ការធ្វើដំណើរផ្សងព្រេងដោយម៉ូតូផលិតនៅកម្ពុជា ត្រៀមបង្ហាញពីសក្តានុពលជាតិលើឆាកអន្តរជាតិ

កម្ពុជាបានបើកដំណើរការជាប្រវត្តិសាស្ត្រនូវការធ្វើដំណើរផ្សងព្រេងដោយទោចក្រយានយន្ត ដើម្បីបញ្ជូនសារដ៏មានឥទ្ធិពលទៅកាន់ពិភពលោក អំពីសុវត្ថិភាពជាតិ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងបច្ចេកវិទ្យាយានយន្តដែលកំពុងលេចធ្លោរបស់ខ្លួន។ ជនជាតិខ្មែរម្នាក់នឹងបើកបរម៉ូតូដែលដំឡើងក្នុងស្រុក លើចម្ងាយផ្លូវជាង ៣០.០០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ជាង ១៤ ប្រទេស ចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ពិធីបើកដំណើរការជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា មុនពេលការធ្វើដំណើរឆ្ពោះទៅកាន់គោលដៅ៖ ពិព័រណ៍ Esposizione Internazionale delle Due Ruote (EICMA) ដែលជាពិព័រណ៍ទោចក្រយានយន្តឈានមុខគេលំដាប់ពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រដ៏សំខាន់ពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group)។ លោកបានសង្កត់ធ្ងន់ថា ការចូលរួមក្នុងពិព័រណ៍ EICMA 2026 មិនត្រឹមតែជាការណែនាំយានយន្តដែលដំឡើងនៅកម្ពុជាទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ហាញពីជំហររបស់ប្រទេសជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ចម្បង ក្រោមពាក្យស្លោក «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។

លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា៖ «ការធ្វើដំណើរផ្សងព្រេងចម្ងាយ ៣០.០០០ គីឡូម៉ែត្រនេះ គឺលើសពីការធ្វើដំណើរផ្សងព្រេងធម្មតាទៅទៀត។ វាគឺជាបេសកកម្មជាតិមួយ ដែលនាំយកសារដ៏សំខាន់នៃសន្តិភាព សន្តិសុខ និងទ្រព្យសម្បត្តិទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបង្ហាញពីសមត្ថភាព ភាពក្លាហាន និងស្មារតី "ខ្មែរអាចធ្វើបាន" ដោយបញ្ជ្រាបមោទនភាពជាតិរបស់យើង ជាមួយបច្ចេកវិទ្យាទំនើបនៅលើឆាកអន្តរជាតិ»។

ក្នុងនាមជាទូតសុឆន្ទៈ លោក វ៉ាន់ ហាកូលីន (Van Hakolin) នឹងជួយផ្សព្វផ្សាយអំពីវប្បធម៌ដ៏សម្បូរបែប ភាពទន់ភ្លន់រាក់ទាក់ដ៏ល្បីល្បាញរបស់កម្ពុជា និងឋានៈជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីសមត្ថភាពផ្នែកផលិតកម្មឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសផងដែរ។

 

Daily Program

Livesteam thumbnail