ការចាប់ផ្តើមកិច្ចចរចា​អំពីការចូលជាសមាជិកសហគមន៍អឺរ៉ុបរបស់អ៊ុយក្រែន និង ម៉ូលដាវី

សហគមន៍អឺរ៉ុបបើកជាផ្លូវការកាលពីថ្ងៃអង្គារនូវការពិភាក្សាអំពីការចូលជាសមជិករបស់អ៊ុយក្រែន និងម៉ូលដាវី ទៅក្នុងប្លុកសហគមន៍អឺរ៉ុប។ នេះគឺជាដំណើរការដែលគេប្រកាសថា វាត្រូវ​ចំណាយពេលយូរ និងផុយស្រួយ។

សហគមន៍អឺរ៉ុប អ៊ុយក្រែន និងម៉ូលដាវី នៅទីក្រុងលុចហ្សំបួ កាលពីថ្ងៃទី២៥ ខែមិថុនា បាន​ដាក់​ចេញជាផ្លូវការនូវកិច្ចចរចា​ដែលត្រូវពិនិត្យមើល ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរ​អាច​ក្លាយ​ជាសមាជិកសហគមន៍អឺរ៉ុប​ពេញលេញនៅថ្ងៃណាមួយ។

ប្រទេសរុស្ស៊ី បានព្យាយាមគ្រប់មធ្យោបាយ​ដើម្បីរារាំង​ដំណើរការនេះ ដែលនឹងត្រូវ​បាន​គេ​ប្រកាស​ថា វាត្រូវការពេលយូរ និងលំបាក មុននឹងនាំយកអតីតសាធារណ​រដ្ឋសូវៀតពីរ​នេះ​ចូល​មកក្នុងអឺរ៉ុប។

កាលពីសប្តាហ៍មុន ប្រធានាធិបតី​អ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ “យើង​រង់ចាំដោយការអត់ធ្មត់ នៅខណៈដែល​អ៊ុយក្រែន និងសហគមន៍អឺរ៉ុប ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​​អន្តររដ្ឋាភិបាលលើកទី១។ នេះនឹងជាការកត់សម្គាល់​ការចាប់ផ្តើម​ដ៏មាន​ប្រសិទ្ធិភាព​​នូវដំណើរការចរចា។ លោកហ្សេឡេនស្គី ក៏បានអបអរសាទរនូវ​ការធ្វើឲ្យ​សម្រេច​បាននូវ​ក្តី​ស្រមៃក្នុងការចូលជាសមាជិកហគមន៍អឺរ៉ុប។

យោងតាមប្រភពការទូតមួយ បានឲ្យដឹងថា ការចរចាក្នុងការចូលជាសមាជិកសហគមន៍អឺរ៉ុប និង​ប្រទេសទី៣ ធ្វើឡើងនៅក្នុងក្របខណ្ឌ​នៃសន្និសីទអន្តររដ្ឋាភិបាល (CIG) ។ ជាបឋម​ ប្រទេសចំនួន ២៧ នឹងបើកជាផ្លូវការនូវកិច្ចពិភាក្សាជាមួយអ៊ុយក្រែន បន្ទាប់មកជាមួយ​ម៉ូលដាវី។

ការបើកនូវកិច្ចពិភាក្សាទាំងនេះ គឺជាលទ្ធផល​នៃកិច្ចព្រមព្រៀង​ដែល​ទទួល​បាន​ពី​ការ​តស៊ូ​ដ៏​ខ្លាំង​​រវាងប្រទេស ២៦ នៅក្នុងសហគមន៍អឺរ៉ុប ដើម្បីប្រជែងក្នុងការបញ្ចុះបញ្ចូល ប្រទេស​ទី​២៧ គឺប្រទេសហុងគ្រី ដែលមានលោកវីកទ័រ អ័របាន គឺជានាយករដ្ឋមន្រ្តី និងជាមិត្ត​របស់​លោក​វ្លាឌីមៀ ពូទីន កុំឲ្យរាំងស្ទះដំណើរកិច្ចពិភាក្សានេះ។

