ដ៏ជ្រាលជ្រៅបំផុត សម្រាប់ សន្តិភាព ភាពសុខដុមរមនា និង សហគមន៍។

វិថីនៃទេវវិទ្យា៖ ការសន្ទនាជីវិត

មូលដ្ឋានគ្រឹះសម្រាប់ អត្តសញ្ញាណនៃការសន្ទនានេះ មានឫសគល់នៅក្នុងបេះដូងរបស់ព្រះគម្ពីរដំណឹងល្អ គឺ​អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស​របស់​ព្រះយេស៊ូ​។ ព្រះជាម្ចាស់បានជ្រើសរើសមិនប្រឈមមុខនឹងពិភពលោកពីចម្ងាយទេ ប៉ុន្តែចូលរួមយ៉ាងពេញលេញនៅក្នុងការពិតរបស់មនុស្ស។

វិធីដ៏មានប្រសិទ្ធភាពបំផុតដែល​ព្រះសហគមន៍កាតូលិកនៅអាស៊ីធ្វើ​ គឺជារឿយៗ ធ្វើ​កិច្ច​​សន្ទនាជីវិត ដែលជា​ទីបន្ទាល់ស្ងៀមស្ងាត់​របស់​គ្រីស្តបរិស័ទ​​ ដែលរស់នៅក្នុង​តម្លៃ​របស់ពួកគេដោយស្មោះត្រង់ក្នុងជីវិតប្រចាំថ្ងៃ រួមជាមួយអ្នកដែលមានជំនឿផ្សេងទៀត។ ការសន្ទនានេះ មិនមែនជជែកវែកញែកខាងទេវវិទ្យាទេ វាគឺជាវត្តមានទៅវិញទៅមកនៅក្នុងទីផ្សារ នៅក្នុងសង្កាត់ និងក្នុងការចែករំលែកសេចក្តីរីករាយ និងទុក្ខវេទនានៃជីវិត។

រឿងនេះត្រូវបានសម្រេចនៅក្នុងជីវិត​ប្រចាំថ្ងៃ៖

  • សកម្មភាពសង្គមរួមគ្នា៖ ការធ្វើការងារជាមួយគ្នា ជាមួយអ្នកជិតខាងដែលកាន់ពុទ្ធសាសនា ឥស្លាមសាសនា​ ឬហិណ្ឌូសាសនា ដើម្បីការពារបរិស្ថានក្នុងស្រុក ឬផ្តល់ជំនួយបន្ទាប់ពីទឹកជំនន់។ ខណៈពេល​ចែករំលែក​កិច្ច​ការនេះ សេចក្តីស្រឡាញ់ឥតលក្ខខណ្ឌ​របស់ព្រះគ្រីស្តបានលេចចេញតាមរយៈទង្វើ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។
  • មិត្តភាពអន្តរសាសនា៖ មិត្តភាពដ៏ជ្រាលជ្រៅ និងគោរពគ្នាទៅវិញទៅមកដែលត្រូវបានបង្កើតឡើងរវាងគ្រួសារកាតូលិក និងគ្រួសារនៃសាសនាដទៃ ដោយអបអរសាទរពិធីបុណ្យរបស់គ្នាទៅវិញទៅមក និងកាន់ទុក្ខចំពោះការបាត់បង់របស់គ្នាទៅវិញទៅមក។ ទំនាក់ទំនងទាំងនេះបញ្ជាក់ពី ទីកន្លែងដ៏សក្ការៈនៃការគោរពគ្នាទៅវិញទៅមក ដែលភាពខុសគ្នាត្រូវបានផ្តល់កិត្តិយស ហើយមនុស្សជាតិរួមត្រូវបានគេស្រឡាញ់។
  • វត្តមានប្រសើរជាងការផ្សព្វផ្សាយជំនឿ៖ ទង្វើដ៏សាមញ្ញនៃការរស់នៅក្នុងជីវិតដែលមើលឃើញថាមាន ការអធិស្ឋានប្រកបដោយ​ក្រមសីលធម៌ និងសប្បុរសធម៌ ក្លាយជាសក្ខីភាព​ដ៏គួរឱ្យជឿជាក់បំផុត។ នេះគឺជាជំនឿដែលស្វែងរក ភាពសុខដុមរមនា មិនមែនការដណ្តើមយកនោះទេ។

