ការខ្វែងគំនិតគ្នាផ្ទៃក្នុងអ៊ីរ៉ង់ ដែលគំរាមកំហែងការចរចាជាមួយសហរដ្ឋអាម៉េរិក

ទស្សនៈវិស័យនៃសន្តិភាពមានចីរភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ហាក់ដូចជាខ្មៅងងឹត។ កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតុន ដំណើរការតាំងពីថ្ងៃអង្គារ ទី៣០ ខែមិថុនា នៅ​ទីក្រុងដូហា នៅប្រទេសកាតា។ ប៉ុន្តែការចរចាទាំងនេះគឺមិនផ្ទាល់ទេ គឺធ្វើជាមួយ​នឹង​អន្តរការី​​នៃ​ប្រទេសកាតា និងប្រទេសប៉ាគីស្ថាន។ លោកស្តេវ វីតកូហ្វ និងលោកចារ៉េត គូស្ន៊ឺ បេសកកជន​ពិសេសនៃប្រធានាធិបតីអាម៉េរិក បានទៅជួបជាមួយនាយករដ្ឋមន្រ្តីកាតា ដើម្បី​​ស្ថាបនាមូល​ដ្ឋាន​នៃការពិភាក្សាខាងបច្ចេកទេស។

លោកអេស្មាអ៊ីល បាហ្គៃ អ្នកនាំពាក្យ នៃក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងប្រាប់ថា ៖ “គ្មាន​ការ​ប្រជុំ​ណាមួយទេ មិនថាកម្រិតណាក៏ដោយ ជាមួយភាគីអាម៉េរិក​ដែលគ្រោង​ធ្វើនៅប៉ុន្មាន​ថ្ងៃ​ខាង​​មុខ”។ យោងតាមអ្នកនាំពាក្យរូប​នេះ គណៈប្រតិភូអ៊ីរ៉ង់ដែលនឹងទៅកាន់ប្រទេសកាតា​នៅ​​សប្តាហ៍នេះ គឺសម្រាប់កិច្ច​សន្ទនា​មិន​ផ្ទាល់​ដែល​និយាយជាសំខាន់អំពីការចូលទៅ​យក​​ទ្រព្យ​សម្បត្តិ​អ៊ីរ៉ង់ដែលត្រូវ​បាន​បង្កក់ រួមមាន ទឹកប្រាក់ ៦ពាន់លានដុល្លារនៅទីក្រុង​ដូហា ក្រោម​ការកាន់កាប់​របស់​​ប្រទេស​កាតា។

សារព័ត៌មាន ឌឹ វ៉លស្ត្រ៊ីត ជួណល់ (WSJ) រាយការណ៍ថា ការចរចានានាថយល្បឿន និង​ផុយ​ស្រួល គឺមួយផ្នែកធំ​ដោយសារការខ្វែងគំនិតគ្នារវាងតួអង្គកាន់អំណាចផ្សេងៗនៅអ៊ីរ៉ង់ និង​​ការ​ប្រយុទ្ធដណ្តើមអំណាច​នៅក្នុងចំណោមពួកគេ។សារព័ត៌មានប្រចាំថ្ងៃរបស់អាម៉េរិក​ ដែល​បាន​​សាកសួរអ្នកទទួលខុសត្រូវស្និទ្ធនឹង​កិច្ចចរចា បានឲ្យដឹងថា ក្រុមនិយម​កណ្តាល​​ប្រាថ្នា​យ៉ាង​​ខ្លាំងឲ្យមានការដោះលែង​ទ្រព្យ​សម្បត្តិ​ចំនួនរាប់ពាន់លាន​ដុល្លារដែល​ត្រូវ​​បានបង្កក់ និង​ត្រូវ​បានកាន់កាប់នៅប្រទេសកាតា នៅ​ខណៈដែលភាគី​​ប្រកាន់តឹងផ្តោតលើ​ប្រធាន​បទ​ដែល​កាន់​​តែមានសារសំខាន់​នៅក្នុង​ភ្នែក​របស់​ពួកគេ គឺការគ្រប់គ្រងច្រក​សមុទ្រ​អ័រមូស។