នាយករដ្ឋមន្រ្តីហុងគ្រី បានជំទាស់យ៉ាងខ្លាំងក្លា​ទៅនឹងរាល់កិច្ចពិភាក្សាក្នុង​ការបញ្ចូលជា​សមាជិក​អ៊ុយក្រែន និងអះអាងថា ប្រទេសហុងគ្រី​មិនបានត្រៀមខ្លួនទេ។ ជារដ្ឋសមាជិក​នៃ​សហគមន៍​អឺរ៉ុប ដែលស្និទ្ធបំផុត​នឹងប្រទេសរុស្ស៊ីរបស់លោកវ្លាឌីមៀ ពូទីន ប្រទេសហុងគ្រី បានរាំងខ្ទប់ រាល់ជំនួយយោធា​របស់អឺរ៉ុប​ទៅឲ្យទី​ក្រុងគៀវ។ លោកវីកទ័រ អ័របាន ចុងក្រោយ ក៏បានយល់ព្រមចាកចេញពីតុនៃកិច្ចប្រជុំកំពូល​នៃមេដឹកនាំចំនួន ២៧ប្រទេស កាលពីខែធ្នូ។ នេះជាពេលដែលមេដឹកនាំ ២៦ប្រទេស​ផ្សេងទៀត​នៃសហគមន៍អឺរ៉ុប​សម្រេចចិត្ត​បើកកិច្ច​ចរចា​ក្នុងការបញ្ចូល ទីក្រុង គៀវ និងទីក្រុង ជីស៊ីណូ ជាសមាជិក។

តាមប្រភពការទូត បានពន្យល់ថា នៅខណៈ​ដែលសន្និសីទអន្តររដ្ឋាភិបាល​ត្រូវបាន​បើក​ជា​ផ្លូវ​ការ អ្នកចរចា ដំបូងនឹងឆ្លងកាត់​ការពិនិត្យមើលប្រព័ន្ធច្បាប់​របស់ប្រទេសទាំងពីរ​ដើម្បីផ្ទៀង​ផ្ទាត់​ថា វាត្រូវនឹងប្រព័ន្ធច្បាប់​សហគមន៍អឺរ៉ុបឬអត់។ ដំណាក់កាលនេះ ជាគោលការណ៍​នឹង​មាន​រយៈពេល ពី១ឆ្នាំ ទៅ ២ឆ្នាំ។

ប្រភពអ្នកការទូតអឺរ៉ុប​ដែលបានរៀបរាប់ដោយសុំមិនបញ្ចេញឈ្មោះថា នៅក្នុងករណី​អ៊ុយក្រែន និងម៉ូលដាវី រឿងនេះ​នឹងលឿនជាង ដោយសារ​យើង​មានគំនិតច្បាស់ល្មម​អំពី​ស្ថានភាព។ ទោះបីជាយ៉ាងណា គេក៏ត្រូវចំណាយពេល​ជាច្រើន​សប្តាហ៍ ឬជាច្រើនខែ មុន​នឹង​ជំពូក​ផ្សេងៗ គ្នានៃកិច្ចចរចាត្រូវបានបើកឡើងពិតៗ។ ហើយវាមានអត្រាប្រហែលតិចតួច ដែល​កិច្ចការងារនឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ។ ប្រទេស​ហុងគ្រី មិនមានអារម្មណ៍នឹងទទួល​អ៊ុយក្រែន​ទេ ហើយនឹងឡើងកាន់ជាប្រធាននៃក្រុមប្រឹក្សា​សហគមន៍អឺរ៉ុប រយៈពេល ៦ខែ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ ដែលប្រមូលផ្តុំរដ្ឋមន្រ្តី​នៃប្រទេស​ទាំង ២៧ នៃសហគមន៍អឺរ៉ុប។

 

Daily Program

Livesteam thumbnail