គតិបណ្ឌិតអាស៊ី៖ ផ្លូវឆ្ពោះទៅកាន់ដំណឹងល្អ

បេតិកភណ្ឌវប្បធម៌នៃទ្វីបអាស៊ីផ្តល់ជូននូវក្របខ័ណ្ឌសីលធម៌ និង ក្របខ័ណ្ឌសហគមន៍ដ៏ស៊ីជម្រៅ ដែលដើរតួជាផ្លូវធម្មជាតិឆ្ពោះទៅរក តម្លៃរបស់​ដំណឹងល្អ។ ដើម្បីក្លាយជាជនជា និងកាតូលិកតិអាស៊ី​ពិតប្រាកដ យើងត្រូវតែរៀនសូត្រពីប្រពៃណីទាំងនេះ៖

  • Pakikipagkapwa របស់ហ្វីលីពីន៖ គំនិតនេះសង្កត់ធ្ងន់លើ “អត្តសញ្ញាណរួម” ឬ “ការឃើញខ្លួនឯងនៅក្នុងអ្នកដទៃ”។ វាគឺជា​កាតព្វកិច្ចសីលធម៌ ក្នុងការប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាជាមនុស្សជាតិ​រួម។ ការបង្ហាញពី សាមគ្គីភាព​ដ៏ស្រស់ស្អាតនេះ ឆ្លុះបញ្ចាំងពី​ការអញ្ជើញគ្រីស្តបរិស័ទ ឲ្យមានសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះអ្នកជិតខាងរបស់ខ្លួន និងការមើល​ឃើញវត្តមាន​របស់ព្រះជាម្ចាស់​នៅក្នុងមនុស្សទាំងអស់។
  • Gotong Royong របស់ឥណ្ឌូនេស៊ី៖ តំណាងឲ្យ​កិច្ចសហប្រតិបត្តិការទៅវិញទៅមក និង ការចែករំលែកបន្ទុកសហគមន៍។ Gotong Royong គឺជា គោលការណ៍ស្នូល​នៃជីវិតសហគមន៍។ ស្មារតីនៃសកម្មភាពរួមនេះផ្តល់នូវគំរូដ៏មានឥទ្ធិពល​សម្រាប់បង្រៀនសង្គមរបស់ព្រះសហគមន៍កាតូលិក ដែលជារូបកាយរបស់ព្រះគ្រីស្ត ឱ្យ​ចូលរួមយ៉ាងសកម្ម កសាងផលប្រយោជន៍រួម ជាមួយសហគមន៍កាន់តែទូលំទូលាយ។
  • Wa របស់ជប៉ុន៖ មានន័យថា ភាពសុខដុមរមនា និង ឯកភាពសន្តិភាព។ Wa ណែនាំអន្តរកម្មសង្គម ដើម្បីធានាភាពរលូន និងជៀសវាងការប្រឈមមុខដាក់គ្នា។ ចំពោះព្រះសហគមន៍កាតូលិក រឿងនេះជំរុញឲ្យយើងដោះស្រាយភាពខុសគ្នា ទោះបីជាខាងទ្រឹស្តី នយោបាយ ឬសង្គមក៏ដោយ ដោយផ្តោតលើ​ ការគោរព ស្វែងរក ការយល់ដឹង និង ការផ្សះផ្សា។
  • Satyagraha របស់ឥណ្ឌា៖ ទោះបីជាត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយ មហាត្មៈ គន្ធី ក៏ដោយ Satyagraha ដែលមានន័យថា “កម្លាំងនៃ​សេចក្តីពិត” ឬ “ការតស៊ូអហិង្សា” ដែលមានឫសគល់នៅក្នុងទីបន្ទាល់សីលធម៌ គឺជា​ប្រព័ន្ធសីលធម៌​ដែលឆ្លើយតបនឹង​ការយល់ដឹងរបស់គ្រីស្តបរិស័ទ អំពី យុត្តិធម៌ សន្តិភាព និង ការយកឈ្នះអំពើអាក្រក់ដោយអំពើល្អ។