មេដឹកនាស៊ីវិល ដែលដឹកនាំ​ដោយប្រធានាធិបតីលោកម៉ាសូដ ប៉េហ្ស៉េសស្កៀន ព្យាយាម​រំដោះ​​មូលនិធិបង្កក់ដើម្បីនាំមកនូវ​ការធូរស្រាលខ្លះ​សម្រាប់ប្រជាជនដែលប្រយុទ្ធនឹង​នឹងផល​ប៉ះ​ពាល់សេដ្ឋកិច្ចដោយសារសង្រ្គាម ដូចជាអតិផរណាដែលកើនឡើង​យ៉ាង​​ឆាប់​រហ័ស​ជាដើម។ ប៉ុន្តែនេះមិនមែនជាអាទិភាព​ដែល​មាននៅក្នុងចិត្តទាំងអស់គ្នាទេ។  ក្រុមអង្គភាពកង​ឆ្មាំ​​បដិវត្តន៍អ៊ីរ៉ង់ (CGRI) ប្រាថ្នាជាដាច់ខាតរក្សា​ការគ្រប់គ្រង​ទាំង​ស្រុង​នូវ​ច្រក​សមុទ្រ​អ័រមូស ក្នុង​គំនិតកសាងប្រព័ន្ធ​បង់ថ្លៃផ្លូវដើម្បីរកប្រាក់ចំណេញ។ ឆ្មាំ​បដិវត្តន៍ ដែល​គ្រប់គ្រង​​​កង​កម្លាំង​នាវាល្បាតដែនទឹកអ៊ីរ៉ង់ បានព្រមានអន្តរការីថា ពួក​គេ​នឹងបិទ​ច្រក​សមុទ្រ​អ័រមូស​សាជាថ្មី ប្រសិន​បើនៅក្នុងអំឡុងកិច្ច​សន្ទនានៅទីក្រុងដូហា ពួក​គេ​មិនបាន​ទទួល​ការ​ធានា​ថា អ៊ីរ៉ង់​​នឹង​អាច​គ្រប់គ្រងជាពិសេសនូវច្រកសមុទ្រនោះ។នេះគឺ​ជា​មធ្យោបាយ​​​មួយ​ក្នុង​ការ​រក្សា​អំណាច​លើ​ការចរចា ខណៈពេលដែលការធ្វើដំណើរ​ដោយ​សេរី​ក្នុង​ដែនទឹក​​ទាំង​នេះ គឺ​ជាធាតុ​សំខាន់​នៃកិច្ចព្រមព្រៀងសន្តិភាពដំបូង ដែលបានចុះ​ហត្ថលេខា កាលពីដើមខែ​មិថុនា។

យោងតាមសារព័ត៌មាន ឌឹ វ៉លស្ត្រ៊ីត ជួណល់ដែរ ប្រឈមមុខនឹងភាពមិនចេះអន់របស់​មេដឹក​នាំ​​អ៊ីរ៉ង់​ខ្លះ លោកម៉ាសូដ ប៉េហ្ស៉េសស្កៀន ប្រធានាធិតីអ៊ីរ៉ង់បានប្រញាប់ប្រញាល់ចូលរួម​ទាក់ទាញ​អំណាចនៃមេធំៗខាងសាសនានៅទីក្រុងគូអូម ដែលជាមជ្ឈមណ្ឌលសិក្សា​សាសនា​សំខាន់បំផុតនៃប្រទេស។ លោកបានលើកសរសើរជាពិសេសអំពីអត្ថប្រយោជន៍នៃការ​រំដោះ​ប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅប្រទេសកាតា នៅចំពោះ​មុខ​អាយ៉ាតូឡា ស្ហ៊ូបៃរី ហ្ស៉ង់ចានី ដែលជាអំណាចសាសនា​ថ្នាក់ខ្ពស់បំផុតមួយ​របស់​ប្រទេស។ ប្រធានាធិបតី​អ៊ីរ៉ង់​បានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពទទួលបាន​ការគាំទ្រពី​អគ្គមគ្គុទេស​កំពូលហើយ គឺ​លោកម៉ូតាបា ខាមឺនៃ ហើយបានបន្ថែមថា ពេលនេះ មានក្រុម​មួយ​ចំនួន​នៅក្នុង និង​ក្រៅ​ប្រទេស កំពុងព្យាយាមរំខានដល់ដំណើរការទូតនេះ។

 

Daily Program

Livesteam thumbnail