តាមរយៈការទទួលយកគុណធម៌វប្បធម៌ទាំងនេះ យើងបង្ហាញដល់​សកលលោកនូវ​​សាររបស់​ព្រះ​គ្រីស្ត។ យើងបង្ហាញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ត្រូវបានត្បាញចូលទៅក្នុងរចនាសម្ព័ន្ធនៃជីវិតអាស៊ីរួចទៅហើយ ដោយរង់ចាំការយល់​ព្រម​ នោះ​នឹងលេចចេញជារូបរាង។

ការអញ្ជើញឲ្យដើររួមគ្នាដោយក្តីសង្ឃឹម

​បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ​ នៅទីក្រុង​ប៉េណាំង គឺជាការអញ្ជើញឲ្យបង្កើន ការប្តេជ្ញាចិត្ត ឲ្យកាន់តែមុតមាំ។ វាអំពាវនាវឲ្យយើងបញ្ជាក់ថា ក្នុងនាមជា​ព្រះសហគមន៍កាតូលិកទ្វីបតែមួយ អនាគតរបស់យើងត្រូវបានចែករំលែកជាមួយអ្នកជិតខាងរបស់យើងគ្រប់​ជំនឿទាំងអស់។

ឧបសគ្គដែលយើងប្រឈមមុខ ដូចជា ភាពក្រីក្រ អស្ថិរភាពនយោបាយ វិបត្តិបរិស្ថាន និង ការប្រកាន់​ខាងសាសនា មិនអាចដោះស្រាយបានដោយឯកតោ​នោះទេ។ វាទាមទារឲ្យយើង “ដើររួមគ្នាដោយក្តីសង្ឃឹម” ឆ្លងកាត់រាល់ខ្សែបន្ទាត់បែងចែកខាងសាសនា និងវប្បធម៌ទាំងអស់។

នេះគឺជា វិធីសាស្ត្ររបស់​ព្រះសហគមន៍​អាស៊ី​ គឺព្រះសហគមន៍កាតូលិកដែល​មានភាពរាបទាប ចេះ​យល់ចិត្ត និង មានវត្តមាន។ ព្រះសហគមន៍កាតូលិកដែលផ្តល់ធនធាន និងបេះដូងរបស់ខ្លួនដើម្បី​​បម្រើទ្វីបនេះ។

នៅពេលដែលយើងត្រៀមសម្រាប់ការជួបជុំ សូមឲ្យយើងប្តេជ្ញាចិត្តធ្វើជា បេសកជន​ផ្សព្វផ្សាយសាសនាពិតប្រាកដ ដែលដឹងថា សក្ខីភាព​ដ៏មានឥទ្ធិពលបំផុតដែលយើងអាចផ្តល់ គឺ វត្តមានប្រកប​ដោយក្តីមេត្តាឥតលក្ខខណ្ឌ ដែលឆ្លុះបញ្ចាំងពី​សេចក្ដីស្រឡាញ់ឥតព្រំដែនរបស់ព្រះជាម្ចាស់​សម្រាប់មនុស្សទាំងអស់។

នៅក្នុងបណ្តុំបែបផែន​ចម្រុះនៃទ្វីបអាស៊ី ជំនឿរបស់​ព្រះសហគមន៍​កាតូលិក នឹងរះឡើងយ៉ាងភ្លឺស្វាងបំផុត នៅពេលដែលវាត្រូវបានរក្សាទុកនៅក្នុងភាពសុខដុមរមនាជាមួយនឹងភាពស្រស់ស្អាតចម្រុះគ្នា​ដែលនៅជុំវិញវា៕